ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ ២ ​បន្ថែម​ទៀត​គ្រោង​នឹង​បើក​ដំណើរការ​សេវា​ហោះហើរ​ក្នុង​ទីផ្សារ​អាកាសចរណ៍​កម្ពុជា​នៅ​ចុង​ឆ្នាំ​នេះ ខណៈ​​ក្រុមហ៊ុន​ ៤ ​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សុំ​វិញ្ញាបនបត្រ​ហោះហើរ (AOC)​។ នេះ​បើ​តាម​លោក ស៊ិន ចាន់សិរីវុត្ថា អ្នក​នាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​។

លោក​ថ្លែង​ថា​ក្រុមហ៊ុន​អាកាសចរណ៍ MJ airline និង ដំរី​អង្គរ​អ៊ែរឡាញ​ទទួល​បាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​សម្រាប់​ការ​ចូល​នៅ​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​កម្ពុជា បន្ទាប់ពី​បាន​ដាក់​ពាក្យសុំ AOC ដែល​តាម​ការគ្រោងទុក ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ប្រតិបត្តិការ​នៅ​ចុង​ឆ្នាំ​នេះ ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​ ៤ ផ្សេង​ទៀត​កំពុង​ស្ថិត​លើ​ដំណើរការ​សុំ AOC ផង​ដែរ​។

លោក​បន្ត​ថា​ក្រុមហ៊ុន​អាកាសចរណ៍ MJ airline និង ដំរី​អង្គរ​អ៊ែរឡាញ គឺជា​ការវិនិយោគ​រួម​ជាមួយ​វិនិយោគិន​កម្ពុជា និង​ចិន​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នឹង​ពឹង​ផ្អែក​លើ​ទីផ្សារ​ប្រទេស​ចិន​ជា​សំខាន់​។

លោក​ថ្លែង​ថា​៖ «​តាម​ការគ្រោងទុក​ក្រុមហ៊ុន MJ airline នឹង​ប្រតិបត្តិការ​នៅ​ចុង​ឆ្នាំ​នេះ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍ ដំរី​អង្គរ​អ៊ែរឡាញ​នឹង​ប្រតិបត្តិការ​នៅ​ដើម​ឆ្នាំ​ក្រោយ​»​។ លោក​បាន​បន្ត​ថា​៖ «​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​ ២ ​នេះ​នឹង​ទាក់​ទាញ​ការ​មក​ដល់​ភ្ញៀវទេសចរ​ជនជាតិ​ចិន​មក​កម្ពុជា​»​។ លោក​បន្ថែម​ថា ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​ ២ ​គឺជា​ក្រុមហ៊ុន​ហោះហើរ​ទៀងទាត់​។

លោក​បញ្ជាក់​ថា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ចំនួន​ ៧ ​កំពុង​ប្រតិបត្តិការ ។

លោក​បន្ត​ថា​៖ «​តាម​ចំនួន​នៃ​ការ​ចូល​មក​របស់​ក្រុមហ៊ុន​អាកាសចរណ៍ វា​ច្រើន​បន្តិច​ក្នុង​ការ​ដោះស្រាយ​សម្រាប់​ទីផ្សារ​អាកាសចរណ៍ ប៉ុន្តែ​វា​ល្អ​ដែល​យើង​មាន​ការប្រកួត​ប្រជែង​ដ៏ល្អ និង​ផ្ដល់​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​អតិថិជន​»​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កាលពី​ចុង​សប្តាហ៍​មុន​ក៏​បាន​អះអាង​ថា​ក្នុង​រយៈពេល​ ៣ ​ខែ​ខាង​មុខ​ទៀត​នឹង​មាន​ការហោះហើរ​ត្រង់​ពី​ឥណ្ឌូនេស៊ី​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​ទេ​។ ដំណឹង​នៃ​ការហោះហើរ​ត្រង់​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​ត្រូវ​បាន​គេ​លើកឡើង​ជា​ច្រើន​ដង​មក​ហើយ​។

របាយការណ៍​បាន​ពី​មជ្ឈមណ្ឌល​អាកាសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹងថា ខណៈ​វិស័យ​អាកាសចរណ៍​របស់​កម្ពុជា​កំពុង​រីកចម្រើន​យ៉ាង​រហ័ស «​វា​ពិបាក​ក្នុង​ការ​គិត​ពី​ទំហំ​ទីផ្សារ​របស់​ប្រទេស​កម្ពុជា ដែល​គាំទ្រ​ក្រុមហ៊ុន​​អាកាសចរណ៍​ច្រើន​ជាង​ ៥ ​ណាស់ កុំ​ថា​ឡើយ​ទៅ​ដល់​ ១០ ​ក្រុមហ៊ុន​ក្នុង​​រយៈពេល​យូរ​នោះ​»​។

នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៨ មាន​អ្នក​ដំណើរ​ប្រហែល​ ៣ ​លាន​នាក់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រលាន​យន្តហោះ​នៅ​ភ្នំពេញ សៀមរាប និង​ក្រុង​ព្រះសីហនុ កើនឡើង​ ២៥ ​ភាគរយ​នៅ​ត្រីមាស​ទី​ ១ ​កាលពី​ឆ្នាំ​ ២០១៧​។ នេះ​បើ​យោង​តាម​លោក ខែក នរិន្ទដា នាយក​ផ្នែក​គមនាគមន៍ និង​ទំនាក់ទំនង​សាធារណៈ​នៅ​ក្រុមហ៊ុន Cambodia Airports​។

លោក​ថ្លែង​ថា​៖ «​យើង​អាច​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត និង​ចក្ខុវិស័យ​ក្នុង​ការមើល​ទីផ្សារ​កម្រិត​ណា​ដែល​នឹង​អាច​ស្រូប​យក​ក្រុមហ៊ុន​ក្នុង​ស្រុក​ថ្មីៗ​ទាំងអស់​នោះ​»​។

លោក​បាន​បន្ត​ថា​៖ «​និន្នាការ​នេះ​អាច​ធ្លាក់​ចុះ​ឆ្ពោះ​ទៅ​រក​ការច្របាច់​បញ្ចូល​គ្នា​នៅ​ពេល​ណា​មួយ​»៕ LA