ក្រុងប្រ៊ុចសែលៈ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel កាលពីថ្ងៃពុធបានជំរុញឲ្យប្រទេសក្នុងសហភាពអឺរ៉ុបបង្ហាញសាមគ្គីភាព និងយកឈ្នះការបែកបាក់ដ៏ជ្រាលជ្រៅ ដើម្បីអនុម័តផែនការស្តារឡើងវិញដ៏សម្បើមក្រោយវិបត្តិវីរុសកូរ៉ូណាក្នុងរដូវក្តៅនេះ។
ថ្នាក់ដឹកនាំនៃរដ្ឋក្នុងសហភាពអឺរ៉ុបទាំង ២៧ នឹងជួបប្រជុំនៅប្រ៊ុចសែលនៅសប្តាហ៍ក្រោយសម្រាប់កិច្ចប្រជុំដោះស្រាយវិបត្តិដែលមានបំណងផ្តល់ការយល់ព្រមដល់ផែនការដែលមានទឹកប្រាក់ ៧៥០ ពាន់លានអឺរ៉ូ (៨៤៣ ពាន់លានដុល្លារ) ដើម្បីដោះស្រាយការធ្លាក់ចុះសេដ្ឋកិច្ច បណ្តាលមកពីការរីករាលដាល។
លោកស្រីអធិការបតី Merkel កាលពីថ្ងៃពុធបានជួបជាមួយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប និងថ្នាក់ដឹកនាំអឺរ៉ុបកំពូល ២ រូបផ្សេងទៀតគឺ លោក Charles Michel និង លោក David Sassoli ដើម្បីរៀបចំកិច្ចប្រជុំនៅថ្ងៃទី ១៧-១៨ ខែកក្កដានេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរួម ពួកគេយល់ព្រមថា ពន្លឿនកិច្ចព្រមព្រៀងលើកញ្ចប់ស្តារឡើងវិញប្រកបដោយមហិច្ឆតារបស់អឺរ៉ុបគឺជាអាទិភាពខ្ពស់បំផុតសម្រាប់កិច្ចប្រជុំនៅសប្តាហ៍ខាងមុខរបស់សហភាពអឺរ៉ុប។
ក្រៅពីនោះពួកគេសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ដែលប្រមុខរដ្ឋ និងរដ្ឋាភិបាលសម្រេចបានកិច្ចព្រមព្រៀងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនេះ។
ប៉ុន្តែក្រុមប្រទេសជាច្រើនដែលហៅថា «សន្សំសំចៃ ៤» កំពុងព្យាយាមដើម្បីរឹតត្បិតការចំណាយឡើងវិញ ដែលត្រូវបានកំណត់ជាសំខាន់សម្រាប់បណ្តាប្រទេសក្រីក្របំផុតនៃតំបន់អឺរ៉ុបភាគខាងត្បូងដែលរងការវាយប្រហារយ៉ាងខ្លាំងដោយការរីករាលដាលនៃកូវីដ១៩។
លោកស្រី Merkel បានប្រាប់សភាអឺរ៉ុបក្នុងសុន្ទរកថា ដែលថ្លែងពេលអាល្លឺម៉ង់ទទួលយកប្រធានប្តូរវេនសម្រាប់រយៈពេល ៦ ខែថា៖ «យើងត្រូវការសាមគ្គីភាពបន្ថែមទៀត គ្រប់គ្នាត្រៀមរួចហើយ ជាពិសេសអាល្លឺម៉ង់ដើម្បីយកឈ្នះនូវការរីករាលដាលដើម្បីដោះស្រាយផលវិបាករបស់ខ្លួន»។
កិច្ចប្រជុំនៅសប្តាហ៍ក្រោយ ជាកិច្ចប្រជុំជាក់ស្តែងនៃក្រុមមេដឹកនាំចាប់តាំងពីការរឹតត្បិតការធ្វើដំណើរត្រូវបានដាក់ជាធរមានដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។
ប្រទេសអូទ្រីស ដាណឺម៉ាក ហូឡង់ និងស៊ុយអែត ទទូចថាកម្ចីជាមួយលក្ខខណ្ឌដ៏តឹងរ៉ឹងភ្ជាប់ជាមួយប្រសើរជាងការផ្តល់ជំនួយឥតសំណងដែលជាមធ្យោបាយដែលគេពេញចិត្តនៃផែនការសង្គ្រោះ និង មិនប្រញាប់ប្រញាល់ដើម្បីទទួលបានការឯកភាពនោះទេ។
ប្រទេសដទៃទៀតបានជំទាស់ផែនការនេះដែលគូសវាសដោយគណៈកម្មការអឺរ៉ុបបែងចែកថវិកាខុសដោយផ្តល់ច្រើនពេកទៅដល់ប្រទេសអឺរ៉ុបខាងកើត ដែលមិនដែលស្ថិតនៅជួរមុខនៃការរាលដាលនោះឡើយ។
លោកស្រី Merkel បាននិយាយដោយជំរុញគ្រប់ភាគីដើម្បីឯកភាពគ្នាថា៖ «វត្ថុបំណងរួមរបស់ពួកយើងគឺស្វែងរកការព្រមព្រៀងឲ្យបានឆាប់ ព្រោះពេលវេលាអស់ហើយ ដោយសារវិបត្តិសេដ្ឋកិច្ច យើងមិនត្រូវខ្ជះខ្ជាយពេលវេលា ប្រទេសក្រីក្របំផុតកំពុងតែវាយតម្លៃ»។
ក្នុងចំណោមទឹកប្រាក់ដែលបានស្នើឡើងចំនួន ៧៥០ ពាន់លានអឺរ៉ូ ៥០០ ពាន់លានអឺរ៉ូ នឹងត្រូវបែងចែកម្តងទៀតក្នុងទម្រង់នៃជំនួយឥតសំណង ហើយចំណែកសេសសល់នឹងត្រូវគិតគូរជាឥណទាន។
ប្រធានាធិបតីបារាំង Emmanuel Macron បានទទូចឲ្យមានការជជែកទៅលើមូលនិធិនេះឲ្យមានការប្រសើរឡើង បន្ទាប់ពីជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte ដែលជាអ្នកសន្សំសំចៃឈានមុខមួយសម្រាប់ការពិសាអាហារពេលល្ងាចកាលពីចុងខែមុននេះ៕ RR