
កូនក្រពើនៅក្នុងកសិដ្ឋានចិញ្ចឹមក្រពើមួយក្នុងខេត្តកណ្តាល កន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ អាជីវកម្មចិញ្ចឹមក្រពើនៅកម្ពុជាកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារតែកង្វះទីផ្សារ និងចំណីសម្រាប់សត្វក្រពើដែលធ្វើឲ្យអ្នកចិញ្ចឹមមួយចំនួនកាត់បន្ថយប្រតិបត្តិការរបស់ពួកគេ។
នៅកម្ពុជា មានកន្លែងចិញ្ចឹមក្រពើជាច្រើន ពិសេសក្នុងខេត្តសៀមរាប ដែលការចិញ្ចឹមភាគច្រើនគឺដើម្បីយកកូនទុកលក់ឲ្យឈ្មួញពីប្រទេស វៀតណាម ជាជាងការចិញ្ចឹមលក់យកស្បែក។
លោក លឹម រិទ្ធី សមាជិកសមាគមអ្នកចិញ្ចឹមក្រពើខេត្តសៀមរាប និងជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង បាននិយាយថា មុខរបរចិញ្ចឹមក្រពើនៅខេត្តសៀមរាបពេលនេះមិនល្អទេ ព្រោះមិនមានការបញ្ជាទិញពីឈ្មួញវៀតណាមឡើយ។
លោកថ្លែងថា៖ «រហូតមកដល់ពេលនេះ [កម្ពុជា] មិនមានទីផ្សារដោយខ្លួនឯងទេ យើងតែងពឹងទៅលើទីផ្សារប្រទេស វៀតណាម។ វៀតណាម ជាប្រទេសផ្គត់ផ្គង់ស្បែកក្រពើភាគច្រើនទៅឲ្យប្រទេស ចិន ដូច្នេះនៅពេលប្រទេស ចិន បញ្ជាទិញច្រើន គេនឹងមកប្រមូលទិញពីកម្ពុជាយកទៅចិញ្ចឹមដើម្បីយកស្បែកទៅលក់ឲ្យប្រទេស ចិន»។
លោកបានបន្តថា ដោយសារ វៀតណាម និងថៃ មានបច្ចេកទេស និងចំណីល្អៗ ដូច្នេះក្រពើចិញ្ចឹមនៅទីនោះធំលឿនជាងការចិញ្ចឹមនៅកម្ពុជា។
បើតាមលោក រិទ្ធី កន្លងមកមានឈ្មួញពីប្រទេស ចិន មួយចំនួនបានបង្ហាញបំណងទិញស្បែកក្រពើផ្ទាល់ពីកម្ពុជាដែរ ប៉ុន្តែក្រោយមកក៏ស្ងាត់ទៅវិញ ដោយមានព័ត៌មានថា តម្លៃដឹកជញ្ជូនខ្ពស់ជាងការទិញបន្តពីប្រទេស វៀតណាម។
លោកលើកឡើងថា៖ «ខ្ញុំសូមឲ្យរដ្ឋាភិបាលជួយរកទីផ្សារ និងជួយទម្លាក់តម្លៃក្នុងការចិញ្ចឹម ដើម្បីឲ្យផលិតផលក្រពើកម្ពុជាអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងបាន»។
សម្រាប់ការចិញ្ចឹមក្រពើយកស្បែកវិញ លោក រិទ្ធី និយាយថា មានការលំបាក ព្រោះកម្ពុជាមិនមានការវិនិយោគធំណាដែលអាចឱ្យអ្នកចិញ្ចឹមមានទំនុកចិត្ត ខណៈខ្វះការគាំទ្រពីអាជ្ញាធរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក រិទ្ធី បានកាត់បន្ថយការចិញ្ចឹមក្រពើពីចំនួន ៤ ០០០ ទៅ ៥ ០០០ ក្បាល មកនៅត្រឹមតែជាង ២០០ ទៅ ៣០០ ក្បាលប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
លោកថ្លែងថា៖ «បើស្ថានភាពនៅតែបន្តបែបនេះ ពេលក្រពើបានថ្លៃខ្ពស់បន្តិចទៀត ខ្ញុំអាចនឹងលក់ចេញទាំងអស់តែម្តង»។ លោកបន្តថា៖ «ខ្ញុំគិតថា តម្លៃកូនក្រពើនៅឆ្នាំនេះ នឹងធ្លាក់ចុះជាងឆ្នាំមុន»។
កាលពីឆ្នាំមុន កូនក្រពើ ១ ក្បាលមានតម្លៃជាមធ្យមក្នុងរង្វង់ពី ១៣ ទៅ ១៨ ដុល្លារ។
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងទៀតនៅក្នុងខេត្ត សៀមរាប ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា មួយរយៈចុងក្រោយនេះការចិញ្ចឹមក្រពើបានជួបនឹងបញ្ហាជាច្រើន ដែលធ្វើឲ្យអ្នកចិញ្ចឹមមួយចំនួនចាប់ផ្តើមបោះបង់ចោល ទៅចាប់យកមុខរបរផ្សេងជំនួសវិញ។ លោកបន្តថា បញ្ហាគឺមានច្រើន តែអ្វីដែលសំខាន់គឺនោះគ្មានទីផ្សារ ខណៈតម្លៃត្រីចំណីសម្រាប់ក្រពើមានតម្លៃខ្ពស់។
លោកថ្លែងថា៖ «អ្នកចិញ្ចឹមក្រពើនៅកម្ពុជាភាគច្រើនតែងរំពឹងថា កូនក្រពើនឹងបានតម្លៃខ្ពស់ តែបើតម្លៃត្រីចំណីខ្ពស់ដូចពេលនេះ គឺអាចនឹងពិបាករកប្រាក់ចំណេញណាស់។ អ្នកចិញ្ចឹមយកកូនលក់អាចនឹងមិនមានបញ្ហា តែបើចង់ចិញ្ចឹមយកស្បែក គឺប្រឈមនឹងការខាតបង់ខ្ពស់»។
លោកបន្តថា បច្ចុប្បន្នទីផ្សារតម្លៃក្រពើ គឺស្ថិតនៅលើមាត់របស់ឈ្មួញតែប៉ុណ្ណោះ ដោយពេលនេះក្រពើរស់មានប្រវែងចាប់ពី ១ ម៉ែត្រឡើងទៅអាចលក់បានក្នុងតម្លៃជិត ៤ ដុល្លារក្នុង ១ គីឡូក្រាម។ នៅក្នុងខេត្តសៀមរាបអាចមានក្រពើចន្លោះពី ៣០ ទៅ ៤០ ម៉ឺនក្បាល។
បើតាមម្ចាស់កសិដ្ឋាន ដែលមានក្រពើប្រហែល ៥០០ ក្បាលខាងលើ បានឲ្យដឹងថា បច្ចុប្បន្នត្រីចំណីក្រពើ ដែលភាគច្រើនត្រូវបាននាំមកពីប្រទេស ថៃ មានតម្លៃក្នុងរង្វង់ ២ ០០០ រៀលក្នុង ១ គីឡូក្រាម។
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ថា ថ្នាក់ដឹកនាំក្រសួងតែងខិតខំជួយស្វែងរកទីផ្សារសម្រាប់អ្នកចិញ្ចឹមក្រពើនៅកម្ពុជា។ ទោះបីយ៉ាងណា លោកទទួលស្គាល់ថា បច្ចុប្បន្នទីផ្សារមួយនេះពិតជាពិបាក ព្រោះក្រៅពីប្រទេសជិតខាងកម្ពុជា ក៏មានប្រទេសធំៗជាច្រើនដូចជា អាមេរិក អូស្រ្តាលី និងប្រទេសមួយចំនួននៅតំបន់អាមេរិកឡាទីនក៏មានចិញ្ចឹមក្រពើច្រើនដែរ។
លោកថ្លែងថា៖ «តម្រូវការ និងការប្រើប្រាស់ស្បែកក្រពើ ខ្ញុំជឿថា នៅលើពិភពលោកក៏កំពុងធ្លាក់ចុះផងដែរ ពិសេសសម្រាប់អ្នកអភិរក្សសត្វ និងធម្មជាតិ គេនាំគ្នាទៅប្រើប្រាស់ផលិតផលពីក្រណាត់ និងប្លាស្ទិកជំនួសវិញ។ ម៉្យាងទៀតផលិតផលពីស្បែកក៏មានតម្លៃខ្ពស់ផងដែរ»។
លោករំឭកថា កាលពីឆ្នាំ២០១៥ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំធ្វើសន្និបាតពីសត្វក្រពើពិភពលោក ដោយពេលក្រុមហ៊ុនមួយចំនួនបានយកស្បែកក្រពើកម្ពុជាទៅប្រើសាកល្បង ហើយគេវាយតម្លៃថា ស្បែកក្រពើរបស់យើងនៅមិនទាន់ដល់កម្រិតស្តង់ដារអន្តរជាតិទេ។ លោកថ្លែងថា៖ «ពេលនោះគេបានយកស្បែកក្រពើរស់យើងប្រហែល ២០០ ទៅសាកល្បង តែបន្ទាប់ពីនោះក៏ស្ងាត់ទៅវិញ»។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នយើងកំពុងព្យាយាមធ្វើការទាក់ទងជាមួយទីផ្សារនៅប្រទេស ចិន ដើម្បីអាចនាំស្បែកក្រពើពីកម្ពុជាទៅទីផ្សារប្រទេស ចិន ដោយផ្ទាល់ ខណៈបច្ចុប្បន្នគឺមិនទាន់មានទេ»។
បើយោងសេចក្តីរាយការណ៍របស់ភ្នំពេញប៉ុស្តិ៍ កន្លងមកមានកសិដ្ឋានចិញ្ចឹមក្រពើសរុប ២២ ត្រូវបានទទួលស្គាល់ដោយអនុសញ្ញាអន្តរជាតិដែលជាអនុសញ្ញា (Cites) ដើម្បីការនាំចេញស្បែកក្រពើដោយស្របច្បាប់ទៅទីផ្សារអន្តរជាតិ។
យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម មានកសិដ្ឋានចិញ្ចឹមក្រពើប្រហែល ៧០០ កន្លែងនៅទូទាំងប្រទេស កម្ពុជា ហើយក្នុងនោះមានកសិដ្ឋានចិញ្ចឹមក្រពើចំនួន ៤៤៥ កន្លែងត្រូវបានចុះបញ្ជីនៅក្រសួងកសិកម្ម៕ LA