ភ្នំពេញៈ ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​ ៣ ​របស់​កម្ពុជា​បាន​រាយការណ៍​ពី​កំណើន​អ្នកដំណើរ​ជាង​ ១០ ​ភាគរយ​ កាលពី​ ២០១៩ ធៀប​នឹង​ ២០១៨​។

ទិន្នន័យ​ចុងក្រោយ​បាន​មកពី​ក្រុមហ៊ុន Cambodia Airports ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បង្ហាញថា ការធ្វើ​ចរាចរណ៍​តាមផ្លូវ​អាកាស​កាលពី​ឆ្នាំ​ ២០១៩ របស់​កម្ពុជា​បាន​ទទួល​អ្នកដំណើរ​ប្រហែល​ ១១,៦ ​លាន​នាក់​ កើនឡើង​ ១០,២ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

តួលេខ​បាន​បង្ហាញថា ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួល​អ្នកដំណើរ​ប្រហែល​ ៦ ​លាន​នាក់​ បាន​កើនឡើង​ ១១,២ ​ភាគរយ ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​បាន​ស្វាគមន៍​អ្នកដំណើរ​ប្រហែល​ ៣,៩ ​លាន​នាក់ ​បាន​ធ្លាក់ចុះ​ ១២,៣ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​ដែល​ព្រលាន​យន្តហោះ​អន្តរជាតិ​ព្រះសីហនុ​បាន​ស្វាគមន៍​អ្នកដំណើរ​ ១,៦ ​លាន​នាក់ កើន​ ១៥៨ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨​។ ប៉ុន្តែ​នៅ​ត្រីមាស​ចុងក្រោយ​ឆ្នាំ​ ២០១៩ អ្នកដំណើរ​រួមគ្នា​នៅក្នុង​ព្រលានយន្តហោះ​ទាំង​ ៣ បាន​ធ្លាក់ចុះ​ ៣,១ ​ភាគរយ​។

លោក ខែក នរិន្ទដា នាយក​ទំនាក់ទំនង និង​ទំនាក់ទំនង​សាធារណៈ​នៅ Cambodia Airports បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ ២០១៩ កំណើន​អ្នកដំណើរ​សរុប​នៅក្នុង​ព្រលានយន្តហោះ​ទាំង​ ៣ ​រួមបញ្ចូល​គ្នា​មាន​ចំនួន​ជាង​ ១០,២ ​ភាគរយ ខណៈ​ការធ្លាក់ចុះ​នៅក្នុង​រយៈពេល​ ៣ ​ខែ​ចុងក្រោយ​ (​ត្រីមាស​ទី​ ៤) ឆ្នាំ​ ២០១៩ ចំនួន ៣,១ ​ភាគរយ​ គឺ​ដោយសារតែ​ភាពមិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ចពិភពលោក​។

លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​ដែល​បាន​ជួបប្រទះ​នៅ​ត្រីមាស​ចុងក្រោយ​ឆ្នាំ​ ២០១៩ បាន​ឆ្លុះបញ្ចាំង​ពី​ភាពមិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ពិភពលោក ការធ្លាក់ចុះ​ភ្ញៀវទេសចរ​ជាប្រចាំ​នៅ​សៀមរាប​អាស្រ័យ​ហេតុនេះ​តម្រូវការ​ការធ្វើដំណើរ និង​ការផ្ដល់ជូន​តាមផ្លូវ​អាកាស​កាន់តែ​តិច​»​។ លោក​បន្តថា​៖ «​យើង​នឹង​សម្លឹងមើល​ដោយ​ប្រុងប្រយ័ត្ន​លើ​តួលេខ​ការធ្វើ​ចរាចរ​នៅ​ដើមឆ្នាំ​ ២០២០ មុនពេល​យើង​អាច​មាន​និន្នាការ​ទូទៅ និង​ការបញ្ចប់​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​មាន​ការកែលម្អ​ច្រើន​ក្នុង​វិស័យ​អាកាសចរណ៍​កាលពី​ឆ្នាំមុន ដោយសារ​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​កំពុង​បើក​ដំណើរការ​ជាពិសេស​ជាមួយ​ប្រទេស​ចិន​។

លោកស្រី ស៊ីវលីន បាន​ឲ្យ​ដឹងថា ទោះបី​ជា​ចំនួន​ភ្ញៀវ​ទេសចរ​ធ្លាក់ចុះ​នៅក្នុង​ខេត្ត​សៀមរាប​ក៏ដោយ តែ​វា​នឹង​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ទាំងមូល ខណៈ​កម្ពុជា​បានធ្វើ​ពិពិធ​កម្ម​ទិសដៅ​ទេសចរណ៍​។ លោកស្រី​បន្ត​​ថា​៖ «​នៅពេលនេះ​យើង​កំពុង​រួមដៃ​គ្នា​ពី​វិស័យ​ឯកជន និង​ស្ថាប័ន​រដ្ឋាភិបាល ដើម្បី​លើកកម្ពស់​ឧស្សាហកម្ម​របស់​យើង និង​ដើម្បី​កែលម្អ​សេវា និង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​កាន់តែច្រើន ដើម្បី​ផ្គត់ផ្គង់​ដល់​ភ្ញៀវទេសចរ​»​។

លោក តុប សុភ័ក្ដ អ្នក​នាំពាក្យ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ការមកដល់​ភ្ញៀវទេសចរ​បរទេស​នៅ​ខេត្ត​សៀមរាប​បាន​ធ្លាក់ចុះ​ ១៥ ​ភាគរយ​ កាលពី​ឆ្នាំមុន​ធៀប​នឹង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំ​ ២០១៨​។

ប៉ុន្តែ​លោក​សង្ឃឹមថា ជាមួយ​នឹង​កំណើន​ជើងហោះហើរ​ផ្ទាល់​ថ្មីៗ​មកពី​ទិសដៅ​ផ្សេងទៀត​នឹង​ជាការ​បង្កើន​ផ្សេង​​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​មក​ទស្សនា​ខេត្ត​នេះ​។ កាលពី​ឆ្នាំមុន​កម្ពុជា​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ប្រហែល​ ៦,៧ ​លាន​នាក់ កើន​ ៨ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៨៕LA