ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឲ្យមានការគាំទ្រផលិតផលតម្បាញវល្លិរពាក់ និងឫស្សី ដើម្បីជួយលើកកម្ពស់មុខរបរសហគមន៍ទេសចរណ៍ក្នុងស្រុក។
ថ្លែងក្នុងឱកាសជួបជាមួយប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុកកាលពីថ្ងៃអាទិត្យលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងថា ផលិតផលពីរពាក់ និងឫស្សី សុទ្ធតែជាផលិតផលដែលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍។
លោកបានបន្តថា ដោយសារតម្បាញវល្លិរពាក់ និងឫស្សីត្រូវពឹងផ្អែកលើវត្ថុធាតុដើមពីដើមរពាក់ និងដើមឫស្សីនោះ ដូច្នេះការដាំដើមរពាក់ និងឫស្សីបន្ថែមគឺជាការចាំបាច់។
លោកថ្លែងថា៖ «សូមលើកទឹកចិត្តឲ្យប្រជាសហគមន៍ខិតខំដាំដើមរពាក់ ដើមឫស្សីឲ្យបានច្រើនឡើងវិញ ដើម្បីទុកប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតផលិតផលតម្បាញ»។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍កាលពីម្សិលមិញបាននិយាយថា រពាក់ និងឫស្សីត្រូវបានយកមកកែច្នៃជាផលិតផលច្រើនមុខ ពិសេសសម្រាប់បម្រើដល់វិស័យទេសចរណ៍ ខណៈបច្ចុប្បន្នផលិតផលធ្វើពីរពាក់ និងផ្តៅកំពុងទទួលបានការគាំទ្រយ៉ាងច្រើន។
លោកថ្លែងថា៖ «ផលិតផលពីរពាក់ និងផ្តៅរបស់សហគមន៍ទេសចរណ៍សំបូរព្រៃគុក មានទីផ្សារល្អណាស់ ព្រោះភ្ញៀវមកទស្សនាប្រាសាទសំបូរព្រៃគុកតែងរកទិញ។ យើងរំពឹងថាតម្រូវការនឹងមានបរិមាណកាន់តែច្រើនបន្ថែមទៀតពេលអនាគត»។
លោក ជំនោរ ក៏បាននិយាយដែរថា ទន្ទឹមនឹងមានទីផ្សារល្អ អ្នកផលិតក៏ត្រូវខិតខំពង្រឹងគុណភាព និងសោភណភាពផលិតផលរបស់ខ្លួន ដើម្បីអាចមានការចុះឈ្មោះជាផលិតផលសម្គាល់ទីតាំងប្រចាំតំបន់»។
លោកប្រាប់ទៀតថា ទោះបីសកម្មភាពសិប្បកម្មតម្បាញរពាក់ និងឫស្សីនៅសហគមន៍ទេសចរណ៍សំបូរព្រៃគុកកំពុងដំណើរការជាប្រចាំ ប៉ុន្តែវត្ថុធាតុដើមដែលមានចំនួនកាន់តែតិច ក៏កំពុងគំរាមកំហែងដល់ដំណើរការផលិតផងដែរ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ធ្លាប់បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ដើម្បីបង្កើនភាពទាក់ទាញក្នុងវិស័យទេសចរណ៍ ការថែរក្សា និងអភិរក្សអ្វីដែលមានស្រាប់ និងការបង្កើតផលិតផលថ្មីៗគឺចាំបាច់ត្រូវតែធ្វើ។
លោកស្រីនិយាយថា៖ «យើងចាំបាច់ត្រូវលើកកម្ពស់គុណភាពសេវា និងបដិសណ្ឋារកិច្ច ព្រមទាំងបង្កើតផលិតផលទេសចរណ៍កាន់តែច្រើន ដូចជាផលិតផលក្នុងស្រុក ដើម្បីផ្ដល់ការចងចាំដ៏ល្អរបស់ភ្ញៀវនាំយកត្រឡប់ទៅផ្ទះវិញ»៕