ទីក្រុងហ្វ្រេងហ្វឺតៈ ក្រុមហ៊ុន​លក់រាយ​ល្បីៗ​ក្នុង​ពិភពលោក​រួមមាន ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន H&M ធ្វើឲ្យ​មានការ​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ការប្រកាស​ថា ពួកគេ​មាន​ផែនការ​ឈប់​បង់ថ្លៃ​ជួល​តូប​ដែល​បង្ខំ​ឲ្យ​បិទទ្វារ​ជុំវិញ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​។

លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Olaf Scholz បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឈានមុខ​ទាំងនោះ​ចៀសវាង​ការធ្វើសកម្មភាព​បែប​នោះ ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ម្ចាស់​អចលនទ្រព្យ​។

ដោយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​លក់រាយ​ទៅ​ជួប​ផ្ទាល់​ម្ចាស់​អគារ​ដើម្បី​ស្វែងរក​ដំណោះស្រាយ លោក Scholz បាន​ប្រាប់​កាសែត​ប្រចាំថ្ងៃ Bild ថា​៖ «​វា​ជា​រឿង​ដែល​គួរ​តប់ប្រមល់​ខ្លាំង ពេល​ក្រុមហ៊ុន​ធំៗ​ប្រកាស​យ៉ាង​សាមញ្ញ​ដើម្បី​ឈប់​បង់ថ្លៃ​តូប​។ នេះ​ជា​ពេលវេលា​ត្រូវធ្វើ​ការងារ​រួមគ្នា »​។

ការ​នេះ​កើតមាន​បន្ទាប់ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​បង្ហាញ​កញ្ចប់​សង្គ្រោះ​ធំៗ​ដើម្បី​ការពារ​ក្រុមហ៊ុន និង​ការងារ​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច​បណ្តាលមកពី​ការរីក​រាលដាល​វីរុស​កូរ៉ូណា​។

វា​រួមបញ្ចូល​ទាំង​បទប្បញ្ញត្តិ​ដែល​ការពារ​អ្នក​ជួល​ជា​បណ្តោះអាសន្ន​ពី​ការបណ្តេញ​ចេញ​ពី​ផ្ទះ​ ឬ​បរិវេណ​អាជីវកម្ម ប្រសិនបើ​ពួកគេ​ជួបប្រទះ​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​វិធានការ​ប្រឆាំងនឹង​មេរោគ​នេះ​។

ប៉ុន្តែ​លោកស្រី Christine Lambrecht រដ្ឋមន្ត្រី​យុត្តិធម៌​វិញ​បាន​ព្រមាន​ម្ចាស់​ក្រុមហ៊ុន​កុំ​ឲ្យ​កេង​ចំណេញ​ពី​វិធានការ​នេះ​ឲ្យ​សោះ​។

លោកស្រី​និយាយ​នៅក្នុង​ទីក្រុង​ប៊ែឡាំង​ថា​៖ «​វា​មិន​ងាយស្រួល និង​មិនអាច​ទទួលយក​បានទេ បើ​ក្រុមហ៊ុន​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ​ឈប់​បង់ថ្លៃ​ជួល​តូប​របស់គេ​នៅពេលនេះ​»​។

ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​កីឡា​អាល្លឺម៉ង់ ដែល​បាន​រកប្រាក់​ចំណេញ​សុទ្ធ​ជិត​ ២ ​ពាន់​លាន​អឺរ៉ូ (២,២ ​ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​ ២០១៩ បាន​ទទួលរង​ផលប៉ះពាល់​ជាខ្លាំង​ដោយសារ​តែ​ការធ្លាក់ចុះ​ការលក់​នៅ​ប្រទេស​ ចិន និង​ការ​បិទតូប​ដ៏ច្រើន​។

ក្រុមហ៊ុន​ដែលមាន​យីហោ​ល្បី​បំផុត​របស់​អាល្លឺម៉ង់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន DPA ថា វា​ជា​ផ្អាក​បង់លុយ​ថ្លៃ​ជួល​បណ្តោះអាសន្ន​ប៉ុណ្ណោះ ដូចជា​ក្រុមហ៊ុន​ដទៃទៀត​ដែរ​។

លោក Andreas Scheuer រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​បាន​ប្រាប់ថា លោក​ខកចិត្ត​ចំពោះ​ក្រុមហ៊ុន Adidas ដែល​ចង្អុល​បង្ហាញថា ម្ចាស់​អគារ​តូចៗ​ជាច្រើន​នឹង​ត្រូវ​លុបចោល​កុងត្រា​។

ប៉ុន្តែ​ក្រុមហ៊ុន​យក្ស Bavarian បាន​វាយបក​វិញ​ដោយ​នាយក​ប្រតិបត្តិ​លោក Kasper Rorsted ប្រាប់​កាសែត​ប្រចាំថ្ងៃ Frankfurter Allgemeine daily កាលពី​ថ្ងៃ​ចន្ទ​ថា ភាគច្រើន​នៃ​ម្ចាស់​អគារ​អាល្លឺម៉ង់​របស់ Adidas ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំៗ និង​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ដែល​ដឹង​ពី​បញ្ហា​ទាំងនេះ សម្រាប់​ការសម្រេចចិត្ត​បង្ការ​ការជួល​នោះ​។

លោក​បន្តថា ក្រុមហ៊ុន Adidas នឹង​បន្ត​បង់ថ្លៃ​ជួល​ដល់​ម្ចាស់​ដី​ និង​អគារ​ឯកជន​តូច​។ លោក​និយាយ​៖ «​ពួកគេ​ទទួលបាន​ការជួល​ជាធម្មតា​សម្រាប់​ខែមេសា​ខាងមុខ​»​។

ក្រុមហ៊ុន​សម្លៀកបំពាក់​ដ៏ធំ​របស់​ស្វ៊ីស H&M បាន​និយាយ​ដូចគ្នា​ដែរ គឺ​គេ​នឹងមិន​បង់ថ្លៃ​ជួល​តូប​ដល់​ម្ចាស់​តូប​ជិត​ ៤៦០ ​តូប​ដែល​បិទទ្វារ​យ៉ាងប្រញាប់ប្រញាល់​ក្នុងប្រទេស​អាល្លឺម៉ង់ ដោយ​បាន​ជូនដំណឹង​នេះ​ដល់​ម្ចាស់​អគារ ហើយ​សង្ឃឹម​ស្វែងរក​នូវ​ដំណោះស្រាយ​ទទួល​យក​បាន​ទាំងអស់គ្នា​ក្នុង​ពេល​ឆាប់ៗ​៕ RR