ក្រុងស៊ីដនីៈ អូស្ត្រាលី​គឺជា​ប្រទេស​នាំចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធំ​ទី​៣ ក្នុង​ពិភពលោក​ដោយ​មាន​ឧស្ម័ន​កាបូនិច (​កាបូន​ឌីអុកស៊ីត ឬ​កាបូន​) ជាង ១ ពាន់​លាន​តោន​ដែល​ត្រូវបាន​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​ ១ ​ឆ្នាំ​ ក្នុង​ទម្រង់​ជា​ធ្យូងថ្ម និង​ឧស្ម័ន​ធម្មជាតិ​។ នេះ​បើ​យោងតាម​ការសិក្សា​មួយ​ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​។

វិទ្យាស្ថាន​អូស្ត្រាលី​ដែល​ប្រកាន់​ឆ្វេងនិយម​បាន​រាយការណ៍​ថា ការនាំចេញ​ថាមពល​របស់​អូស្ត្រាលី​ស្ថិត​នៅ​ចំណាត់ថ្នាក់​ក្រោយ​តែ​ប្រទេស ​រុស្ស៊ី និង​អារ៉ាប៊ី សាអ៊ូឌីត ​ប៉ុណ្ណោះ​ទាក់ទង​នឹង​ការបញ្ចេញ​ឧស្ម័ន​កាបូនិច​។

របាយការណ៍​របស់​វិទ្យាស្ថាន​នេះ​ដែល​បាន​ធ្វើ​ឡើង​ផ្អែកលើ​ទិន្នន័យ​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) ឲ្យ​ដឹងថា​៖ «​អូស្ត្រាលី​បង្កើត​បាន​ចំណែក ៣៩ ​ភាគរយ​ នៃ​ពាណិជ្ជកម្ម​ធ្យូងថ្ម​ពិភពលោក​ដែល​មាន​ឧស្ម័ន​កាបូនិច​ច្រើន​»​។ របាយការណ៍​នេះ​អំពាវនាវ​ឲ្យ​មាន​ការផ្តោត​ការយកចិត្ត​ទុកដាក់​បន្ថែមទៀត​លើ​ថា តើ​អ្នកណា​ជា​អ្នកផ្គត់ផ្គង់​ថាមពល​ដែល​ជំរុញ​ឲ្យ​មាន​ការឡើង​កម្តៅ​ពិភពលោក​។

លោក Tom Swann អ្នកនិពន្ធ​របាយការណ៍​នេះ​បាន​សរសេរ​ថា​៖ «​សន្ធិសញ្ញា និង​ការជជែក​វែកញែក​នាពេល​បច្ចុប្បន្ន​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​តម្រូវការ​កាបូន ជាជាង​លើ​ការផ្គត់ផ្គង់​»​។

លោក​បន្ថែម​ថា​៖ «​កត្តា​នេះ​មិន​អើពើ​ការពិត​ដែលថា ការផ្គត់ផ្គង់​ដែល​ចេះតែ​កើនឡើង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់ នឹង​មាន​និន្នាការ​បញ្ចប់​ការបញ្ចេញ​ឧស្ម័ន​ដែល​បាន​កើនឡើង​»​។

ការជជែក​វែកញែក​អំពី​ផលិតកម្ម​ធ្យូងថ្ម និង​ឧស្ម័ន​ធម្មជាតិ​គឺជា​រឿង​ដែល​ប្រកាន់​បក្ខពួក​ខ្លាំង​ក្នុង​ប្រទេស​អូស្ត្រាលី​ដោយ​ជា​ញឹកញាប់​ពលរដ្ឋ​បោះឆ្នោត​ដើម្បី​មាន​ការបង្កើត​ការងារ​ធ្វើ​ជា​ជាង​ផ្តោត​លើ​ក្តីបារម្ភ​ពី​បរិស្ថាន សូម្បីតែ​ក្នុង​តំបន់​ដែល​មាន​គ្រោះរាំងស្ងួត និង​ទឹកជំនន់​ក្តី​៕ KC