ក្រុងហាណូយៈ នគរបាល​វៀតណាម​បាន​ចូល​បំបែក​ទីតាំង​ភ្នាក់ងារ​ភ្នាល់​បាល់ទាត់​អនឡាញ​ ១ ​កន្លែង​ដែល​មាន​តម្លៃ​ប្រហែល ២៦ លាន​ដុល្លារ និង​ចាប់​ខ្លួន​មនុស្ស ៤ នាក់ ខណៈ​អាជ្ញាធរ​សម្លឹង​រក​ការបញ្ឈប់​ការ​ភ្នាល់​ល្បែង​នៅ​ទីផ្សារ​ងងឹត​ដែល​កើនឡើង​ក្នុង​អំឡុង​មាន​ព្រឹត្តិការណ៍​នានា​ដូចជា​កីឡា​បាល់ទាត់​ពិភពលោក​ជាដើម​។

ការ​ភ្នាល់​ល្បែង​ជា​អំពើ​ខុស​ច្បាប់​នៅ​ប្រទេស​វៀតណាម​ក្រៅ​ពី​ឆ្នោត​របស់​រដ្ឋ​និង​កាស៊ីណូ​មួយ​ចំនួន​ដែល​បើកចំហ​សម្រាប់​តែ​ជនបរទេស​។

ប៉ុន្តែ​ច្បាប់​នេះ​មាន​ភាព​ខ្វះ​ចន្លោះ​យ៉ាង​ខ្លាំង ជាពិសេស​ក្នុង​អំឡុងពេល​មាន​ការ​ប្រកួត​កីឡា​ធំៗ​ជា​ពេល​អ្នក​ភ្នាល់​ល្បែង​ជាច្រើន​ភ្នាល់​តាម​អនឡាញ ឬ​ធ្វើដំណើរ​ទៅ​កាន់​ទីតាំង​ភ្នាល់​ល្បែង​ខុស​ច្បាប់​ដើម្បី​ផ្សងសំណាង​របស់​ពួកគេ​។

មនុស្ស ៤ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នោះ​នៅ​លើ​ទំព័រ​កាសែត Cong An Nhan Dan ផ្លូវការ​របស់​នគរបាល​ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​កោះហៅ​ដើម្បី​សាកសួរ​ផង​ដែរ​។

ជនសង្ស័យ​បាន​សារភាព​ចំពោះ​ប្រតិបត្តិការ​បង្ក្រាប​ភ្នាល់​បាល់​នេះ​តាមរយៈ​គេហទំព័រ​មួយ​មាន​មូលដ្ឋាន​នៅ​ហ្វីលីពីន​។

ទូរទស្សន៍ Vietnam Television របស់​រដ្ឋ​វៀតណាម​បាន​រាយការណ៍​ថា​៖ «​ចាប់ពី​ដើម​ឆ្នាំ ២០១៧ មក​ប្រតិបត្តិការ​ភ្នាល់​ល្បែង​សរុប​មាន​តម្លៃ​ប្រហែល ២៦ លាន​ដុល្លារ​»​។ សេចក្តី​រាយការណ៍​បន្ត​ថា​មនុស្ស​រាប់ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​វៀតណាម​បាន​ប្រើប្រាស់​សេវា​របស់​ភ្នាក់ងារ​ល្បែង​នេះ​។

ស្ថិត​ក្រោម​ច្បាប់​ព្រហ្មទណ្ឌ​វៀតណាម ការ​ភ្នាល់​ល្បែង ឬ​រៀបចំ​ការ​ភ្នាល់​ល្បែង​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ១០ ឆ្នាំ​៕ KC