ភ្នំពេញៈ មន្ដ្រី​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា កម្ពុជា​នឹង​ចេញ​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់​របស់​ខ្លួន ខណៈ​មន្ដ្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ត្រូវបាន​គេ​រាយការណ៍​ថា​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស្តីពី​រូបិយប័ណ្ណ​ឌីជីថល​មួយ​នៅ​ភ្នំពេញ ដែល​បាន​រៀបចំ​ដោយ​វិនិយោគិន​ចិន​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​។

ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា Entapay បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​ ២ ខែ​មីនា​ដោយ​បាន​ប្រកាស​ពី​កិច្ចប្រជុំ​កំពូល​រូបិយប័ណ្ណ​ឌីជីថល​អាស៊ាន ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សុខា​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ ថ្ងៃ​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា​៖ «​បន្ទាប់ពី​ការដឹកនាំ​ដោយ​ប្រទេស​វ៉េណេស៊ុយអេឡា បណ្ដា​ប្រទេស​ផ្សេង​ទៀត​កំពុង​ព្យាយាម​ស្នើសុំ​រូបិយប័ណ្ណ​ឌីជីថល​ជា​ផ្លូវការ​ដែល​រួម​ទាំង​កម្ពុជា​ផង​»​។ នៅ​ក្នុង​សេចក្តី​ប្រកាស​នេះ​បាន​ឲ្យ​ដឹង​ថា លោកស្រី​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន នឹង​ធ្វើ​ជា​វាគ្មិន​ដ៏សំខាន់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។

លោក ហួត ហាក់ អ្នក​នាំពាក្យ​ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​បញ្ជាក់​ពី​ការចូលរួម​របស់​លោកស្រី ម៉ែន សំអន ដែល​មាន​នៅក្នុង​លិខិត​អញ្ជើញ​របស់​ក្រុមហ៊ុន Entapay ដោយ​លោក​អះអាង​ថា វា​ជាធម្មតា​សម្រាប់​លោកស្រី​ឧបនាយករដ្ឋមន្ដ្រី​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​បែប​នោះ​ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​។

ព័ត៌មាន​អំពី​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​រហ័ស​ដល់​គេហទំព័រ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​រូបិយប័ណ្ណ​ឌីជីថល bitcoin ហើយ​កាសែត​អាមេរិក The Telegraph បាន​សរសេរ​ថា​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​អនុវត្ត​តាម​ប្រទេស វ៉េណេស៊ុយអេឡា ជាមួយ​ផែនការ​រូបិយប័ណ្ណ​ឌីជីថល​ជាតិ​»​។

តំណាង​មកពី​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បាន​បដិសេធ​ការអះអាង​ទាំង​នោះ​កាលពី​ម្សិលមិញ​ដោយ​ថ្លែង​ថា រដ្ឋាភិបាល​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​កិច្ចប្រជុំ ឬ​ជាមួយ​ក្រុមហ៊ុន Entapay នោះ​ទេ ហើយ​ថា​មិន​មាន​ផែនការ​ក្នុង​ការ​អភិវឌ្ឍ​រូបិយប័ណ្ណ​ឌីជីថល​ជាតិ​នោះ​ដែរ​។

លោកស្រី ជា សិរី អគ្គនាយក​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា​៖ «​ជំហរ​របស់ NBC ចំពោះ​រូបិយប័ណ្ណ​អេឡិចត្រូនិក​គឺ​នៅ​ដដែល គឺថា​យើង​នៅ​​តែ​ចាត់ទុក​ឧបករណ៍​ហិរញ្ញវត្ថុ​នេះ​ថា​មាន​ហានិភ័យ​ខ្ពស់ ហើយ​មិន​ចង់​ឲ្យ​សាធារណជន​ជាប់​ពាក់ព័ន្ធ​នឹង​ឧបករណ៍​ហិរញ្ញវត្ថុ​នេះ​ទេ ឬ​ពួកគេ​ត្រូវ​យល់​ថា ប្រសិន​បើ [​នៅតែ​ចង់​ពាក់ព័ន្ធ​] ពួកគេ​ត្រូវ​ប្រឈម​ហានិភ័យ​ដោយ​ខ្លួនឯង​»​។

លោក សុខ ដារ៉ា អគ្គនាយករង SECC ឲ្យ​ដឹង​ថា​ទីភ្នាក់ងារ​របស់​លោក​មិន​ដែល​យល់​ព្រម​លើ​គម្រោង​នេះ​ទេ​។ លោក​ថ្លែង​ថា​៖ «​យើង​មិន​ដែល​ទទួល​ស្គាល់ ឬ​ផ្ដល់​ការយល់ព្រម​សម្រាប់​ការជួញដូរ​ណា​មួយ​ជា​រូបិយប័ណ្ណ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​»​។

លោក​បន្ត​ថា​៖ «​យើង​នៅ​តែ​រំឭក​ដល់​សាធារណជន​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ហានិភ័យ​របស់​រូបិយប័ណ្ណ​ឌីជីថល ដោយសារ​តែ​​វា​នៅ​តែ​មិន​ត្រូវ​បាន​គ្រប់គ្រង​នោះ​ទេ​»​។

គិត​ត្រឹម​ថ្ងៃទី​ ២ មីនា ក្រុមហ៊ុន Entapay ស្ទើរតែ​គ្មាន​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់​ខ្លួន​ទាល់តែ​សោះ​។

ក្រុម​អ្នក​ចូលរួម​ជាច្រើន​បាន​រាយ​ឈ្មោះ​ក្នុង​កិច្ចប្រជុំ​នេះ​ក៏​មិន​ត្រូវ​បាន​គេ​ស្គាល់​ដែរ ហើយ​មាន​តែ​ស្ថាប័ន​ ២ ​ប៉ុណ្ណោះ​ដែល​មាន​ពាក់ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា គឺ​សមាគម​អភិវឌ្ឍន៍​ឧស្សាហកម្ម Blockchain កម្ពុជា និង សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​។

លោក Vladimir Nodzak សហស្ថាបនិក​ក្រុមហ៊ុន Codingate ដែល​ថ្មីៗ​នេះ​បាន​ដំណើរការ​គំនិត​ផ្ដួចផ្ដើម​រូបិយប័ណ្ណ​ឌីជីថល​កម្ពុជា​បាន​ថ្លែង​ថា ព្រឹត្តិការណ៍​នេះ​ដូចជា​ចម្លែក​ណាស់​។

លោក​ថ្លែង​ថា​៖ «​រូបិយប័ណ្ណ​ឌីជីថល​និយាយ​អំពី​ទីផ្សារ​ដ៏ធំ​»​។ លោក​បន្ត​ថា​៖ «​ប៉ុន្តែ​ព្រឹត្តិការណ៍​ដែល​មាន​ពាក្យ​ថា​ «​អាស៊ាន​» បែរជា​ភ្ញៀវ​ភាគច្រើន​ចេញ​មក​ពី​ប្រទេស​ចិន និង​ទីក្រុង​ហុងកុង​ទៅ​វិញ ហើយ​ខ្ញុំ​គិត​ថា​ប្រជាជន​កម្ពុជា​ជាច្រើន​ទៅវិញ​ទេ​នឹង​ចូលរួម​នៅពេល​បង្ហាញ​រូបិយប័ណ្ណ​ឌីជីថល​ជាតិ​នេះ​»​។

សំបុត្រ​សម្រាប់​ចូលរួម​កិច្ចប្រជុំ​នេះ​មាន​តម្លៃ​ ៣០០ ​ដុល្លារ ខណៈ​សំបុត្រ VIP មាន​តម្លៃ ៦០០ ​ដុល្លារ​៕ LA