ក្រុង​វ៉ាស៊ីនតោនៈ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​ពន្យារ​ពេល​ ៩០ ថ្ងៃ​ ចំពោះ​ការ​​ហាម​ឃាត់​របស់​ខ្លួន​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei​ របស់​ប្រទេស​ ​ចិន ដោយ​និយាយ​ថា លម្ហ​ដក​ដង្ហើម​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ចៀសវាង​ការ​កើត​មាន​ការ​​អាក់ខាន​ដ៏​ធំធេង​ចំពោះ​ឧស្សាហកម្ម​នេះ។

សេចក្តី​ប្រកាស​​មួយ​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យ​ដឹងថា ការ​ពន្យារពេល​នេះ​មិន​ផ្លាស់​ប្តូរ​ការ​ហាមឃាត់​ដែល​ដាក់​ដោយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដោយ​ឈរ​លើ​ហេតុផល​សន្តិសុខ​ជាតិ​នោះ​ឡើយ ពោល​គឺ​ជា​ចំណាត់ការ​មួយ​ដែល​មាន​ភាព​ជំពាក់ជំពិន​ខ្លាំង​សម្រាប់​ទាំង​ក្រុមហ៊ុន​អាមេរិក និង​ក្រុមហ៊ុន​ចិន។

ជំនួស​មក​វិញ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ផ្តល់​អាជ្ញាប័ណ្ណ​បណ្តោះ​អាសន្ន​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Huawei បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​អាមេរិក។

លោក Wilbur Ross រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ​បាន​ថ្លែង​ថា៖ «អាជ្ញាប័ណ្ណ​បណ្តោះ​អាសន្ន​នេះ​ផ្តល់​ឲ្យ​ប្រតិបត្តិករ​នានា​នូវ​ពេលវេលា​ដើម្បី​ធ្វើ​ការ​រៀបចំ​ខ្លួន​ផ្សេងៗ និង​ផ្តល់​ពេលវេលា​ដល់​ក្រសួង​ដើម្បី​កំណត់​វិធានការ​រយៈពេល​វែង​សម​ស្រប​សម្រាប់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​អាមេរិក និង​បរទេស ដែល​បច្ចុប្បន្ន​ពឹង​ផ្អែក​លើ​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei សម្រាប់​សេវា​សំខាន់ៗ»។

លោក​បន្ថែម​ថា៖ «ជារួម អាជ្ញាប័ណ្ណ​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ប្រតិបត្តិការ​ជា​បន្ត​សម្រាប់​​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ​Huawei ដែល​មាន​ស្រាប់ និង​បណ្តាញ​បញ្ជូន​ទិន្នន័យ​ទូលំ​ទូលាយ (broadband) នៅ​ទី​ជនបទ»។

ការ​ប្រឈម​មុខ​ដាក់​គ្នា​របស់​ក្រុមហ៊ុន Huawei បាន​កើត​មាន​ឡើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ក្រុមហ៊ុន​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក​​មួយ​នេះ​បាន​ប្រកួត​ប្រជែង​ឆ្ពោះ​ទៅ​រក​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​ដ៏​ធំធេង​លើ​ដៃគូ​ប្រជែង​នានា​ខាង​ផ្នែក​បច្ចេកវិទ្យា​ចល័ត​ជំនាន់​ក្រោយ 5G។

សេវា​ស៊ើប​ការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ជឿ​ថា ក្រុមហ៊ុន Huawei ត្រូវ​បាន​គាំទ្រ​ដោយ​យោធា​ចិន និង​ថា ឧបករណ៍​ទូរគមនាគមន៍​របស់​ក្រុមហ៊ុន​​នេះ​អាច​ផ្តល់​ការ​ស៊ើប​ការណ៍​ឲ្យ​ទីក្រុង​ប៉េកាំង​ចូល​ទៅ​ក្នុង​បណ្តាញ​ទូរគមនាគមន៍​របស់​ប្រទេស​ជា​គូ​ប្រជែង។

ដោយ​ហេតុផល​នេះ ទីក្រុង​វ៉ាស៊ីនតោន​បាន​ជំរុញ​ឲ្យ​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​​ខ្លួន​ច្រាន​ចោល​បច្ចេកវិទ្យា​ Huawei ដែល​ជា​បញ្ហា​ប្រឈម​ខ្លាំង​មួយ​ដោយសារ​​ជម្រើស​​សេវា 5G មាន​តិច​តួច។

កាល​ពី​សប្តាហ៍​មុន លោក​ ត្រាំ បាន​ប្រកាស «អាសន្ន​ថ្នាក់​ជាតិ​» មួយ ដែល​​ផ្តល់​​អំណាច​ដល់​លោក​ក្នុង​ការ​ដាក់​ក្រុមហ៊ុន​នានា​ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ជា «ហានិភ័យ​​ដែល​​មិន​អាច​​ទទួល​​យក​បាន​ចំពោះ​សន្តិសុខ​ជាតិ​របស់​សហដ្ឋ​អាមេរិក» ពោល​គឺ​ជា​​ចំណាត់​ការ​មួយ​ដែល​ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ មាន​គោល​បំណង​យ៉ាង​ច្បាស់​សំដៅ​លើ​ក្រុមហ៊ុន Huawei។

ស្រប​ពេល​នេះ​ដែរ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ប្រកាស​ពី​ការ​ហាម​ឃាត់​​​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ក្រុមហ៊ុន​អាមេរិក​ដែល​លក់ ឬ​ផ្ទេរ​បច្ចេកវិទ្យា​របស់​អាមេរិក​ទៅ​ឲ្យ​ក្រុមហ៊ុន Huawei មុន​ពេល​ចេញ​បញ្ជា​ឲ្យ​ពន្យារពេល​ការ​អនុវត្ត​ការ​ហាមឃាត់​រយៈពេល ៩០ ថ្ងៃ​នេះ។

ប៉ុន្តែ​ការ​ប្រជែង​គ្នា​របស់​ Huawei មាន​លើស​ពី​បញ្ហា​សន្តិសុខ​ជាតិ​របស់​អាមេរិក។ ទីក្រុង​វ៉ាស៊ីនតោន​មើល​ឃើញ​​ការ​កើន​ឡើង​របស់​ក្រុមហ៊ុន​នេះ​ថា​ជា​សញ្ញា​នៃ​ការ​ក្លាយជា​អ្នក​ដឹកនាំ​បច្ចេកវិទ្យា​ និង​សេដ្ឋកិច្ច​ពិភព​លោក​របស់​​ចិន ដែល​តំណែង​នេះ​បច្ចុប្បន្ន​ជា​របស់​អាមេរិក៕ AFP/KC