ក្រុងប៊ែកៈ អូស្ត្រាលីនឹងពន្លឿនផលិតកម្មរ៉ែកម្រ និង «លោហៈបច្ចេកវិទ្យា» ដែលមានភាពរសើបខាងផ្នែកយោធាផ្សេងៗ ខណៈមន្ទិលសង្ស័យកើនឡើងជុំវិញភាពជឿទុកចិត្តបាននៃការផ្គត់ផ្គង់របស់ចិន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី។
អ្នកស្រី Linda Reynolds បានថ្លែងទៅកាន់អ្នកចូលរួមក្នុងកម្មវិធីមួយនៅទីក្រុងប៊ែកថា ប្រទេស អូស្ត្រាលី ដែលសម្បូរធនធានមានកំណប់រ៉ែនានាដែលអាចការពារការផ្គត់ផ្គង់សម្រាប់ប្រទេសសម្ព័ន្ធមិត្តនានា រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។
រ៉ែបច្ចេកវិទ្យាទាំងនេះត្រូវបានប្រើប្រាស់នៅក្នុងអ្វីគ្រប់យ៉ាងរាប់ចាប់ពីទូរស័ព្ទដៃទំនើប និងឡាស៊ែររហូតដល់ប្រព័ន្ធអវកាស និងអេឡិចត្រូនិក និងបច្ចេកវិទ្យាសុខុមាលភាពអេឡិចត្រូនិក។ ប៉ុន្តែភាពតានតឹងពាណិជ្ជកម្មបាននាំឲ្យប្រទេសចិនព្រមានពីការផ្អាកផ្គត់ផ្គង់រ៉ែទាំងនេះ។
ចិនផលិតរ៉ែកម្រជាង ៩៥ ភាគរយនៃរ៉ែកម្រក្នុងពិភពលោក ហើយអាមេរិកពឹងផ្អែកលើចិនរហូតដល់ ៨០ ភាគរយនៃការនាំចូលរបស់ខ្លួន។
អ្នកស្រី Reynolds បានបញ្ជាក់ពីសារៈសំខាន់របស់សម្ព័ន្ធមិត្តលោកខាងលិចក្នុងការទទួលបានរ៉ែទាំងនេះក្រៅពីចិន។ អ្នកស្រីថ្លែងថា៖ «នៅអូស្ត្រាលី យើងមានយ៉ាងហោចណាស់ ៤០ ភាគរយ នៃកំណប់រ៉ែបច្ចេកវិទ្យា មិនថាជា លីចូម កូបាល់ នីកែល ក្រានីត នោះទេ ប៉ុន្តែក៏មានភាគច្រើននៃរ៉េកម្រដែលបច្ចេកវិទ្យាបច្ចុប្បន្ន និងជីវិតកម្សាន្តរបស់យើង សព្វថ្ងៃពឹងផ្អែកនោះដែរ»។
អ្នកស្រីបន្ថែមថា បញ្ហាផ្គត់ផ្គង់នេះមានការពិភាក្សាគ្នាយ៉ាងយូរក្នុងការប្រឹក្សាយោបល់ថ្នាក់រដ្ឋមន្ត្រីអូស្ត្រាលី និងអាមេរិក និងក្នុងការពិភាក្សាគ្នាជាមួយអង់គ្លេស៕ KC