ភ្នំពេញៈ អំបិល​ដែល​កម្ពុជា​នាំ​ចូល​ពី​ប្រទេស​ ចិន ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​លក់​ក្នុង​តម្លៃ ១០​០ ដុល្លារ​ក្នុង​ ១ ​តោន ទៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក ​កើន​ឡើង​ពី​​ប្រមាណ​ ៧៥ ​ដុល្លារ​ក្នុង​ ១ ​តោន​​នៃ​តម្លៃ​បច្ចុប្បន្ន។ នេះ​បើ​​តាម​​សហគមន៍​ផលិត​អំបិល ​កំពត​-កែប​ (SPCK​K)​។

លោក ប៊ុន បារាំង សហ​ប្រធាន SPCKK បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​ថា អំបិល​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ទៅ​ទីផ្សារ​ក្នុង​ស្រុក​​នៅ​ឡើយ​ទេ ដោយ​សារ​សហគមន៍​នេះ​កំពុង​បំពេញ​ឯកសារ​ដឹក​​ជញ្ជូន​នៅ​កំពង់ផែ​​​ភ្នំពេញ​។ ប៉ុន្តែ លោក​រំពឹង​ថា អំបិល​នឹង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១០០ ​ដុល្លារ​ក្នុង​ ១ ​តោន។

លោក​ថ្លែង​ថា៖ «យើង​នឹង​ព្យាយាម​បញ្ចេញ​អំបិល​នៅ​ថ្ងៃ​នេះ​ (ម្សិល​មិញ) ហើយ​ផ្គត់​ផ្គង់​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ខណៈ​វា​ជា​រដូវ​ធ្វើ​ត្រី​ប្រហុក ដូច្នេះ​ការ​ប្រើប្រាស់​អំបិល មាន​តម្រូវ​ការ​ខ្ពស់»។

តម្លៃ​អំបិល​ក្នុង​ស្រុក​បាន​កើន​​ឡើង​ ៥២ ​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​​ដល់​ ៧៥ ​ដុល្លារ​ក្នុង​ ១ ​តោន​​នៅ​ឆ្នាំ​នេះ។

កម្ពុជា​បាន​សម្រេច​នាំចូល​អំបិល​​ពី​ចិន ៣០ ០០០ តោន ដែល​​នេះ​ជា​លើក​ទី​ ២ ​ហើយ បន្ទាប់​ពី​កម្ពុជា​បាន​ចំណាយ​ ២,២ លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០០៩ ដើម្បី​នាំចូល​អំបិល ២០ ០០០ តោន​ពី​ប្រទេស​ ចិន ​។ សូម​បញ្ជាក់​ថា អំបិល ដែល​បាន​​នាំ​មក​កម្ពុជា​គិត​ចាប់​ពី​ចុង​​ខែ​វិច្ឆិកា ដល់​បច្ចុប្បន្ន​បាន​ ១ ​​​ម៉ឺន​តោន​ហើយ ។

លោក ចាន់ សិលសុជាតិ អ្នក​​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន ផលិត​ទឹក​ត្រី​កំពត ង៉ូវ ហេង បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ការ​នាំ​ចូល​អំបិល​នៅ​តែ​មាន​សម្រាប់​ឆ្នាំ​ខាង​មុខ​ទៀត នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​ផលិតកម្ម​ដែល​ប្រើប្រាស់​អំបិល​ដូច​ជា​ផលិត​ផល​ទឹក​ត្រី​ជា​ដើម។ លោក​បន្តថា៖ «វា​នឹង​មាន​ផល​ប៉ះពាល់​ដល់​ការ​ផលិត​ក្នុង​ស្រុក ហើយ​តម្លៃ​ផលិត នឹង​កើន​ឡើង និង​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​ផលិតផល​នាំ​ចូល​ផ្សេង​ទៀត»​។

លោក​ថ្លែង​ថា៖ «ជា​ឆ្នាំ​ដំបូង​នៃ​​កង្វះ​ខាត​អំបិល វា​មិន​ទាន់​មាន​ផល​ប៉ះពាល់​ដល់​ចង្វាក់​ផលិត​របស់​យើង​នៅ​ឡើយ​​ទេ ប៉ុន្តែ​ប្រសិន​បើ​នៅ​ឆ្នាំ​ក្រោយ យើង​នៅ​តែ​ពឹង​ផ្អែក​លើ​អំបិល​នាំចូល​ទៀត វា​នឹង​ជា​ការ​បារម្ភ​ដល់​ចង្វាក់​ផលិតកម្ម និង​តម្លៃ»។ លោក​បាន​បន្ថែម​ថា​៖ «បច្ចុប្បន្ន​សម្រាប់​អ្នក​ដែល​មិន​មាន​អំបិល​សម្រាប់​ស្ដុក វា​នឹង​ប៉ះពាល់ ដោយ​សារ​តែ​​អំបិល​នាំចូល​មាន​តម្លៃ​ខ្ពស់​ជាង​​អំបិល​ក្នុង​ស្រុក»។

លោក​ស្រី ថូ​ង ធីតា ស្ថាបនិក​សហគ្រាស ថូង​អ៊ីន​ធ័រ​ប្រាយ ជា​​សហគមន៍​ផលិត​អំបិល បាន​ឲ្យ​ដឹង​ថា ​ការ​នាំ​ចូល​អំបិល​​​ពី​ប្រទេស​ ចិន នឹង​មាន​ផល​ប៉ះពាល់​​ដល់​ការ​ប្រើប្រាស់ និង​ចង្វាក់​ផលិត​ដោយ​សារ​តែ​តម្លៃ​ខ្ពស់ ខណៈ​ផលិតផល​នាំ​ចូល​មាន​តម្លៃ​ទាប។

លោកស្រី​ថ្លែង​ថា៖ «វា​តម្លៃ​ខ្ពស់​​សម្រាប់​ការ​កែ​ច្នៃ ហើយ​ប្រឈម​នឹង​តម្លៃ​ប្រកួតប្រជែង​លើ​ទីផ្សារ ខណៈ​ផលិតផល​នាំចូល មាន​តម្លៃ​ទាប​ជាង [ផលិតផល​ក្នុង​ស្រុក] ហើយ​វា​ជា​បញ្ហា​​ប្រឈម​សម្រាប់​កសិករ និង​ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក ប្រសិន​បើ​វា​មាន​ការ​ប្រើប្រាស់​ទ្រង់ទ្រាយ​ធំ»។

លោកស្រី​បន្ត​ថា៖ «យើង​សង្ឃឹម​ថា នៅ​ឆ្នាំ​ក្រោយ យើង​នឹង​ធ្វើ​កាន់​តែ​ប្រសើរ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ផ្ទាល់​របស់​​យើង»៕LA