ក្រុង​អាប៊ុយដាប៊ីៈ រដ្ឋ​មន្រ្តី​​ក្រសួង​ថាម​ពល​​របស់​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត ​បាន​ថ្លែង​​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​​បណ្តា​ប្រទេស​ផលិត​ប្រេង​គួរ​កាត់​បន្ថយ​​​ទិន្នផល​​ចំនួន ១ ​លាន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​​​​ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​មាន​តុល្យ​ភាព​ឡើង​វិញ​ បន្ទាប់​ពី​មាន​ការ​ធ្លាក់​ចុះ​តម្លៃ​​ប្រេង​ឆៅ។

លោក Khalid al-Falih ​បាន​ប្រាប់​ទៅ​សន្និសីទ​ថាម​ពល​​​​នៅ​ក្នុង​ទីក្រុងអាប៊ុយដាប៊ី​​ថា​៖ «ការ​វិភាគ​បច្ចេក​ទេស​​ដែល​យើង​បាន​ពិនិត្យ​​កាល​ពី​ម្សិលមិញ [ថ្ងៃ​អាទិត្យ] ​​បង្ហាញ​ថា ​យើង​​ត្រូវ​ការ​​​កាត់​បន្ថយ​​​​​​ឲ្យ​ដល់​ ១ ​លាន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​​ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​មាន​តុល្យ​ភាព»។

លោក Falih ​បាន​ថ្លែង​ថា ប្រទេស​​អារ៉ា​ប៊ី​សាអ៊ូឌីត​ ​ដែល​ជា​ប្រទេស​ផ្គត់​ផ្គង់​ប្រេង​ធំ​បំផុត​​របស់​​ពិភព​លោក​ ​​នឹង​កាត់​បន្ថយ​ផលិត​កម្ម​​​របស់​ខ្លួន​​​​​​ចំនួន ​៥០​ ម៉ឺន​​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​​​​ចាប់​ពី​ខែ​ក្រោយ​​​ទៅ ដើម្បីរក្សា​ស្ថិរភាព​​​ទីផ្សារ។

ប្រេង​បាន​បាត់​បង់ថ្លៃ​​​ស្ទើរ​​តែ​មួយ​​ភាគ​ប្រាំ​​នៃតម្លៃ​​របស់ខ្លួន​​​ក្នុង​រយៈ​កាល​មួយ​ខែ​នេះ​​ដោយ​សារ​ការ​ផ្គត់​ផ្គង់​លើស ​​និង​សញ្ញា​នៃ​​ផល​ប៉ះ​ពាល់ខ្លាំង​​ការ​​រំពឹង​ទុក​​ពី​ការ​ដាក់​ទណ្ឌ​កម្ម​​របស់​អាមេរិក​​ទៅ​លើ​​ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​ប្រទេស​អុីរ៉ង់។

​អ្នក​ផលិត​​​សំខាន់​ៗ​ រួម​មាន​ប្រទេស​រុស្ស៊ី​​​និង​ប្រទេស​អារ៉ាប៊ី​សាអ៊ូ​ឌីត​ កាល​ពី​ថ្ងៃ​អាទិត្យ​​​បាន​ព្រមាន​​ថា ការ​ផ្គត់​ផ្គង់​ប្រេង​ឆៅ​​នឹង​​លើ​ស​តម្រូវ​ការ​នា​ឆ្នាំ​ក្រោយ​​​​នៅ​​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​​ត្រួត​ពិនិត្យ​ថ្នាក់​រដ្ឋ​មន្រ្តី​របស់ប្រទេសជា​សមាជិក និងមិនមែនជា​សមាជិក​របស់​អង្គការ OPEC​ នៅ​ទីក្រុង​អាប៊ុយ​ដាប៊ី។

លោក Falih បាន​ថ្លែងទៀត​​ថា​ ​មាន​ការ​កើន​ឡើង​​ស្តុក​ប្រេង​ដ៏ច្រើន។ ​លោក​បន្ថែម​ថា «ប្រទេស​ផលិត​ទាំង ​២៥ ​​នឹង​មិន​​​ឲ្យ​មាន​​ភាព​លើស​នេះ​បន្ត​ទៀតទេ​»​ ​និង​ថា ​មាន​ «​សញ្ញា»​​​ដែល​ពួក​គេ​នឹង​ធ្វើ​ «​អ្វី​ក៏​ដោយ​​​ដែល​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​មាន​តុល្យ​ភាព»។

​រដ្ឋ​មន្រ្តី​​ក្រសួង​ថាម​ពលរបស់​ប្រទេសជា​សមាជិក និងមិនមែនជា​សមាជិក​របស់​អង្គការ​​ OPEC នឹង​​ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ដើម​ខែ​ធ្នូ​​នៅ​ទីក្រុង​វីយែន ដើម្បី​វាយ​​តម្លៃ​ទីផ្សារ​សាកល៕ AFP/PS