ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានលទ្ធភាពតភ្ជាប់ការហោះហើរទៅកាន់ទ្វីបអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការពង្រីកផ្លូវរត់សម្រាប់យន្តហោះខ្នាតធំចុះចត និងត្រៀមហោះឡើងបានបញ្ចប់កាលពីដំណាច់ឆ្នាំ ២០២០ កន្លងមកដែលបើកឱកាសកាន់តែទូលំទូលាយសម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគទៅកាន់ខេត្តតំបន់សមុទ្រនេះ។
លោក ខែក នរិន្ទដា នាយកផ្នែកទូរគមនាគមន៍ និងទំនាក់ទំនងសាធារណៈក្រុមហ៊ុន Cambodia Airports បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃ ២៥ ខែកុម្ភៈថា ការពង្រីកផ្លូវរត់នៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុពីប្រវែង ២ ៥៥០ ម៉ែត្រទៅ ៣ ៣០០ ម៉ែត្រនេះនឹងអនុញ្ញាតឱ្យយន្តហោះខ្នាតធំប្រភេទ Airbus A350 និង Boeing B777 អាចហោះហើរ និងចុះចតបាន។ លោកបន្តថា ការបញ្ចប់ការពង្រីកផ្លូវរត់នេះ គឺស្របគ្នានឹងការកែលម្អកន្លែងទទួលភ្ញៀវ ខណៈការបំពាក់ភ្លើងឱ្យសញ្ញាយន្តហោះក៏ត្រូវបានបំពាក់ផងដែរ។
លោកបានថ្លែងថា៖ «ការធ្វើឱ្យប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះនេះគឺរួចរាល់ហើយ ដែលអនុញ្ញាតឱ្យព្រលានយន្តហោះព្រះសីហនុអាចតភ្ជាប់ទៅកាន់ទិសដៅនានានៃទ្វីបអឺរ៉ុប និងសហភាពអារ៉ាប់។ នេះបង្ហាញអំពីការអភិវឌ្ឍនៃតំបន់ឆ្នេររបស់កម្ពុជាផងដែរ»។
អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានឱ្យដឹងថា ព្រលានយន្ដខេត្តព្រះសីហនុជាព្រលានយន្ដហោះដែលមានប្រវែងផ្លូវរត់វែងមួយរបស់កម្ពុជា។
លោកនិយាយថា៖ «វានឹងជួយទាក់ទាញការវិនិយោគ និងការអភិវឌ្ឍនៅក្នុងខេត្តនេះបន្ថែមទៀត»។
បើតាមលោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ផ្លូវរត់របស់ព្រលានយន្តហោះនេះនឹងពង្រីករហូតដល់ ៣ ៣០០ ម៉ែត្រដែលមានសមត្ថភាពទទួលយន្តហោះចតចំនួន ១៣ គ្រឿង នៅក្នុងដំណាក់កាលទី១ និង ១៩ គ្រឿង ក្នុងដំណាក់កាលទី២។ ដំណាក់កាលដំបូងគឺស្ថិតក្នុងផែនការសម្រាប់ឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០។
លោកបានបន្តថា៖ «ការពង្រីកផ្លូវរត់នេះនឹងអាចទទួលស្វាគមន៍អ្នកដំណើរចំនួន ៣,៦ លាននាក់ នៅដំណាក់កាលដំបូង ហើយកើនដល់ ៥ លាននាក់ ក្នុងដំណាក់កាលទី២ ត្រឹមឆ្នាំ ២០៤០»។
ការរឹតបន្តឹងការធ្វើដំណើរលើពិភពលោក និងការរឹតបន្តឹងលក្ខខណ្ឌតម្រូវចូលប្រទេសកម្ពុជា ដែលកំពុងតែអនុវត្តជាធរមាន (ពិសេសមកពីប្រទេសចិន) បានប៉ះពាល់យ៉ាងខ្លាំងដល់អ្នកដំណើរតាមផ្លូវអាកាសឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំង ៣ នៅប្រទេសកម្ពុជា ធ្លាក់ចុះប្រមាណ ៨១,៣ ភាគរយ ក្នុងរយៈពេលពេញ ១ ឆ្នាំ ២០២០។ បើតាមលោក នរិន្ទដា។
កាលពីឆ្នាំ ២០១៩ ចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិកម្ពុជាមានជិត ១១,៦ លាននាក់ ក្នុងនោះជាង ៦ លាននាក់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង ៣,៩ លាននាក់ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប និង ១,៦ លាននាក់ នៅព្រលានយន្តហោះខេត្តព្រះសីហនុ៕ LA