ក្រុង ហ្វ្រេងហ្វឺតៈ ប្រព័ន្ធផ្សព្វផ្សាយមកពីទូទាំងទ្វីបអឺរ៉ុបបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ផែនការគេចពន្ធដ៏ធំដែលកើតមានរាប់ឆ្នាំមកហើយនោះ បានធ្វើឲ្យរដ្ឋាភិបាលរបស់ប្រទេសនៅអឺរ៉ុបបាត់បង់ថវិកាជាតិ ៥៥ ពាន់លានអឺរ៉ូ (៦៣ ពាន់លានដុល្លារ) ខ្ពស់ជាងការរំពឹងទុកកន្លងមក។
ការអនុវត្តរបស់ផែនការគេចពន្ធដែលគេហៅថា «cum-ex» ផ្អែកលើល្បិចកលគេចពន្ធស្មុគស្មាញ ដែលអាចឲ្យម្ចាស់ភាគហ៊ុនទាមទារជាច្រើននូវប្រាក់ពន្ធបង្វិល ដែលត្រូវបានបង់តែម្តងសម្រាប់ការទូទាត់ភាគលាភដែលជាការលួចប្រាក់របស់អ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធភាពចូលទៅក្នុងហោប៉ៅរបស់ក្រុមវិនិយោគិន។
មកដល់ពេលនេះ ការប៉ាន់ស្មានពីការបាត់បង់ថវិកាពន្ធនេះមានចាប់ពី ៥,៣ ពាន់លានអឺរ៉ូបើយោងតាមក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ ដល់ ៣០ ពាន់លានបើយោងតាមសេចក្ដីរាយការណ៍របស់ព័ត៌មាននានា។
ប៉ុន្តែការស៊ើបអង្កេតរួមមួយដោយប្រព័ន្ធព័ត៌មានអឺរ៉ុប បានសន្និដ្ឋានថា យ៉ាងហោចណាស់ប្រាក់ ៥៥,២ ពាន់លានអឺរ៉ូត្រូវបានគេលួចពីបណ្ដាប្រទេសចំនួន ១១ គឺ អាល្លឺម៉ង់ បារាំង អេស៉្បាញ អុីតាលី ហូឡង់ ដាណឺម៉ាក បែលហ្ស៊ិក អូទ្រីស ហ្វាំងឡង់ ន័រវែស និងស្វ៊ីស។
ដោយមានការរាយការណ៍ថា បង្កើតឡើងដោយលោក Hanno Berger ដែលជាមេធាវីជនជាតិអាល្លឺម៉ង់ដ៏ល្បីឈ្មោះនោះ ការអនុវត្តវិធីសាស្រ្ដ cum-ex ពឹងផ្អែកលើវិនិយោគិនមួយចំនួនដែលទិញភាគហ៊ុន និងលក់បន្តក្នុងក្រុមហ៊ុនមួយក្នុងចំណោមខ្លួនពួកគេផ្ទាល់នៅថ្ងៃដែលក្រុមហ៊ុនទូទាត់ភាគលាភរបស់ខ្លួន។
ភាគហ៊ុនប្តូរម្ចាស់យ៉ាងរហ័សដែលបង្កឲ្យអាជ្ញាធរពន្ធមិនអាចកំណត់អត្តសញ្ញាណថា តើនរណាជាម្ចាស់ពិតប្រាកដ?
ដោយធ្វើការងាររួមគ្នា ក្រុមវិនិយោគិនអាចទាមទារប្រាក់ពន្ធបង្វិលយកមកវិញច្រើនដងដែលប្រាក់ពន្ធនោះត្រូវបានបង់សម្រាប់ភាគលាភ ហើយចែករំលែកប្រាក់ចំណេញក្នុងចំណោមពួកគេផ្ទាល់ ខណៈដែលក្រសួងហិរញ្ញវត្ថុជាអ្នកខាតបង់។
រឿងអាស្រូវ cum-ex នេះបានផ្ទុះឡើងដំបូងនៅប្រទេស អាល្លឺម៉ង់ កាលពីឆ្នាំ ២០១២ ដោយមានការស៊ើបអង្កេតបទឧក្រិដ្ឋចំនួន ៦ បានធ្វើឡើង និងមានការកាត់ទោសមួយប្រឆាំងនឹងលោក Berger និងពាណិជ្ជករផ្សារហ៊ុនមួយចំនួន។
ការស៊ើបអង្កេតកាលពីថ្ងៃព្រហស្បតិ៍ ដែលបានដឹកនាំដោយ Correctiv ដែលជាគេហទំព័រសារព័ត៌មានស៊ើបអង្កេត និងមានការចូលរួមពីក្រុមហ៊ុនផ្សព្វផ្សាយធំៗ ដូចជា ARD ជាក្រុមហ៊ុនផ្សាយសាធារណៈរបស់អាល្លឺម៉ង់ និងកាសែតបារាំង Le Monde បានគណនាការខូចខាតចំពោះប្រទេសនីមួយៗដែលពាក់ព័ន្ធ។
តាមអ្នកជំនាញផ្នែកពន្ធ Christoph Spengel នៅអាល្លឺម៉ង់ វិនិយោគិនបានលួចប្រាក់ ៣១,៨ ពាន់លានអឺរ៉ូ ខណៈបារាំងបាត់យ៉ាងហោច ១៧ ពាន់លានអឺរ៉ូ អុីតាលី ៤,៥ ពាន់លានអឺរ៉ូ ដាណឺម៉ាក ១,៧ ពាន់លានអឺរ៉ូ និងបែលហ្ស៊ិក ២០១ លានអឺរ៉ូ៕ AFP/LA