ភ្នំពេញ: រដ្ឋាភិបាល​កំពុង​សិក្សា​កែលម្អ​ឆ្នេរ​ខេត្ត​កែប​ដែល​ជា​តំបន់​សក្តានុពល​ទេសចរណ៍​ធម្មជាតិ​ជាប់មាត់​សមុទ្រ​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើន​សោភណភាព​ និង​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅក្នុង​ខេត្ត​នេះ​។

លោក វ៉ៅ សុខា ប្រធាន​មន្ទីររៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​កែប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ម្សិលមិញ​ថា ក្រុមការងារ​របស់​លោក​កំពុង​សិក្សា​កែលម្អ​ឆ្នេរសមុទ្រ​កែប​ប្រវែង​ជិត​ ៣ ០០០ ​ម៉ែត្រ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​ឆ្នេរ​សាធារណៈ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​ថែមទៀ​តទៅ​កម្សាន្ត​នៅ​ទីនោះ​។ ការកែលម្អ​នេះ​នឹង​អភិវឌ្ឍ​ចាប់ពី​ផ្សារ​ក្តាម​រហូតដល់​តំបន់​សហគមន៍​កោងកាង​ដែល​ស្ថិត​នៅ​សង្កាត់​ព្រៃធំ​ក្នុង​ក្រុងកែប​។

លោក​ថ្លែងថា​៖ «​យើង​បាន​គូរ​ប្លង់​ឆ្នេរ​នេះ​រួចរាល់​ហើយ យើង​កំពុង​សិក្សា​ផលប៉ះពាល់​បរិស្ថាន សង្គម និង​ផលប៉ះពាល់​ជាមួយ​សហគមន៍​ដែល​រស់​នៅតាម​បណ្តោយ​ឆ្នេរ​នេះ​។ យើង​កំពុង​ពន្លឿន​កិច្ចការងារ​នេះ​»​។

លោក​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ខេត្ត​កែប​មាន​ឆ្នេរ​តែ​ ១ ​គត់​មាន​ប្រវែង​ត្រឹម ៣៥០ ម៉ែត្រ​ប៉ុណ្ណោះ សម្រាប់​កម្សាន្ត​ដោយ​មិនអាច​បំពេញ​តម្រូវការ​ភ្ញៀវទេសចរ​បាន​នៅឡើយ​។

ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ជាប់​ឆ្នេរសមុទ្រ​ដែល​មាន​ចម្ងាយ​ជាង​ ១៧៥ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ ​ខេត្ត​នេះ​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ដែល​មាន​ឆ្នេរ ឧទ្យាន​ជាតិ ព្រៃកោងកាង ផ្កាថ្ម ស្មៅ​សមុទ្រ និង​ជីវចម្រុះ​ផ្សេងទៀត​។

លោក វ៉ៅ សុខា បន្ត​ថា​ទន្ទឹម​នឹង​នេះ​រដ្ឋាភិបាល​ក៏​កំពុង​សិក្សា​កែលម្អ​ឆ្នេរ​ ១ ​ទៀត​ប្រវែង​ ១ ៨០០ ​ម៉ែត្រ​ចាប់ពី​ឆ្នេរកែប​រហូត​ទៅ​ជាប់​នឹង​ព្រំប្រទល់​ឆ្នេរសមុទ្រ​ប្រទេស​វៀតណាម​៕LA