ក្រុងវ៉ាស៊ីនតោនៈ អាជ្ញាធរអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលកម្រិតខ្ពស់មួយនៃការស៊ើបអង្កេតឧក្រិដ្ឋកម្ម ដែលអាចបណ្ដាលឲ្យមានការចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេស ចិន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃពុធ។
កាសែត Wall Street Journal ដែលបានដកស្រង់ប្រភពអនាមិករាយការណ៍ថា ក្រសួងយុត្តិធម៌ កំពុងពិនិត្យមើលការចោទប្រកាន់ពីបទចារកម្មព័ត៌មានសម្ងាត់ពាណិជ្ជកម្មពីដៃគូពាណិជ្ជកម្មអាមេរិករបស់ក្រុមហ៊ុន Huawei ដែលរួមមានទាំងឧបករណ៍មនុស្សយន្តរបស់ក្រុមហ៊ុន T-Mobile ដែលត្រូវបានប្រើប្រាស់ក្នុងការធ្វើតេស្តទូរស័ព្ទស្មាតហ្វូនផងដែរ។
ក្រុមហ៊ុន Huawei និងក្រសួងយុត្តិធម៌អាមេរិកបានបដិសេធធ្វើអត្ថាធិប្បាយអំពីសេចក្តីរាយការណ៍នេះ។
ប៉ុន្តែក្រុមហ៊ុន Huawei បានកត់សម្គាល់ថា៖ «ក្រុមហ៊ុន Huawei និង T-Mobile បានដោះស្រាយជម្លោះរបស់ខ្លួនកាលពីឆ្នាំ ២០១៧ រួចហើយ បន្ទាប់ពីសាលក្រមតុលាការអាមេរិកមិនបានរកឃើញការខូចខាត ការរកប្រាក់ចំណេញដោយមិនស្មើភាព ការធ្វើតាមចិត្តឯង និងការព្យាបាទដែលត្រូវបានចោទប្រកាន់ថា បង្កឡើងដោយ Huawei ក្នុងករណីព័ត៌មានសម្ងាត់ពាណិជ្ជកម្មរបស់ក្រុមហ៊ុន T-Mobile»។
វិធានការនេះ នឹងបង្កើនភាពតានតឹងបន្ថែមទៀតរវាងអាមេរិក និងចិន បន្ទាប់ពីមានការចាប់ខ្លួនលោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ដែលជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ចិននេះ កាលពីចុងឆ្នាំមុននៅប្រទេស កាណាដា។
ករណីលោកស្រី Meng ដែលស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ រង់ចាំដំណើរការនីតិវិធីតុលាការ បានធ្វើឲ្យប៉ះពាល់ទំនាក់ទំនងអាមេរិក និងចិន និងទំនាក់ទំនងកាណាដា និងចិន។
ជនជាតិកាណាដា ២ រូប ត្រូវបានឃុំខ្លួននៅក្នុងប្រទេស ចិន ចាប់តាំងពីការចាប់ខ្លួនរបស់លោកស្រី Meng និងមនុស្សទី ៣ ត្រូវបានកាត់ទោសប្រហារជីវិតពីបទការចោទប្រកាន់រត់ពន្ធគ្រឿងញៀន ពោលគឺជាចំណាត់ការមួយដែលក្រុមអ្នកអង្កេតស្ថានការណ៍មើលឃើញថាជាការប៉ុនប៉ងដោយទីក្រុងប៉េកាំង ដើម្បីដាក់សម្ពាធលើទីក្រុងអូតាវ៉ា ដោយសារតែករណីរបស់លោកស្រី Meng។
ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំទី ២ ក្នុងពិភពលោក និងជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំជាងគេក្នុងពិភពលោក ត្រូវស្ថិតក្រោមការត្រួតពិនិត្យរយៈពេលជាច្រើនឆ្នាំនៅអាមេរិក ដោយសារការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់ប្រទេស ចិន។
លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei ក្នុងបទសម្ភាសតាមប្រព័ន្ធព័ត៌មានដ៏កម្រមួយកាលពីថ្ងៃអង្គារ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ថា ក្រុមហ៊ុនរបស់លោកបានជាប់ពាក់ព័ន្ធចារកម្មតាំងនាមឲ្យរដ្ឋាភិបាលចិន។
ភាពតានតឹងកើតឡើងក្នុងគ្រាដែលមានកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបង្កើនផលិតកម្មនៅលើទឹកដីអាមេរិក និងក្នុងការដំឡើងពន្ធនាំចូលលើទំនិញរបស់ចិន សម្រាប់អ្វីដែលលោកបានអះអាងថា ជាការអនុវត្តពាណិជ្ជកម្មមិនស្នើភាពគ្នា ដោយទីក្រុងប៉េកាំង។
ក្នុងវិធានការដែលពាក់ព័ន្ធមួយផ្សេងទៀត តំណាងរាស្ដ្របានដាក់សំណើច្បាប់មួយ ដើម្បីហាមឃាត់ការនាំចេញគ្រឿងបន្លាស់របស់អាមេរិកទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេស ចិន ដែលរំលោភច្បាប់គ្រប់គ្រងការនាំចេញ ឬច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក ដោយក្រុមហ៊ុន Huawei និង ZTE របស់ចិនទំនងជានឹងក្លាយជាទិសដៅនេះ។
លោក Tom Cotton សមាជិកព្រឹទ្ធសភាសាធារណៈរដ្ឋ ដែលជាសមាជិកម្នាក់ក្នុងចំណោមច្រើននាក់ដែលគាំទ្រច្បាប់នេះ ថ្លែងថា៖ «ក្រុមហ៊ុន Huawei គឺជាសាខាប្រមូលព័ត៌មានចារកម្មរបស់គណបក្សកុម្មុយនីស្ដចិន ដែលស្ថាបនិក និងអគ្គនាយករបស់ខ្លួន គឺជាវិស្វករបម្រើការងារនៅក្នុង កងទ័ពរំដោះប្រជាជនចិន»។
លោក Chris Van Hollen សមាជិកព្រឹទ្ធសភាមកពីបក្សប្រជាធិបតេយ្យ បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ក្រុមហ៊ុន Huawei និង ZTE គឺជាផ្នែកសងខាងនៃកាសតែមួយ។ ក្រុមហ៊ុនទាំង ២ បានរំលោភច្បាប់អាមេរិកជាបន្តបន្ទាប់ ដែលបង្កជាហានិភ័យធំមួយដល់ផលប្រយោជន៍សន្ដិសុខជាតិ ហើយចាំបាច់ត្រូវធ្វើឲ្យមានគណនេយ្យភាព»។
កាលពីឆ្នាំមុន លោក ត្រាំ សម្រេចបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ZTE ដែលជួយសម្រាលការផាកពិន័យហិរញ្ញវត្ថុយ៉ាងតឹងរ៉ឹងលើក្រុមហ៊ុននេះ ដោយសារបទចោទពីការជួយប្រទេស អ៊ីរ៉ង់ និងកូរ៉េខាងជើងគេចផុតពីការដាក់ទណ្ឌកម្មរបស់អាមេរិក៕ AFP/LA