ភ្នំពេញ: លោក ឡី សុភាព ប្រធាន​សហព័ន្ធ​វិនិយោគ​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្ពុជា​លើកឡើង​ថា ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​គឺជា​ឱកាស​ថ្មី​សម្រាប់​វិស័យ​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែល​ស្របទៅនឹង​ទស្សនវិស័យ​របស់​រដ្ឋាភិបាល​នៃ​សេដ្ឋកិច្ច​ឌីជីថល​។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កាលពី​ថ្ងៃអាទិត្យ រៀបចំ​ដោយ​ក្រុមហ៊ុន E-ZONE TRADING PLC លោក​ សុភាព ​ឲ្យ​ដឹងថា បដិវត្តន៍​ឧស្សាហកម្ម ៤.០ កំពុង​ជំរុញ​ឲ្យ​ការធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កាន់តែ​ខ្លាំង​។

ប៉ុន្តែ​លោក​បន្តថា រដ្ឋាភិបាល​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឲ្យ​បាន​ទូលំទូលាយ​។

លោក​ថ្លែងថា​៖ «​អ្នករកស៊ី​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​មាន​ឱកាស​ក្លាយជា​អ្នកមាន​ច្រើន បើ​ការរកស៊ី​ត្រឹមត្រូវ​តាម​ច្បាប់ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ជំរុញ​ឲ្យ​អ្នក​ប្រកបរបរ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មក​ចុះបញ្ជី​នៅ​ច្រកចេញចូល​តែមួយ ដើម្បី​ងាយស្រួល​គ្រប់គ្រង​»​។

កាលពី​ខែតុលា​ឆ្នាំ​មុន​រដ្ឋសភា​បានអនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ច្បាប់​នេះ​គេ​រំពឹង​ថា​នឹង​ផ្តល់​លទ្ធភាព​យ៉ាងច្រើន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដើម្បី​ផ្សារភ្ជាប់​ខ្លួន​ទៅនឹង​ចង្វាក់​ផលិតកម្ម​ទៅ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា​៖ «​ក្រោយពី​យើង​មានច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក រដ្ឋាភិបាល​នឹង​ចេញ​អនុក្រឹត្យ​ដើម្បី​អនុវត្ត​ច្បាប់​នេះ​បន្ថែម​ទៀត​»៕LA