ក្រុងវ៉ាស៊ីនតោនៈ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ការ​ផ្ដួចផ្ដើម​ស៊ើបអង្កេត​លើ​ពន្ធ​ប្រឆាំង​ការ​លក់​បង្ខូច​ថ្លៃ​ទីផ្សារ និង​ពន្ធ​ប្រឆាំង​នឹង​ការ​ឧបត្ថម្ភធន​ទៅលើ​ការ​នាំ​ចូល​ផលិតផល​កៅស៊ូកង​ពី​ប្រទេស​ចំនួន ៣ រួមទាំង​ប្រទេស​ចិន​ផង​ដែរ ដែល​នេះ​ជា​វិធានការ​ប្រភេទ​បែប​នេះ​ទី​ ៤ ​ហើយ​ក្នុង​ឆ្នាំ​ ២០១៨ ​ដែល​អាមេរិក​ធ្វើ​ឡើង​ចំពោះ​ផលិតផល​របស់​ចិន​។

យោង​តាម​សេចក្ដី​ប្រកាស​នេះ ការ​ស៊ើបអង្កេត​នេះ​ត្រូវ​បាន​ស្នើឡើង​ដោយ​ក្រុមហ៊ុន Alliance Rubber Company ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​ចំនួន​ ៣ ​គឺ​ប្រទេស​ចិន ថៃ និង​ស្រីលង្កា​។ គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ (ITC) របស់​អាមេរិក​គ្រោង​នឹង​កំណត់​ពី​ផលប៉ះពាល់​បឋម​របស់​ខ្លួន​នៅ​ថ្ងៃ​ ឬ​មុន​ថ្ងៃ​ទី​ ១៦ ​ខែ​មីនា ឆ្នាំ​ ២០១៨​។

ដោយ​ផ្អែក​លើ​បទប្បញ្ញត្តិ​ដែល​ពាក់ព័ន្ធ ប្រសិន​បើ​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​អាមេរិក​កំណត់​ថា មាន​ហេតុផល​សមរម្យ​ដែល​បង្ហាញ​ថា ការ​នាំចូល​កៅស៊ូកង​ពី​ប្រទេស​ទាំង​ ៣ បាន​ធ្វើ​ឲ្យ​ខូច​តម្លៃ​ទំនិញ ឬ​បាន​គំរាម​បង្ខូច​តម្លៃ​ទំនិញ​ដល់​ឧស្សាហកម្ម​ក្នុង​ស្រុក​នៅ​អាមេរិក​នោះ ការ​ស៊ើបអង្កេត​នឹង​បន្ត​ទៅ​មុខ​ទៀត ខណៈ​ពេល​ដែល​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​គ្រោង​នឹង​ប្រកាស​ការកំណត់​ជា​បឋម​របស់​ខ្លួន​សម្រាប់​ករណី​ពន្ធ​ប្រឆាំង​នឹង​ការ​ឧបត្ថម្ភធន​នៅ​ខែ​មេសា និង​ករណី​ពន្ធ​ប្រឆាំង​ការ​លក់​បង្ខូច​ថ្លៃ​ទីផ្សារ​នៅ​ខែ​កក្កដា​។

ស្ថិតិ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​របស់​អាមេរិក​បាន​បង្ហាញ​ថា ការ​នាំ​ចូល​ផលិតផល​កៅស៊ូកង​ពី​ប្រទេស​ចិន​មាន​តម្លៃ​ប្រមាណ ៤,៥ លាន​ដុល្លារ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​ស៊ើបអង្កេត​ទាំង​ ៣​ ​នេះ​។

ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​អំពី​សេចក្ដី​សម្រេច​ចិត្ត​របស់​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន តែ​មិន​បាន​បង្ហាញ​ថា ខ្លួន​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត​ចំពោះ​ការ​ស៊ើបអង្កេត​នេះ​ទេ​៕ People''s Daily/LA