វ៉ាស៊ីនតោនៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយផ្នែកជាមួយប្រទេស ចិន បន្ទាប់ពីការចរចានៅទីក្រុងវ៉ាស៊ីនតោនជាមួយលោក Liu He ឧបនាយករដ្ឋមន្ដ្រី។
ទាំងនេះគឺជាចំណុចដ៏សំខាន់នៃកិច្ចព្រមព្រៀងដែលមិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយទេ។
កិច្ចព្រមព្រៀងជាគោលការណ៍
លោក ត្រាំ បានឲ្យដឹងថាលោកសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងមួយនឹងត្រូវបានចុះហត្ថលេខាជាមួយលោកប្រធានាធិបតី ស៊ី ជីនភីង «ក្នុងរយៈពេល ៤ សប្ដាហ៍ ឬ ៥ សប្ដាហ៍ខាងមុខ»។
ការចុះហត្ថលេខាអាចធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកានៅប្រទេសស៊ីលីនៅក្រៅជំនួបនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។
លោក Steven Mnuchin រដ្ឋមន្ដ្រីក្រសួងរតនាគារបានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «យើងមានការយល់ដឹងជាមូលដ្ឋានមួយលើបញ្ហាសំខាន់ៗ ប៉ុន្តែមានការងារជាច្រើនត្រូវធ្វើ»។ លោកថ្លែងថា៖ «យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ លុះត្រាតែយើងអាចទទួលបានហើយអាចប្រាប់លោកប្រធានាធិបតី ថានេះកំពុងមាននៅលើឯកសារ»។
លោក Mnuchin បានឲ្យដឹងថាលោក Liu ចាំបាច់ត្រូវ «ត្រឡប់ទៅធ្វើការងារមួយចំនួនជាមួយក្រុមរបស់លោក ប៉ុន្តែយើងបានធ្វើឲ្យមានការរីកចម្រើនជាច្រើនក្នុងរយៈពេល ២ ថ្ងៃចុងក្រោយនេះ» ដែលផ្ដល់សញ្ញាថា ការយល់ព្រមពីកម្រិតខ្ពស់បំផុតនៅទីក្រុងប៉េកាំងនឹងត្រូវបានស្វែងរក។
កសិកម្ម
ប្រទេស ចិន បានសន្យាថានឹងបង្កើនការទិញទំនិញកសិកម្មអាមេរិកពី ៤០ ទៅ ៥០ ពាន់លានដុល្លារក្នុង ១ ឆ្នាំ ដែលនឹងកើនឡើងជាង ២ ដង នៃកម្រិតកាលពីឆ្នាំ ២០១៧ ។
កាលពីឆ្នាំ ២០១៧ មុនពេលសង្គ្រាមពាណិជ្ជកម្មបានចាប់ផ្ដើមប្រទេសចិនបាននាំចូលទិន្នផលកសិកម្មអាមេរិកមានតម្លៃ ១៩,៥ ពាន់លានដុល្លារ ធ្លាក់ចុះមកនៅត្រឹមជាង ៩ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨។
ហិរញ្ញវត្ថុ និងរូបិយប័ណ្ណ
លោក Mnuchin បានថ្លែងកាលពីថ្ងៃសុក្រថា៖ «យើងមានការពិភាក្សាគ្នាដ៏ល្អមួយជាមួយប្រធានធនាគារកណ្ដាលប្រជាជនចិន»។ លោកបន្តថា៖ «យើងក៏មានការពិភាក្សាជាច្រើនផងដែរលើសេវាហិរញ្ញវត្ថុដែលបើកចំហទីផ្សាររបស់ពួកគេដល់ក្រុមហ៊ុនសេវាហិរញ្ញវត្ថុរបស់យើង។ ដូច្នេះយើងមានការពិភាក្សាច្រើនស្ទើរតែបញ្ចប់កិច្ចព្រមព្រៀងមួយស្ដីពីបញ្ហា ២ ក្នុងចំណោមបញ្ហាទាំងនោះ»។
លោកបញ្ជាក់ថា៖ «រូបិយប័ណ្ណគឺជាការបារម្ភដ៏ធំបំផុតមួយ ហើយយើងមានកិច្ចព្រមព្រៀងមួយជុំវិញតម្លាភាពនៅក្នុងទីផ្សារប្តូរប្រាក់បរទេស និងទីផ្សារសេរី ដូច្នេះយើងរីករាយយ៉ាងខ្លាំងជាមួយការងារនោះ»។
ក្រសួងរតនាគារអាមេរិកកាលពីខែសីហាបានហៅប្រទេសចិនថា ជាប្រទេសក្រឡុកទីផ្សាររូបិយប័ណ្ណ ដែលចោទទីក្រុងប៉េកាំងពីបទទម្លាក់តម្លៃប្រាក់យន់ដោយចេតនា ដើម្បីទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មមិនស្មើភាព។
ការផ្ទេរបច្ចេកវិទ្យា
លោក ត្រាំ បានឲ្យដឹងថាការចរចានេះ «បានធ្វើឲ្យមានការរីកចម្រើនល្អបំផុតលើការផ្ទេរបច្ចេកវិទ្យា» ដែលជាចំណុចដ៏សំខាន់មួយនៃការខ្វែងគំនិតគ្នា។ ដោយមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែម លោកបានឲ្យដឹងថា កិច្ចព្រមព្រៀងមួយអាចសម្រេចបានក្នុងពេលឆាប់ៗជាមួយនឹងក្រុមហ៊ុនអាមេរិកជាច្រើន ដែលចែករំលែកជំនាញរបស់ពួកគេជាថ្នូរនឹងការទទួលបានការចូលទីផ្សាររបស់ប្រទេសចិន។
ការដោះស្រាយជម្លោះ
លោក Robert Lighthizer តំណាងពាណិជ្ជកម្មជាប្រធានអ្នកចរចារបស់អាមេរិកបានឲ្យដឹងថា យន្តការដោះស្រាយជម្លោះកំពុងត្រូវបានបញ្ចប់។ យន្តការនេះត្រូវបានអាមេរិកមើលឃើញថា មានសារៈសំខាន់ក្នុងការអនុវត្តកិច្ចព្រមព្រៀងណាមួយ។ លោក Lighthizer បានឲ្យដឹងថា ជុំបន្ទាប់នៃពន្ធនាំចូលដែលគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី ១៥ ខែធ្នូ អាចត្រូវបានលុបចោល៕ LA