ក្រុង​វ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​ថា អាមេរិក​នឹង​​បញ្ចប់​​ប្រព័ន្ធ​អនុគ្រោះ​​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​​ប្រទេស ​ឥណ្ឌា ចាប់​ពី​ថ្ងៃ​ពុធ​ទៅ ដែល​ជា​​​​ឧបសគ្គ​សេដ្ឋកិច្ច​ថ្មី​មួយ​សម្រាប់​ទីក្រុង​ញូវដែលី ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ជួប​ប្រទះ​​​​កំណើន​សេដ្ឋកិច្ច​យឺត និង​​អត្រា​គ្មាន​ការងារ​ធ្វើ​ខ្ពស់​។​

ឥណ្ឌា ​គឺ​ជា​ប្រទេស​ដែល​​បាន​​ទទួល​អត្ថប្រយោជន៍​ធំ​ជាង​​​គេ​តែ​មួយ​គត់​នៃ​​កម្មវិធី​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ​ GSP ​ដែល​​មាន​អាយុ​ជា​ច្រើន​ទសវត្សរ៍​របស់​​​អាមេរិក​ ដោយ​អាច​ឲ្យ​ប្រទេស​នេះ​នាំចេញ​​ទំនិញ​រួច​ពន្ធ​​​ក្នុង​​​តម្លៃ​ ៥,​៧ ​ពាន់​លាន​ដុល្លារ​ ​កាល​ពី​ឆ្នាំ ​ ២០១៧។ នេះ​បើ​យោង​តាម​តួលេខ​​បាន​ពី​សភា​អាមេរិក​។​

លោក​ ត្រាំ បាន​​ឲ្យ​ដឹង​​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ដែល​​ចេញ​ផ្សាយ​កាល​ពី​រសៀល​​ថ្ងៃ​សុក្រ​​សប្តាហ៍​មុន​ថា ​លោក​ចង់​ទទួល​បាន​លទ្ធភាព​​កាន់​តែ​​ធំ​ចូល​ទៅ​​ប្រទេស​មហា​យក្ស​អាស៊ី​​ខាង​ត្បូង​​មួយ​នេះ​​សម្រាប់​​ទំនិញ​អាមេរិក​។​

លោក​ ត្រាំ ថ្លែង​ថា​៖ «​ខ្ញុំ​បាន​កំណត់​​ថា ​ប្រទេស ​ឥណ្ឌា ​មិន​បាន​អះអាង​មក​កាន់​​អាមេរិក​នោះ​​ទេ​​ថា ​ឥណ្ឌា​​នឹង​ផ្ដល់​លទ្ធភាព​ចូល​ទៅ​ទីផ្សារ​របស់​ខ្លួន​ប្រកប​​​ដោយ​សមភាព និង​សម​ហេតុផល​»។​ ​លោក​បន្ថែម​​​ថា​៖ «​អាស្រ័យ​ហេតុ​នេះ ​វា​ជា​ការ​សម​ស្រប​ក្នុង​ការ​បញ្ចប់​ការ​ចាត់​តាំង​ឥណ្ឌា​ថា ​ជា​​​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ទទួល​ផល​ប្រយោជន៍​​មួយ​»។​

លោក ត្រាំ បាន​ប្រកាស​​នៅ​ខែ​​មីនា​ថា ​លោក​នឹង​បញ្ចប់​​កិច្ច​ព្រមព្រៀង​អនុគ្រោះ​ពាណិជ្ជកម្ម​​ជាមួយ​​ឥណ្ឌា ប៉ុន្តែ​​មិន​​បាន​ផ្ដល់​កាល​បរិច្ឆេទ​នោះ​ទេ​។​

ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្វែងរក​​​ការ​ធ្វើ​ឲ្យ​ប្រទេស ​ឥណ្ឌា ​​​ក្លាយ​​ជា​សម្ព័ន្ធ​ផ្នែក​ការ​ទូត​កាន់​​តែ​ជិត​ស្និទ្ធ​មួយ ប៉ុន្តែ​បាន​ត្អូញត្អែរ​រយៈពេល​យូរ​មក​ហើយ​​​អំពី​​លទ្ធភាព​តិចតួច​ក្នុង​​ការ​ចូល​​ទៅ​ទីផ្សារ​ដ៏​ធំ​មាន​ប្រជាជន​ ១,៣​ ពាន់​លាន​នាក់​នេះ។​​

អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​​ចំនួន ២៦,​៧​ ពាន់​លាន​ដុល្លារ ​ជាមួយ​ប្រទេស ​ឥណ្ឌា ​​ក្នុង​ឆ្នាំ ​២០១៧ និង​ ២០១៨។​

ការ​ប្រកាស​នេះ ​គឺ​ជា​ឧបសគ្គ​ចុង​ក្រោយ​បំផុត​​ដែល​​គំរាម​​រដ្ឋាភិបាល​​​របស់​​​លោក​នាយក​រដ្ឋមន្ដ្រី​ Narendra Modi ដែល​​បាន​ជាប់​ឆ្នោត​​ជា​ថ្មី​ក្នុង​អាណត្តិ​ទី២ ​មួយ​​ផ្នែក​ដោយសារ​កំណត់ត្រា​​​របស់​លោក​ក្នុង​នាម​ជា​អ្នក​ធ្វើ​កែ​ទម្រង់​សេដ្ឋកិច្ច​ ​១ រូប​៕ AFP/LA