ក្រុងប៊្រុចសែលៈ ក្រុមសកម្មជនរាប់រយនាក់កាលពីថ្ងៃអង្គារបានជំរុញឲ្យសហភាពអឺរ៉ុប «ផ្អាកការចរចាភ្លាមៗ» សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្លុក Mercosur ជុំវិញការចោទប្រកាន់ពីការបង្កគ្រោះថ្នាក់ដល់ជនជាតិដើមភាគតិច និងព្រៃឈើទឹកភ្លៀងនៅប្រេស៊ីល។
ការអំពាវនាវដែលធ្វើឡើងដោយក្រុមការពារសិទ្ធិមនុស្ស និងព្រៃឈើជាង ៣៤០ ស្ថាប័ននេះ អាចបង្កឲ្យមានភាពស្មុគស្មាញថែមទៀតដល់បំណងរបស់អឺរ៉ុបដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយជាមួយប្លុក Mercosur ដែលរួមមាន ប្រេស៊ីល អាហ្សង់ទីន អ៊ុយរ៉ាហ្កាយ និងប៉ារ៉ាហ្កាយ។
ក្នុងលិខិតចំហរមួយ អង្គការ Greenpeace និងអង្គការជាច្រើនទៀតរំឭកអឺរ៉ុបថា «វាដល់ពេលហើយដែល អឺរ៉ុបត្រូវចាត់វិធានការ ដើម្បីទប់ស្កាត់ការធ្លាក់ចុះសិទ្ធិមនុស្ស និងស្ថានភាពបរិស្ថាននៅប្រេស៊ីល»៕ AFP/KC