ក្រុង​ហ្វ្រេង​ហ្វឺតៈ រដ្ឋា​ភិ​បាល​​នៅ​តំ​បន់​អឺ​រ៉ុប ​ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់​ប្តូរ​​នា​ពេល​ឥ​ឡូវ​នេះ​ដើ​ម្បី​កាត់​បន្ថយ​​ផល​ប៉ះ​ពាល់​​​ពី​​ចំ​នួន​ប្រ​ជា​ជន​វ័យ​ចំ​ណាស់​​ ​​បើ​មិន​ដូ​ច្នោះ​ទេ​នឹង​ប៉ះ​​ពាល់​​ដល់​សេដ្ឋ​កិច្ច​ធ្ងន់​ធ្ងរ​។ នេះ​បើ​យោង​​តាម​មន្រ្តី​​​កំ​ពូល​​របស់​ធ​នា​គារ​កណ្តាល​​អឺ​រ៉ុប​ (ECB) កាល​ពី​ថ្ងៃ​ពុធ។

ប្រ​ធាន​​សេដ្ឋ​​វិ​ទូ​របស់​​ធនា​គារ​កណ្តាល​​អឺ​រ៉ុប ​លោក Peter Praet ​បាន​ថ្លែង​ថា​​៖ «​​ខណៈ​បច្ចុ​ប្បន្ន​នេះ អ្នក​ទទួល​សោ​ធ​ន​និ​វត្តន៍​​ម្នាក់​ៗ​​​​ត្រូវ​បាន​ឧប​ត្ថម្ភ​​ដោយ​​​អ្នក​ ធ្វើ​ការ​ងារ​​ប្រ​ហែល​ ៣​ នាក់​នោះ នៅ​​ត្រឹម​ឆ្នាំ​ ២០៧០ នឹង​មាន​​អ្នក​ធ្វើ​ការ​តែ​ ២ នាក់​ប៉ុណ្ណោះ​​សម្រាប់​​​អ្នក​ទទួល​សោធ​ន​និវ​ត្តន៍​​ម្នាក់​ៗ​​»។

ប៉ុ​ន្តែ​បញ្ហា​ប្រ​ឈម​​​សម្រាប់​មូល​ធន​​អឺ​រ៉ុប ​​នឹង​កើត​មាន​នា​ពេល​ខាង​មុខ​ឆាប់​ៗ​ ខណៈ​មនុស្ស​ដែល​កើត​នៅ​​ជំ​នាន់​ «​កំ​ណើន​​​កូន​ខ្លាំង (baby boomer)​»​​ ដែល​កើត​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​ ២ ​​បាន​ឈាន​ដល់​អា​យុ​ចូល​និ​វត្តន៍​​ចន្លោះ​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០៣០​។

ដោយ​​មាន​ការ​ចំ​ណាយ​កាន់​តែ​ខ្ពស់​ឡើង​​លើ​​មនុស្ស​ចាស់​ ​រដ្ឋា​ភិ​បាល​នឹង​មាន​សេរី​ភាព​តិច​ជាង​មុន​ក្នុង​ការ​កាត់​បន្ថយ​វដ្ត​​រីក​រួម​សេដ្ឋ​កិច្ច​ ​ឬ​ក៏​ពេល​​មាន​វិ​បត្តិ​​សេដ្ឋ​កិច្ច​​ធ្ងន់​ធ្ងរ​ខ្លាំង​ជា​មួយ​នឹង​​​ការ​ចំ​ណាយ​បន្ថែម​​ច្រើន​ជាង​មុន​។ នេះ​បើ​យោង​តាម​ការ​ព្រ​មាន​របស់​​លោក Praet។​

លោក​បាន​បន្ថែម​ថា​ ​ផល​ប៉ះ​ពាល់​ដែល​កើត​​ចេញ​ពី​ប្រ​ជា​ជន​វ័យ​ចំ​ណាស់​​ទៅ​លើ​សេដ្ឋ​កិច្ច​ ដូច​ជា​​ ការ​ផ្តត់​ផ្គង់​ពល​កម្ម​តិច​ជាង​មុន​ ឬ​កំ​ណើន​ផលិត​ភាព​យឺត​ជាង​មុន​ កំ​ពុង​​ដាក់​សម្ពាធ​​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​ពិត​​ទាប​ជាង​មុន​ ​ដាក់​កម្រិត​ដល់​​​សេ​រី​​ភាព​របស់​ធនា​គា​រ​កណ្តាល​​នា​នា​ក្នុង​ការ​ធ្វើ​អន្ត​រាគ​មន៍​ ដូច​ដែល​ធនា​គារ​ទាំង​នោះ​​​ធ្លាប់​បាន​ធ្វើ​​​ក្នុង​រយៈ​កាល​ ១ ​​ទស​វត្សរ៍​កន្លង​មក​នេះ​។

​ប្រ​សិន​បើ​គ្មាន​ចំ​ណាត់​ការ​ទេ ​កម្រិត​បំ​ណុល​នៅ​​អឺ​រ៉ុប​ដែល​មាន​ស​មា​ជិក ​១៩ ​ប្រ​ទេស​នេះ​ជា​មធ្យម «​នឹង​កើន​ឡើង​លើស​ ១០០ ​ភាគ​រយ​​»​​។ នេះ​បើ​យោង​តាម​លោក Praet​។ ​

អ្នក​សេដ្ឋ​កិច្ច​ជន​ជាតិ​បែល​ហ្ស៊ិក​រូប​នេះ​បាន​ព្រ​មាន​ថា​ ជា​ការ​ពិត​ «​ហា​និ​ភ័យ​​​​កំ​ពុង​ឆ្ពោះ​ទៅ​រក​ការ​កើន​ឡើង​ខ្លាំង​ជាង​ការ​គិត​ទុក​»។

បណ្តា​ប្រ​ទេស​ដែល​ស្ថិត​​​នៅ​ដែន​ពណ៌​ក្រ​ហម​ដូច​ជា​ប្រ​ទេស​ ក្រិក ​និង​ប្រ​ទេស​​ អុីតាលី​ ​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​​សម្រាប់​អ​នា​គត​របស់​អឺ​រ៉ុប​រួច​ទៅ​ហើយ​៕ AFP/PS