ភ្នំពេញៈ ម៉ោង​ប្រមាណ​ ៩ ​ព្រឹក​ ខណៈ​កំពុង​ទទួលទាន​អាហារ​ពេលព្រឹក ម្ចាស់​ហាង​លក់​ទំនិញ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ​បាន​ស្រែក​ប្រាប់​ពី​តម្លៃ​ទំនិញ​ជា​ភាសា​ខ្មែរ និង​ភាសា​ចិន​ទៅ​កាន់​អតិថិជន​ដែល​បាន​ចូល​មក​ហាង​របស់​គាត់​មុន​ថ្ងៃ​ចូលឆ្នាំ​ចិន​ ១ ​ថ្ងៃ​។

មនុស្ស​ជាច្រើន​បាន​មក​ឈរ​ត្រៀបត្រា​នៅ​ជុំវិញ​ទំនិញ​ពណ៌​ក្រហម និង​ពណ៌​មាស ដែល​ដាក់​តាំង​បង្ហាញ​នៅក្នុង​ហាង​លក់​របស់​គាត់​។

ជាមួយ​នឹង​កាយវិការ​ផង​ និង​និយាយ​ប្រាប់​អតិថិជន​ដែល​កំពុង​ត្រៀម​រៀបចំ​អបអរ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ផង​នោះ ខណៈ​អ្នក​សារព័ត៌មាន​សួរ​សំណួរ​ខ្លះ​អំពី​អាជីវកម្ម​របស់​គាត់ ម្ចាស់​ហាង​លក់​ទំនិញ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​រវល់​ណាស់​»​។ គាត់​រវល់​លក់​ទំនិញ​ដែល​គេ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ពិធីបុណ្យ​ចូល​ឆ្នាំ​នេះ​។

គ្រួសារ​ពលរដ្ឋ​ទូទៅ​នៅ​ទូទាំង​ប្រទេស​បាន​ជួបជុំ​គ្នា​កាលពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​រៀបចំ​សែន​ដូនតា​របស់​ខ្លួន​តាមរយៈ​ការ​រៀបចំ​សំណែន​ជា​ជ្រូក និង​ផ្លែឈើ ការ​រៀបចំ​តុបតែង​ផ្ទះ និង​ដុត​ក្រដាស​សែន​សុំ​សំណាង​ល្អ​នៅ​បុណ្យ​ចូលឆ្នាំ​ចិន​នេះ ខណៈ​និន្នាការ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​និង​កំពុង​ជះ​ឥទ្ធិពល​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទៅ​ហើយ​ដោយ​គេ​សង្កេត​ឃើញ​ថា ភាគច្រើន​ពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ថា ពួកគេ​ជាប់​សែស្រឡាយ​ចិន​។

ដោយសារ​ទំនោរ​របស់​ពលរដ្ឋ​កម្ពុជា​ចំពោះ​ប្រទេស​ចិន​បាន​បន្ត​រីក​រាលដាល​នាពេល​ថ្មីៗ​នេះ ចំណាប់​អារម្មណ៍​ក្នុង​ការ​អបអរ​បុណ្យ​ចូលឆ្នាំ​ចិន​ទំនង​ជា​មាន​កម្រិត​កាន់តែ​ខ្ពស់​នៅ​ប្រទេស​នេះ ហើយ​ក្រុមហ៊ុន​ក្នុង​ស្រុក​កំពុង​ប្រមូល​ប្រាក់​ចំណេញ​ពី​ការ​លក់​ទំនិញ​ដែល​បាន​កើនឡើង​សម្រាប់​ការ​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​នេះ​។

សញ្ញា​នៃ​ការ​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​មាន​នៅ​គ្រប់​ទីកន្លែង គ្រប់​ច្រកល្ហក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ដូចជា​ការ​ដាក់​តាំង​បង្ហាញ​ផ្កា​ពណ៌​លឿង​លក់​តាម​ចិញ្ចើមផ្លូវ គោម​ពណ៌​ក្រហម និង​ពណ៌​មាស បន្តោង​ពី​កន្លែង​ខ្ពស់ និង​ការ​ផ្លាស់ប្តូរ​រូបរាង​ហាង​មួយ​ចំនួន និង​ឧបករណ៍​តុបតែង​ផ្ទះ​សម្រាប់​អបអរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​។

ហាង​លក់​ទំនិញ​មួយ​ចំនួន​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ​រូបរាង និង​កែលម្អ​មួយ​ខែ​មុន​បុណ្យ​ចូលឆ្នាំ​ចិន ដែល​ជា​សញ្ញា​ប្រាប់​ថា ពួកគេ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ស្វាគមន៍​ពិធី​នេះ​។

លោក លី ម្ចាស់​ហាង​លក់​ទំនិញ ហាក់ សេង ហុង តាម​ធម្មតា​លក់​រូប​សំណាក​ព្រះពុទ្ធ​គ្រប់​ខ្នាត និង​ទម្រង់ តែ​រូប​សំណាក​របស់​គាត់​ត្រូវ​បាន​ខ្ចប់​ទុក ដោយ​ជំនួស​មក​វិញ​នូវ​ស្រោម​សំបុត្រ​អំពូល​ភ្លើង និង​ចង្កៀង​គោម​បែប​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ជានិច្ចកាល​ការ​លក់​ទំនិញ​ដាច់​បាន​ច្រើន​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ចិន ច្រើន​ជាង​ពេល​ផ្សេងៗ​»​។

លោក​បាន​បន្ត​ថា​៖ «​ប្រាក់​ចំណូល​របស់​ខ្ញុំ​ពី​ការ​លក់​ទំនិញ​នៅ​រដូវ​បុណ្យ​ចូលឆ្នាំ​ចិន​នេះ​អាច​ស្មើ​នឹង​ប្រាក់​ចំណេញ​ក្នុង​រយៈពេល​ ៣ ​ឬ​ ៤ ​ខែ​នៅ​ក្នុង​ហាង​របស់​ខ្ញុំ​ក្នុង​រយៈពេល​សេសសល់​ក្នុង​ឆ្នាំ​នេះ​»​។

គ្រឿង​លម្អ​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ដែល​បាន​ដាក់​លក់​យ៉ាង​ព្រោងព្រាត​នៅ​ភ្នំពេញ​។ហេង ជីវ័ន

ការ​ភ័យខ្លាច​ពី​ទំនុក​ចិត្ត​របស់​អតិថិជន​ដែល​បាន​ធ្លាក់​ចុះ​នៅ​កម្ពុជា បាន​និង​កំពុង​កើនឡើង​ក្នុង​រយៈពេល​ ១២ ​ខែ​ចុង​ក្រោយ​នេះ ដោយ​សារភាព​តានតឹង​ផ្នែក​នយោបាយ​ដែល​កំពុង​កើនឡើង​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ជាតិ​បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​វិភាគ​រំពឹង​ពី​បំណុល​របស់​ប្រជាជន​ក្នុង​ស្រុក​ក្នុង​ការ​ចំណាយ​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន Kantar TNS Cambodian Life ប្រចាំ​ឆ្នាំ ២០១៧ បាន​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​មិន​សូវ​រីករាយ​ដូច​មុន​ទេ​កាលពី​ឆ្នាំ​ ២០១៧ បើ​ទោះ​ជា​មាន​ប្រាក់​ចំណូល​ជា​មធ្យម​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ក្តី ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​រំពឹង​ថា ទំនុក​ចិត្ត​អតិថិជន​ទំនង​ជា​នឹង​ធ្លាក់​ចុះ​។

ប៉ុន្តែ​ការ​លក់​ទំនិញ​នៅ​រដូវ​បុណ្យ​ចូលឆ្នាំ​ចិន​ទំនង​ជា​មិន​រង​ផលប៉ះពាល់​នោះ​ទេ​។

លោក កន ម៉ៅ ជា​អ្នក​លក់​ជ្រូកខ្វៃ​បាន​ចាប់ផ្តើម​ទទួល​ការ​បញ្ជា​ទិញ​នៅ​មុន​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន​នៅ​ដើម​ខែ​មករា​មក​តាំង​ពី​ទទួល​បាន​ការ​បញ្ជា​ទិញ​ក្នុង​ឆ្នាំ​នេះ​បាន​ច្រើន​ជាង​ឆ្នាំ​មុន​ ៥០ ​ភាគរយ​ដោយ​លោក​អាច​លក់​ជ្រូក​បាន​សរុប​ចំនួន ១៥ ០០០ ​ក្បាល​។

ខណៈ​ដែល​ការ​អបអរ​បុណ្យ​ចូលឆ្នាំ​ចិន​នេះ​មាន​រយៈពេល​ ១៥ ​ថ្ងៃ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​អបអរ​តែ​រយៈពេល​ ៣ ​ថ្ងៃ​នៃ​ការ​ចូលឆ្នាំ​ថ្មី ហើយ​លោក ម៉ៅ ត្រូវ​តែ​ដឹក​ជ្រូក​ទាំង​ ១៥ ០០០ ​ក្បាល​មក​ក្នុង​រយៈពេល​ ១ ​សប្តាហ៍​ចុង​ក្រោយ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​។

លោក​ថ្លែង​ថា​៖ «​មនុស្ស​ជាច្រើន​គិត​ថា ពួកគេ​អបអរសាទរ​បុណ្យ​ចូលឆ្នាំ​ចិន​នេះ​ដើម្បី​ឲ្យ​គ្រួសារ​គេ​មាន​វិបុលភាព​ជា​បន្ត ដូច្នេះ​ពួកគេ​នឹង​ចំណាយ​ប្រាក់​បន្ថែម​»​។

លោក​បាន​បន្ត​ថា​៖ «​ដោយ​ពុំមាន​ពិធី​បែប​នេះ ខ្ញុំ​អាច​លក់​ជ្រូក​ខ្វៃ​បាន​ត្រឹម​តែ​ប្រមាណ​ ២ ​ពាន់​ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ តែ​ការ​លក់​របស់​ខ្ញុំ​ក្នុង​មួយ​សប្តាហ៍​ក្នុង​អំឡុង​ចូលឆ្នាំ​ចិន មាន​កម្រិត​ខ្ពស់​ស្មើ​នឹង​ការ​លក់​ពេល​ធម្មតា​រយៈពេល​ ៦ ​ខែ​»​។

បើ​ទោះ​ជា​មាន​តម្រូវការ​ខ្ពស់​ក្តី​លោក ម៉ៅ បាន​ឲ្យ​ដឹង​ថា​លោក​ពុំ​បាន​ដំឡើង​ថ្លៃ​ដើម្បី​បង្កើន​ប្រាក់​ចំណេញ​នៅ​ក្នុង​អំឡុង​រដូវ​បុណ្យទាន​នោះ​ទេ​។

អ្នកស្រី កន តុលា បាន​បញ្ជាក់​ថា​អាជីវកម្ម​លក់​ជ្រូក​របស់​អ្នកស្រី​ជាធម្មតា​កើនឡើង​នៅ​ក្នុង​អំឡុង​រដូវ​បុណ្យ​ចូលឆ្នាំ​ចិន​ក្នុង​ឆ្នាំ​នេះ​ធៀប​នឹង​ឆ្នាំ​ចាស់ ដោយ​ការ​បញ្ជា​ទិញ​ជ្រូកខ្វៃ​បាន​កើនឡើង​ជិត​ ៣ ​ដង​ដល់​ជិត​ ១ ៥០០ ​ក្បាល​ក្នុង​សប្តាហ៍​នេះ​។ អ្នកស្រី កន តុលា ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​តាម​ធម្មតា អ្នកស្រី​លក់​បាន​ត្រឹម​តែ​ ៣០ ​ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​។

អ្នកស្រី កន តុលា បាន​និយាយ​ថា​៖ «​ឆ្នាំ​នេះ​ខ្ញុំ​ទទួល​បាន​ការ​បញ្ជា​ទិញ​ច្រើន​ពី​អតិថិជន ខ្ញុំ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ការ​លក់​ជ្រូកខ្វៃ​ពី ៥ ទៅ​ ១០ ​ដុល្លារ​ក្នុង​មួយ​ក្បាល​»​។

មិន​ត្រឹម​តែ​អាជីវកម្ម​លក់​ជ្រូកខ្វៃ​ប៉ុណ្ណោះ​ទេ ដែល​កំពុង​កើនឡើង​នោះ អ្នកលក់​ផ្លែឈើ ក៏​មាន​ការ​មមាញឹក​ខ្លាំង​ផង​ដែរ​ក្នុង​ឆ្នាំ​នេះ​។

លោក ផាន សារិទ្ធិ ម្ចាស់​ហាង​លក់​ផ្លែឈើ​យីហោ ស្រីមុំ បាន​ឲ្យ​ដឹង​ថា ការ​លក់​របស់​លោក​បាន​កើន​ឡើង​ខ្លាំង​ក្នុង​សប្តាហ៍​នេះ​។ លោក​ជឿជាក់​ថា​ប្រាក់​ចំណេញ​របស់​លោក​នឹង​កើនឡើង​ក្នុង​ឆ្នាំ​នេះ​ច្រើន​ជាង​ឆ្នាំ​មុន​។

លោក​បាន​បន្ត​ថា ដោយសារ​ទំនិញ​របស់​លោក​មាន​តម្លៃ​សមរម្យ​លោក​ទើប​តែ​បាន​ចាប់​ផ្តើម​ទទួល​ការ​ដឹក​ជញ្ជូន​ផ្លែឈើ​កាលពី​ដើម​សប្តាហ៍​នេះ​ប៉ុណ្ណោះ ហើយ​មាន​ការ​មមាញឹក​ខ្លាំង​ក្នុង​ការ​លក់​ផ្លែឈើ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​តម្រូវការ​ដែល​បាន​កើនឡើង​នេះ​ពី​ពិធី​នេះ​។

លោក​បាន​និយាយ​ថា​៖ «​យើង​បាន​ដាក់​បុគ្គលិក​បន្ថែម​ក្នុង​សប្តាហ៍​នេះ ដើម្បី​បម្រើ​អតិថិជន​ដែល​មាន​ចំនួន​ច្រើន​។ ឥឡូវ​នេះ​យើង​ពិត​ជា​រវល់​ណាស់ យើង​លក់​ចាប់ពី​ម៉ោង​​ ៦ ព្រឹក​ដល់​ម៉ោង​ ១០ ​យប់​»៕ BP