ក្រុងវ៉ាស៊ីនតោនៈ មន្ត្រីពាណិជ្ជកម្មរបស់រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធថា ពួកខ្លួននឹងផ្តល់ការឆ្លើយតបផ្លូវការមួយនៅថ្ងៃចន្ទសប្តាហ៍ក្រោយទៅនឹងពន្ធឌីជីថលរបស់ប្រទេស បារាំង ដែលដកហូតលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតលើគោលនយោបាយនេះ។
ទីភ្នាក់ងាររបស់អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថា៖ «ទីភ្នាក់ងារពាណិជ្ជកម្មអាមេរិកកំពុងស្ថិតក្នុងដំណើរការបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន។ ទីភ្នាក់ងារនេះបានបន្ថែមថា ខ្លួននឹងចេញផ្សាយលទ្ធផលនានានៅថ្ងៃទី ២ ខែធ្នូ ជាពេលដែលទីភ្នាក់ងារនេះ «ក៏នឹងប្រកាសវិធានការដែលត្រូវបានស្នើឡើងណាមួយក្នុងការស៊ើបអង្កេតនេះ» នេះផងដែរ។
ច្បាប់ស្តីពីពន្ធឌីជីថលរបស់ប្រទេស បារាំង ដែលបានអនុម័តនៅដើមឆ្នាំនេះបន្ទាប់ពីមានការបោះឆ្នោតនៅក្នុងសភានឹងដកហូតពន្ធ ៣ ភាគរយ លើប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដែលរកចំណូលបានក្នុងប្រទេស បារាំង ដែលជាញឹកញាប់ប្រាក់ចំណូលទាំងនោះបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញ និងសេវាឌីជីថលផ្សេងទៀត។
ពន្ធនេះប៉ះពាល់ដល់ក្រុមហ៊ុនដែលមានប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងហោចណាស់ ៧៥០ លានអឺរ៉ូ (៨៣០ លានដុល្លារ)។
ច្បាប់ពន្ធឌីជីថលបារាំងនេះផ្តោតទិសដៅលើប្រាក់ចំណូលជំនួសឲ្យប្រាក់ចំណេញដែលជាញឹកញាប់ត្រូវបានរាយការណ៍ដោយក្រុមហ៊ុនបច្ចេកវិទ្យាក្នុងដែនយុត្តាធិការដែលមានអត្រាពន្ធទាបដូចជានៅប្រទេស អៀរឡង់ ជាដើមក្នុងការអនុវត្តមួយដែលបង្កឲ្យរដ្ឋាភិបាលនានាមិនសប្បាយចិត្ត។
កាលពីខែមុន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមកពីក្រុមប្រទេស G20 បានបើកការពិភាក្សាក្នុងទីក្រុងវ៉ាស៊ីនតោនអំពីប្រព័ន្ធពន្ធអន្តរជាតិមួយ ដើម្បីដកហូតពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកដែលអង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) មានបំណងឲ្យចូលជាធរមាននៅត្រឹមខែមិថុនាឆ្នាំក្រោយ។
កំហឹងជាសាធារណៈបានកើនឡើងជុំវិញការប្រតិបត្តិផ្លាស់ប្តូរទីតាំងប្រកាសប្រាក់ចំណេញនេះដែលក្រុមអ្នករិះគន់និយាយថា កត្តានេះបានដកហូតសិទ្ធិរបស់រដ្ឋាភិបាលនានានៅក្នុងការទទួលបានចំណែកចំណូលពីពន្ធដោយស្មើភាពរបស់ខ្លួន។
បន្ទាប់ពីច្បាប់ស្តីពីពន្ធនេះត្រូវបានអនុម័តលោក ដូណាល់ ត្រាំ កាលពីខែកក្កដាបានប្តេជ្ញាថានឹងសងសឹកតបតវិញទៅនឹងវិធានការរបស់ប្រទេស បារាំង នេះ។
បន្ទាប់ពីបានជួបប្រជុំកាលពីថ្ងៃទី ២៦ ខែសីហា ជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron ភាគីទាំងពីរបានព្រមព្រៀងថា បារាំងនឹងបោះបង់ចោលច្បាប់ស្តីពីពន្ធឌីជីថលរបស់ខ្លួននៅពេលដែលច្បាប់អន្តរជាតិថ្មីមួយដែលកំពុងត្រូវបានពិភាក្សាចូលជាធរមាន៕ KC