ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​យល់ព្រម​បន្ត​ការអនុគ្រោះ​ពន្ធ​ទូទៅ​ប្រចាំ​ឆ្នាំ ២០១៨ សម្រាប់​ប្រទេស​ក្រីក្រ​ទាំងអស់​ដែល​នាំ​ទំនិញ​ទៅ​អាមេរិក​ក្នុង​នោះ​រួម​មាន​ទាំង​កម្ពុជា​ផង​ដែរ​។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ជាក់​ថា​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពី​ថ្ងៃទី​ ២៣ ខែ​មីនា ២០១៨ បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្តីពី Consolidated Appropriations Act, 2018 ដើម្បី​បន្ត​ឡើង​វិញ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP) ​ដោយ​ភ្ជាប់​ជាមួយ​ការធ្វើ​ប្រតិសកម្ម​ពី​ថ្ងៃ​ទី​ ១ ខែ​មករា ឆ្នាំ​ ២០១៨ ដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ​ ២០២០​។

ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ជូន​ដំណឹង​ដល់​ពាណិជ្ជករ​កម្ពុជា​ដែល​នាំ​ទំនិញ​ទៅ​លក់​នៅ​អាមេរិក ហើយ​បាន​ជាប់​ពន្ធ​បណ្តោះអាសន្ន​ចាប់ពី​ខែ​មករា​ឆ្នាំ​នេះ​មក ឲ្យ​ធ្វើការ​ស្នើសុំ​ដក​ប្រាក់​ពន្ធ​នោះ​ត្រឡប់​មក​វិញ​។

ច្បាប់​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) តែង​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ធ្វើការ​ត្រួតពិនិត្យ និង​ផ្តល់​សុពលភាព​ឡើង​វិញ​ជា​ប្រចាំ​ឆ្នាំ ដើម្បី​អនុញ្ញត​ឲ្យ​ប្រទេស​ក្រីក្រ​ជាច្រើន​រួម​ទាំង​កម្ពុជា​អាច​នាំចូល​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អាមេរិក​ដោយ​មិន​ជាប់​កាតព្វកិច្ច​ពន្ធគយ​។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ក្នុង​វិស័យ​នាំ​ចេញ​។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​លើក​ឡើង​ថា​៖ «​ចំពោះ​អ្នក​ដែល​បាន​នាំ​ចូល​ទៅ​សហរដ្ឋ​អាមេរិក​គិត​ចាប់ពី​ថ្ងៃ​ទី​ ១ មករា​ឆ្នាំ ២០១៨ អាច​ស្នើសុំ​ដក​ប្រាក់​ពន្ធ​ដែល​បាន​បង់​រួច​មក​វិញ​បាន​តាម​ការជូន​ដំណឹង​របស់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក (USTR)»​។

GSP គឺជា​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដែល​អាមេរិក​ផ្តល់​ឲ្យ​ប្រទេស​ក្រីក្រ​ជាច្រើន​នៅ​លើ​ពិភពលោក​រួមមាន​កម្ពុជា​ផង​ដែរ​។ តាមរយៈ​ប្រព័ន្ធ GSP នេះ​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​ដោយ​មិន​គិត​ពន្ធគយ​លើ​ទំនិញ​ជាច្រើន​មុខ​។ តែ​យ៉ាងណា​ក៏ដោយ​មុខ​ទំនិញ​ទាំងនោះ​ភាគច្រើន​ជា​ទំនិញ​ដែល​កម្ពុជា​មិន​ទាន់​ផលិត​បាន ខណៈ​ទំនិញ​ដែល​កម្ពុជា​កំពុង​នាំ​ចេញ​ទៅ​​អាមេរិក ដូចជា​សម្លៀកបំពាក់ និង ស្បែកជើង​ជាដើម មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​មុខ​ទំនិញ​រួច​ពន្ធ GSP នៅ​ឡើយ​នោះ​ទេ​។

កាលពី​ខែ​កក្កដា​ឆ្នាំ​ ២០១៦ អាមេរិក​បាន​ធ្វើការ​សម្រេច​ថ្មី​ដោយ​បញ្ចូល​មុខ​ទំនិញ​ទាក់ទង​នឹង​ការធ្វើ​ដំណើរ​ដែល​ផលិត​នៅ​កម្ពុជា​ទៅ​ក្នុង​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ GSP ដែល​អនុញ្ញាត​ឲ្យ​ទំនិញ​មួយ​ចំនួន​ដូចជា កាបូប​យួរដៃ កាបូបស្ពាយ វ៉ាលិស កាតាប និង​សម្ភារ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​ការធ្វើ​ដំណើរ បាន​ទទួល​ការ​រួច​ពន្ធគយ​ពេល​នាំ​ចូល​ទៅ​អាមេរិក​។

អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​ហាក់​មិន​បាន​បង្ហាញ​ពី​ភាព​ភ្ញាក់ផ្អើល​នោះ​ទេ​ចំពោះ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​អាមេរិក​នេះ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ឲ្យ​ដឹង​ថា​ជាទូទៅ​កិច្ចសន្យា​ទិញ​លក់​ទំនិញ​តែង​ជា​កិច្ចសន្យា​លក់​ដែល​ចប់​ត្រឹម​កំពង់ផែ (FOB) ដែល​មិន​សូវ​មាន​កិច្ចសន្យា​បញ្ជូន​ផលិតផល និង​ដឹក​ដល់​ឃ្លាំង​នៅ​អាមេរិក​នោះ​ទេ​។ ដូច្នេះ​ហើយ​ជាក់ស្តែង ភារកិច្ច​ក្នុង​ការ​ស្នើសុំ​ប្រាក់​បង់ពន្ធ​មក​វិញ​ប្រហែល​ជា​ភាគច្រើន​ជា​កិច្ចការ​របស់​អ្នក​ចូល​នៅ​អាមេរិក​។

យ៉ាងណា​ក៏ដោយ​លោក​បញ្ជាក់​​ថា​៖ «​វា​ជា​ការ​ល្អ​ណាស់​ដែល​ប្រព័ន្ធ GSP ត្រូវ​បាន​ផ្តល់​ឲ្យ​វិញ​។ បន្ថែម​ពី​នេះ​យើង​រំពឹង​ថា​នៅពេល​មាន​ការ​ត្រួតពិនិត្យ​លើក​ក្រោយ​ទៀត យើង​សង្ឃឹម​ថា​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​យើង​ក៏​នឹង​អាច​បញ្ចូល​ក្នុង​បញ្ជី​មុខ​ទំនិញ​រួច​ពន្ធ GSP ផង​ដែរ​នាពេល​ខាង​មុខ​»​។ លោក​បន្ត​ថា​៖ «​ជាការ​ទទួល​ស្គាល់​ពី​ដំណើរការ​ល្អ​រួម​ទាំង​ការកែ​លម្អ​លក្ខខណ្ឌ​ការងារ និង​មាន​ការ​ការពារ​សិទិ្ធ​កម្មករ​ត្រឹមត្រូវ ផលិតផល​កាន់តែ​ច្រើន​ឡើង​ចេញ​ពី​កម្ពុជា​គួរ​ត្រូវ​បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ដែល​កត្តា​នេះ​ក៏​ឆ្លើយតប​នឹង​ការ​តាំង​ចិត្ត​របស់​អាមេរិក​ក្នុង​ការ​បង្កើន​មុខ​ទំនិញ​ពី​ប្រទេស​ក្រីក្រ​ចូល​ក្នុង​បញ្ជី GSP»​។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម (EMC) លើកឡើង​ថា​កន្លង​មក​មាន​ការ​បារម្ភ និង​ក្តី​មន្ទិល​ជាច្រើន​ទាក់ទង​នឹង​ផលប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ហើយ​អ្នកនយោបាយ​ពី​គ្រប់​និន្នាការ​តែង​ធ្វើការ​បកស្រាយ​ផ្សេងៗ​គ្នា​ដើម្បី​ប្រយោជន៍​នយោបាយ​រៀង​ខ្លួន​។ លោក​លើក​ឡើង​ថា​ការអនុម័ត​ជា​ផ្លូវការ​នៃ​ប្រព័ន្ធ GSP ពី​រដ្ឋាភិបាល​អាមេរិក​នេះ​បាន​ជួយ​ឲ្យ​សាធារណជន​មាន​ការ​ធូរស្រាល​ក្នុង​ចិត្ត​។ លោក​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​មាន​ផល​វិជ្ជមាន​ជាច្រើន​សម្រាប់​ទំនាក់​ទំនង​របស់​​ប្រទេស​ទាំង​ ២​។ ទោះបី​ជា​ប្រយោជន៍​លុយ​កាក់​នៅ​មាន​កម្រិត​ដោយសារ​អ្នក​នាំ​ចេញ​ទំនិញ​សំខាន់ៗ​មួយ​ចំនួន​មិនទាន់​បាន​ផល​ក៏ដោយ​»​។ លោក​បន្ត​ថា​៖ «​ខ្ញុំ​យល់​ថា​ភាគី​នយោបាយ​មិន​ថា ភាគី​ណា​ក៏ដោយ គួរ​កុំ​ឲ្យ​យក​ការវិវត្ត [​ពី GSP] នេះ​បកស្រាយ​រៀងៗ​ខ្លួន ដើម្បី​ជា​ផលចំណេញ​ផ្ទាល់​ខ្លួន​អី​។ តែ​គួរ​យក​ការវិវត្ត​នេះ​ជា​ផលចំណេញ​ការបរទេស​វិញ​»៕