ភ្នំពេញ៖ វិបត្តិនៃការរីករាលដាលកាន់តែខ្លាំងនៃជំងឺដែលបង្កដោយវីរុសកូរ៉ូណា បានធ្វើឲ្យមុខរបរចុងភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នៅកម្ពុជាធ្លាក់ចុះយ៉ាងខ្លាំងនាពេលនេះ ដោយការកក់ត្រូវបានគេលុបចោលវិញជាបន្តបន្ទាប់។ នេះបើយោងតាមម្ចាស់ក្រុមចុងភៅមួយចំនួន។
ទិន្នន័យក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមីនា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២៤ នាក់ មាននៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង បាត់ដំបង កំពត ត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ និងខេត្តកែប។ យោងតាមក្រសួងសុខាភិបាល ភាគច្រើននៃអ្នកដែលឆ្លងវីរុសកូវីដ ១៩ គឺជាខ្មែរ-អ៊ិស្លាម ដែលទើបត្រឡប់មកពីចូលរួមក្នុងពិធីសាសនាអ៊ិស្លាម នៅប្រទេស ម៉ាឡេស៊ី។
លោក លី សេងអាន ម្ចាស់ចុងភៅ លី សេងអាន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ការកក់សម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍បានធ្លាក់ចុះចាប់តាំងពីខែកុម្ភៈមក ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនោះ គឺក្នុងរយៈពេល ២-៣ ថ្ងៃចុងក្រោយនេះ មានរោងការចំនួន ១២ ដែលបានកក់រួចហើយនោះ ត្រូវបានលុបចោលទាំងអស់ ព្រោះបារម្ភខ្លាចមិនមានភ្ញៀវទៅចូលរួម។ លោកបន្តថា ជារៀងរាល់ឆ្នាំនៅអំឡុងពេលនេះ ក្រុមចុងភៅរបស់លោកដែលមានចំនួន ៣ ក្រុម ត្រូវបានម្ចាស់ការកក់ជាបន្តបន្ទាប់មិនមានពេលទំនេរទេ។
លោកបន្តថា៖ «មុខរបរចុងភៅនៅពេលនេះមិនមែនធ្លាក់ចុះនោះទេ គឺត្រូវចប់តែម្តង»។ លោកបន្តថា៖ «រោងការចំនួន ១២ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣០ ខែមីនា ត្រូវបានគេលុបចោលទាំងអស់»។
លោកបន្ថែមទៀតថា មានមង្គលការខ្លះបើទោះបីមិនលុបចោលក៏កាត់បន្ថយចំនួនតុរហូតដល់ ៨០ ភាគរយ ព្រោះបារម្ភមិនមានភ្ញៀវចូលរួម។
ពិធីរៀបអាពាហ៍ពិពាហ៍មិនត្រឹមតែមានការលុបចោលច្រើនក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ សូម្បីតែតាមបណ្តាខេត្តមួយចំនួនការលើកពេលក៏ចាប់ផ្តើមកើនឡើងផងដែរ។
លោក សុខ ច្រឹក ម្ចាស់ចុងភៅមួយកន្លែងក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃម្សិលមិញបាននិយាយថា លោកទទួលបានការកក់តិចបំផុតខុសពីឆ្នាំមុន។ លោកថ្លែងថា៖ «មិនមានអ្នកមករកឲ្យទៅធ្វើម្ហូបការច្រើនទេ មានតែបុណ្យអ្នកក្នុងភូមិឃុំជាមួយគ្នាតែប៉ុណ្ណោះ»។
យោងតាមប្រព័ន្ធសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញមានម្ចាស់អាពាហ៍ពិពាហ៍ និងក្រុមគ្រួសារមួយចំនួនក៏បានប្រកាសពីការលើកពេលរៀបអាពាហ៍ពិពាហ៍ផងដែរ ដោយសារក្តីបារម្ភពីការរីករាលដាលនៃវីរុសកូវីដ ១៩។
លោក ចាន់ សុភក្តិ អាយុ ២៧ ឆ្នាំ រស់នៅក្នុងក្រុងភ្នំពេញ ដែលធ្លាប់បានយល់ព្រមជាមួយមិត្តភក្តិកាលពីដើមខែមីនាថា នឹងចូលរួមធ្វើជាអ្នកកំដរកូនកំលោះដែលត្រូវរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី ២៧-២៨ ខែមីនាខាងមុខ បាននិយាយកាលពីម្សិលមិញថា បន្ទាប់ពីទទួលបានព័ត៌មានជាបន្តបន្ទាប់ពីការរីករាលដាលជំងឺកូវីដ ១៩ កាលពីថ្ងៃចន្ទ លោកបានប្រាប់ទៅគ្រួសារខាងកូនកំលោះថា លោកនឹងមិនបានចូលរួមធ្វើជាអ្នកកំដរកូនកំលោះទេ ព្រោះមានសុខភាពមិនល្អ។
លោកបន្តថា ការចូលរួមក្នុងពិធីជួបជុំ គឺមានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងជំងឺកូវីដ ១៩ ទោះបីជាយើងមានការប្រុងប្រយ័ត្នក៏ដោយ។ លោកលើកឡើងថា៖ «ខ្ញុំបានប្រាប់គេរួចហើយថា មិនបានទៅចូលរួមទេ ព្រោះខ្ញុំកំពុងមានជំងឺផ្ដាសាយ»។
លោកប្រាប់ទៀតថា ខណៈចំនួននៃការរកឃើញអ្នកឆ្លងជំងឺនេះកាន់តែច្រើននោះ លោកនឹងមិនទៅចូលរួមក្នុងពិធីនាពេលខាងមុខទេ ទោះបីជាលោក និងក្រុមគ្រួសារខាងកូនកំលោះមានទំនាក់ទំនងនឹងគ្នាល្អខ្លាំងក៏ដោយ។
លោក ស្រី រ៉ាល័ក្ខ មន្ត្រីរាជការម្នាក់ដែលត្រូវបានអញ្ជើញចូលរួមអាពាហ៍ពិពាហ៍មិត្តភក្ដិកាលពីថ្ងៃចន្ទ ទី ១៦ បាននិយាយថា លោកស្រីមិនបានទៅចូលរួមទេ ដោយបារម្ភពីការឆ្លងកូវីដ ១៩។
លោក រ៉ាល័ក្ខ និយាយថា៖ «ពួកយើងបានសម្រេចផ្ញើចំណងដៃទាំងអស់គ្នា។ ពួកយើងអាណិតម្ចាស់ការណាស់ ប៉ុន្តែយើងក៏គ្មានជម្រើស ព្រោះបើមានការឆ្លង វានឹងបន្តទៅកាន់សមាជិកគ្រួសារ និងកូនៗជាមិនខាន»។
ក្នុងន័យដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ ១៩ នេះ កាលពីថ្ងៃអង្គារ កម្ពុជាបានដាក់ចេញនូវវិធានការក្នុងការបិទ KTV និងរោងភាពយន្តនៅទូទាំងប្រទេសបន្ថែមពីលើការបិទសាលារៀនកាលពីថ្ងៃចន្ទ៕LA
វីដេអូ៖