ភ្នំពេញៈ ​អាជីវកម្ម​សាច់​ជ្រូក​នៅ​កម្ពុជា​នៅ​មិន​ទាន់​បង្ហាញ​ពី​សញ្ញា​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ឡើយ​ទេ ​ចាប់​តាំង​ពី​ឧស្សាហកម្ម​នេះ​​រង​ការ​វាយ​ប្រហារ​ដោយ​​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មក​។ ​នេះ​​បើ​តាម​អាជីវកម្ម​លក់​សាច់​ជ្រូក​​នៅ​ទី​ក្រុង​ភ្នំពេញ​។

អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​អូរឫស្សី ​លោក ​តាំង​ ម៉េងគា ដែល​ទទួល​យក​សាច់​ជ្រូក​ពី​ក្រុមហ៊ុន​ ម៉ុង ឫទ្ធី មក​លក់​​ និង​ចែកចាយ​បន្ត​​នៅ​តាម​ផ្សារ​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ បាន​និយាយ​ថា ​មុន​ពេល​មាន​ការ​រក​​​ឃើញ​ជំងឺ​នេះ​​នៅ​កម្ពុជា ក្នុង ​១ ​ថ្ងៃ លោក​លក់​ជ្រូក​​ចំនួន ​៦០ ​​ក្បាល ប៉ុន្តែ​​ពេល​នេះ​លោក​លក់​បាន​តែ ​៣០ ​ក្បាល​ប៉ុណ្ណោះ​។

ទាំង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធ​​តែ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បរិភោគ​សាច់​ជ្រូក​ឡើង​វិញ​ដោយ​អះអាង​ថា ជំងឺ​នេះ​មិន​ឆ្លង​មក​មនុស្ស​ទេ។

ទោះបី​យ៉ាង​នេះ​ក្តី លោក ម៉េងគា បាន​​ឲ្យ​ដឹង​ថា អ្នក​ញ៉ាំ​នៅ​តែ​ខ្លាច​។​ លោក​ថ្លែង​ថា៖​ ​«បើ​ទោះបី​​កន្លែង​របស់​ខ្ញុំ​មាន​បិទ​ស្លាក​បញ្ជាក់​ថា ជា​សាច់​ជ្រូក​​របស់​ក្រុមហ៊ុន​ [ម៉ុង ឫទ្ធី] ដែល​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ក៏​ដោយ ក៏​អ្នក​ទិញ​មួយ​ចំនួន​នៅ​​​មិន​ទាន់​ហ៊ាន​ទិញ​យក​ទៅ​ញ៉ាំ​នោះ​ទេ​»​។

អាជីវករ​​លក់​សាច់​ជ្រូក​មួយ​​កន្លែង​នៅ​ផ្សារ សុវណ្ណា បាន​និយាយ​ថា ការ​លក់​​ពេល​នេះ​បាន​ធ្លាក់​ចុះ​ជា​ខ្លាំង។

អ្នកស្រី​បាន​ថ្លែង​ថា៖ ​«​ការ​លក់​សាច់​ជ្រូក​​នៅ​ពេល​នេះ មាន​​ថ្ងៃ​ខ្លះ​ត្រូវ​ខាត​ចូល​ដើម​ទៀត​ផង ព្រោះ​ដើម្បី​កុំ​ឲ្យ​សល់​ ខ្ញុំ​ត្រូវ​លក់​ចុះ​​ថ្លៃ​ខ្លះ​នៅ​ពេល​រសៀល​»​។​

អាជីវករ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កាល​ពី​មុន​អ្នកស្រី​អាច​​លក់​​សាច់​ជ្រូក​ក្នុង​ ​១ ​ថ្ងៃ ​ចន្លោះ​ពី ​១៣០-​១៤០ ​គីឡូក្រាម ប៉ុន្តែ​ពេល​នេះ​​សូម្បី​តែ​សាច់​ជ្រូក​ ​៣០-​៤០ ​គីឡូក្រាម ក៏​ពិបាក​លក់​អស់​ដែរ​។ ការ​​ធ្លាក់​ចុះ​នេះ​បាន​ធ្វើ​ឲ្យ​​អ្នក​លក់​​មួយ​ចំនួន​​ផ្អាក​​លក់​ផង​ដែរ។

អ្នកស្រី​បាន​បន្ត​ថា៖​​ «​ទោះ​ជា​ខ្ញុំ​បង្ហាញ​​លិខិត​ពី​ពេទ្យ​សត្វ​ដែល​បញ្ជាក់​​ថា សាច់​ជ្រូក​ដែល​លក់​នេះ​មិន​មាន​ជំងឺ​ក៏​ដោយ ក៏​អ្នក​ទិញ​មួយ​ចំនួន​នៅ​តែ​មិន​ព្រម​ទិញ​ដដែល​»។​​

អ្នកស្រី​​លើក​ឡើង​ថា ​កាល​ពី​មុន​​មាន​អ្នក​​លក់​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ទិញ​សាច់​ជ្រូក​នៅ​កុងស៊ី​ក្បែរ​បឹង​ក្រពើ​យក​មក​លក់​បន្ត ប៉ុន្តែ​ពេល​នេះ​មិន​សូវ​មាន​មនុស្ស​​ច្រើន​ទៀត​ទេ​។​

អាជីវករ​ម្នាក់​ទៀត​នៅ​ផ្សារ​កាប់គោ គឺ​អ្នកស្រី ចិន្តា បាន​និយាយ​ថា ការ​លក់​របស់​គាត់​មិន​ធ្លាក់​ចុះ​ច្រើន​នោះ​ទេ ព្រោះ​គាត់​មាន​ម៉ូយ​ដែល​ជា​អ្នក​លក់​គុយ​ទាវ និង​បបរ​ច្រើន ដែល​ពួក​គេ​តែងតែ​ទិញ​សាច់​ជ្រូក​សម្រាប់​យក​ទៅ​ស្ងោរ​ស៊ុប​។ អ្នកស្រី​បន្ត​ថា អ្នក​ទិញ​សុទ្ធ​តែ​ជា​ម៉ូយ​ចាស់​ ដែល​គាត់​ទុក​ចិត្ត​ចំពោះ​អ្នកស្រី។

អ្នកស្រី​និយាយ​ថា៖ ​«​ខ្ញុំ​យក​តែ​សាច់​ល្អ និង​មាន​ប្រវត្តិ​ច្បាស់​លាស់​​មក​លក់​តែ​ប៉ុណ្ណោះ»។

លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ដ​បរិភោគ​សាច់​ជ្រូក​ដូច​ធម្មតា​ឡើង​វិញ។ លោក​ថ្លែង​ថា៖ ​«​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង សូម​ទទួល​ទាន​សាច់​ជ្រូក​ កុំ​​បារម្ភ ក្រៅ​ពី​តំបន់​ប៉ះពាល់​ដែល​គេ​បាន​​ហាម​ឃាត់ និង​ជ្រូក​ស្លាប់​ដែល​គេ​​យក​ទៅ​កប់​ចោល តំបន់​ដទៃ​ទៀត​មិន​មាន​ផល​ប៉ះពាល់​ទេ ខ្ញុំ​ក៏​ទទួល​ទាន​សាច់​ជ្រូក​រាល់​ថ្ងៃ​ដែរ វា​អត់​មាន​ការ​ឆ្លង​ពី​សត្វ​មក​មនុស្ស​ទេ​»។​

តួលេខ​ពី​នាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​​ពី​ពាក់​កណ្តាល​ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា មាន​សត្វ​​ជ្រូក​ជាង ៣ ០០០ ​ក្បាល ​ដែល​ត្រូវ​បាន​ស្លាប់ និង​សម្លាប់​នៅ​កម្ពុជា​ដោយសារ​ការ​ឆ្លង​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​​រាលដាល​​ក្នុង​ខេត្ត​ចំនួន ​៥ រួមមាន​ ខេត្ត​រតនគិរី ​ត្បូងឃ្មុំ ​ស្វាយរៀង ​តាកែវ និង​ខេត្ត​កណ្ដាល។

សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​ថា ជំងឺ​នេះ​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​ខាតបង់​ជាង ​៦០ ​ម៉ឺន​ដុល្លារ។

លោក​នាយក​រដ្ឋមន្ដ្រី​ ​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពង្រឹង​ការ​ទប់ស្កាត់​ការ​​ចរាចរ​សាច់​ជ្រូក​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់​ និង​ជ្រូក​​ដែល​នាំចូល​ពី​ប្រទេស ​វៀតណាម ​ផង​ដែរ៕ LA​

វីដេអូ៖