ភ្នំពេញៈ អភិ​បាល​ខេត្ត​កំ​ពត​​លោក​ ជា​វ តាយ កាល​ពី​ចុង​សប្តាហ៍​មុន​​​​បាន​លើក​ឡើង​ពី​គម្រោង​​​បង្កើត​​ក្រុម​ហ៊ុន​មូល​ធន​មួយ​​​​ស្ថិត​ក្រោម​រូប​ភាព​ជា​​ «គម្រោង​វិ​និ​យោគ​រួម»​​ ដោយ​អះ​អាង​​ថា​នឹង​​ប្រ​មូល​មូល​និ​ធិ​វិ​និ​យោគ​ពី​សា​ធា​រណៈ​ក្នុង​​​​ទឹក​ប្រាក់ ៥០ លាន​ដុ​ល្លារ ​ដើ​ម្បី​អភិ​វឌ្ឍ​គម្រោង​រថ​ភ្លើង​​ល្បឿន​លឿន​ភ្នំ​ពេញ​កំ​ពត​ និង​ព្រ​លាន​យន្ត​ហោះ។ ​​នេះ​បើ​យោង​តាម​វី​ដេ​អូ​ឃ្លីប​ដែល​ចែក​រំ​លែក​ត​ៗ​គ្នា​តាម​បណ្តាញ​សង្គម។

ខណៈ​ដែល​ព័ត៌​មាន​បាន​ផ្សព្វ​​ផ្សាយ​បន្ត​បន្ទាប់​តាម​បណ្តាញ​សង្គម អ្នក​ជំ​នាញ​ផ្នែក​​ហិ​រញ្ញ​វត្ថុ និង​ទី​​ផ្សារ​មូល​បត្រ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​​ពី​ម្សិល​មិញ​​ថា​ គម្រោង​នេះ​នឹង​មិន​ងាយ​ចេញ​ជា​រូប​រាង​នោះ​ទេ ហើយ​បញ្ជាក់​ថា ​វា​នៅ​មាន​ភាព​ខ្វះ​ខាត​ច្រើន​លើ​ទិដ្ឋ​ភាព​ផ្លូវ​ច្បាប់​ និង​ទិដ្ឋ​ភាព​សេដ្ឋ​កិច្ច​ជាក់​ស្តែង។

លោក ជា​វ តាយ អ​ភិ​បាល​ខេត្ត​កំ​ពត បាន​លើក​ឡើង​ពី​គំ​​និត​ផ្តួច​ផ្តើម​​គម្រោង​បង្កើត​ក្រុម​​ហ៊ុន​​មួយ​ឈ្មោះ​ថា ​​ក្រុម​ហ៊ុន​មូល​ធន​អភិ​វឌ្ឍន៍​កំ​ពត នៅ​ក្នុង​កិច្ច​ប្រ​ជុំ​មួយ​នៅ​ខេត្ត​កំ​ពត​ ដោយ​បញ្ជាក់​ថា ​ក្រុម​ហ៊ុន​ថ្មី​នេះ​មាន​គោល​ដៅ​ប្រ​មូល​ទុន ៥០ ​លាន​ដុ​ល្លារ​តាម​រយៈ​ការ​ ចូល​ទុន​ពី​សា​ធា​រណ​ជន។ ​

នៅ​ក្នុង​ឃ្លីប​វី​ដេ​អូ​ពី​កិច្ច​ប្រ​ជុំ​នោះ​ លោក ជាវ តាយ​ បាន​បញ្ជាក់​ថា​៖ «​យើង​ដាក់​ [តម្លៃ​] ភាគ​ហ៊ុន ​១ ​ពាន់​ [ដុល្លារ​] ក្នុង​មួយ​ហ៊ុន។ [ហ៊ុន​សរុប​] ៥ ម៉ឺន​ហ៊ុន​ ស្មើ​នឹង​ ៥០ លាន​ដុល្លារ ដែល​មាន​ភាគ​ហ៊ុន​​ប្រ​ជា​ជន​ទូ​ទាំង​​ប្រ​ទេស​។ អ្នក​ណា​ក៏​ចូល​បាន​ដែរ។ ក្នុង​នោះ​ ខ្ញុំ​សូម​ដាក់​ហ៊ុន​ [...] ស្មើ​នឹង​ ៥ លាន​ដុល្លារ ដើ​ម្បី​បើក​មុខ​ធ្វើ​កិច្ច​ការ​នេះ»។

លោក​បាន​មាន​ប្រ​សាសន៍​បន្ថែម​​​ថា​៖ ​«នៅ​ពេល​ខាង​មុខ​ ខេត្ត​កំ​ពត​នឹង​មាន​រថ​ភ្លើង​លឿន​ដើ​ម្បី​​ធ្វើ​ម៉េច​ពី​ភ្នំ​ពេញ​​មក​ខេត្ត​កំ​ពត​រយៈ​ពេល ១ ​ម៉ោង​ឲ្យ​មក​ដល់ ហើយ​យើង​នឹង​គ្រោង​​ឲ្យ​មាន​ព្រ​លាន​ [យន្ត​ហោះ​] មួយ​ថ្មី ដែល​ទាក់​ទាញ​ក្នុង​ស្រុក​ ហើយ​នឹង​អាច​ទាក់​ទាញ​ជា​លក្ខណៈ​អន្តរ​ជាតិ»។

ក្រុម​អ្នក​ជំ​នាញ​​​បាន​ឲ្យ​ដឹង​ថា ផែន​ការ​បែប​នោះ​ត្រូវ​បាន​គេ​​ហៅ​ថា «​ផែន​ការ​វិ​និ​យោគ​រួម (CIS)» ដែល​ជា​កម្ម​វត្ថុ​ត្រូវ​​មាន​ការ​ យល់​ព្រម​ពី​គណៈ​កម្ម​ការ​មូល​បត្រ​កម្ពុជា (SECC)​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ ​និ​យត​ករ​​​មិន​បាន​ផ្ដល់​​ការ​យល់​ព្រម​ណា​មួយ​សម្រាប់​គម្រោង​បែប​នេះ​​​​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​នៅ​ឡើយ​​ទេ​។​

តំ​ណាង​មក​ពី​ SECC មិន​អាច​​ទាក់​ទង​សុំ​ការ​អត្ថា​ធិ​ប្បាយ​​បាន​ទេ​​​​កាល​ពី​ម្សិល​មិញ​។​

លោក ហុង សុខ​ហួរ​ អគ្គ​នា​យក​​ក្រុម​ហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា (CSX) ​បាន​​ឲ្យ​ដឹង​ថា CIS ​ត្រូវ​តែ​ជា​កម្ម​វត្ថុ​នៃ​ការ​ទទួល​បាន​ការ​អនុ​ម័ត​​ពី​ SE​CC ហើយ​រហូត​មកដល់​ពេល​នេះ​និយត​ករ​​មិន​បាន​ផ្ដល់​​ការ​យល់​ព្រម​ណា​មួយ​សម្រាប់​គម្រោង​នេះ​​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​នៅ​ឡើយ​ទេ​។​

​លោក​មាន​ប្រ​សាសន៍​ថា​៖ «ដើ​ម្បី​ប្រតិ​បត្តិ​ការ​គម្រោង​បែប​នោះ ពួក​គេ​ត្រូវ​មា​ន​ការ​យល់​ព្រម​​​ពី​ SECC ជា​មុន បើ​មិន​អ៊ី​ចឹង​ទេ ពួក​គេ​​មិន​មាន​សិទ្ធិ​​ប្រើ​មូល​និ​ធិ​នោះ​ទេ​»​។​

លោក អុីវ រ៉ាណ្ណារិទ្ធ នា​យក​ប្រ​តិ​បត្តិ​ក្រុម​ហ៊ុន​មូល​បត្រ​​ RHB Indochina Securities Plc បាន​ឲ្យ​ដឹង​​ពី​ម្សិ​ល​មិញ​ថា ​ផែន​ការ​នេះ​ត្រូវបាន​លើក​ឡើង​ដោយ​មិន​មាន​មូល​ដ្ឋាន​​គ្រប់​គ្រាន់ ទាក់​ទង​នឹង​ទិដ្ឋ​ភាព​ច្បាប់ និង​ទស្សនៈ​សេដ្ឋ​កិច្ច។​

​​លោក​បាន​ថ្លែង​ថា​៖ «​ក្រៅ​ពី​ទិដ្ឋ​ភាព​ច្បាប់​ វា​មិន​ធ្វើ​ឲ្យ​មាន​ភាព​សម​ស្រប​ផ្នែក​​​សេដ្ឋ​កិច្ច​ណា​មួយ​នោះ​ទេ»។

អ្នក​ជំ​នាញ​​ហិ​រញ្ញ​វត្ថុ​​មួយ​រូប ដែល​​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ គម្រោង​ដែល​លើក​ឡើង​ដោយ​អភិ​បាល​ខេត្ត​នេះ នឹង​មិន​លេច​ចេញ​ជា​រូប​រាង​​​នោះ​ទេ ដោយ​អ្នក​ជំ​នាញ​រូប​នេះ​​ថ្លែង​ថា​ វា​​ដូច​ជា​ការ​ស្រ​មៃ​​ និង​គ្មាន​មូល​ដ្ឋាន​៕​ LA