ភ្នំពេញៈ រដ្ឋាភិបាល អាមេរិក បាន​ផ្តល់​នូវ​ពាន​រង្វាន់​ ប៉ាតង់​សម្រាប់​មនុស្ស​ជាតិ​ ដល់​សហគ្រាស​សង្គម​កសិកម្ម​ឈ្លាសវៃ​នៅ​កម្ពុជា សម្រាប់​ការ​បង្កើត​ឧបករណ៍​កសិកម្ម​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត។ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិលមិញ​។

ឧបករណ៍​កសិកម្ម​ដែល​បាន​ទទួល​ពាន​រង្វាន់​កំពូល​ពី​រដ្ឋាភិបាល អាមេរិក នេះ គឺ​ជា​ម៉ាស៊ីន ដាំ​គ្រាប់​ស្រូវ ​ដែល​មាន​ឈ្មោះ «អីុឡាយ»។

អីុឡាយ (Eli) ជា​ឧបករណ៍​ដាំ​គ្រាប់​ស្រូវ​ដែល​នឹង​ជួយ​ឲ្យ​កសិករ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រាប់​ពូជ​ បង្កើន​ទិន្នផល និង​ប្រើប្រាស់​​កម្លាំង​ពលកម្ម​តិច​។ ឧបករណ៍​នេះ​ត្រូវ​បាន​ភ្ជាប់​ជា​មួយ​គោយន្ត​ដៃ​ ដោយ​​បញ្ចេញ​កម្លាំង​ខ្យល់​បាញ់​គ្រាប់​​ស្រូវ​​ចូល​ទៅ​ក្នុង​ដី​ស្រែ​ដែល​មាន​ទឹក។

ការ​ទទួល​ពាន​រង្វាន់​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ សហរដ្ឋអាមរិក ដោយ​មាន​បេក្ខភាព​ចូលរួម ៨ ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ជ្រើស​ចេញ​ពី​ស្ថាប័ន​ធំ​ៗ​ចំនួន ៦៩​ជុំ​វិញ​ពិភព​លោក។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

លោក សាន ប៊ុននីកា នាយក​គ្រប់គ្រង​គម្រោង​កសិកម្ម​ឈ្លាសវៃ ដែល​បាន​ស្រាវជ្រាវ និង​ដឹក​នាំ​ក្រុម​ការងារ​ផលិត​ឧបករណ៍​អីុឡាយ បាន​និយាយ​ថា ក្នុង​នាម​ជា​កសិករ​​មួយ​រូប ​លោក​​យល់​​យ៉ាង​ច្បាស់​​ពី​អ្វី​ដែល​កសិករ​ខ្មែរ​កំពុង​ជួប​ប្រទះ ​នោះ​គឺ​កង្វះ​កម្លាំង​ពលកម្ម។

លោក​ថ្លែង​ថា​៖ ​«​កង្វះ​កម្លាំង​ពលកម្ម គឺ​ជា​ហេតុ​ផល​ចម្បង​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​បង្កើត​ឧបករណ៍ នេះ​ឡើងដោយ​ឧបករណ៍​នេះ​បាន​ជួយយ៉ាង​ច្រើន​ដល់​កសិករ​នៅ​ប្រទេស កម្ពុជា»​។

គម្រោង​នេះ​ស្ថិត​ក្រោម​កិច្ច​គាំទ្រ​ពី​រដ្ឋាភិបាល អូស្រ្តាលី ហើយ​បច្ចុប្បន្ន​​វា​ក៏​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​សាក​ល្បង​នៅ​ប្រទេស ហ្វីលីពីន ផង​ដែរ​៕​LA