ភ្នំពេញៈ ចំនួន​អ្នកដំណើរ​ឆ្លងកាត់​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​ ៣ របស់​ប្រទេស​កម្ពុជា​ បាន​ធ្លាក់ចុះ​ប្រមាណ ៨១ ​ភាគរយ​ នៅក្នុង​ឆ្នាំ​ ២០២០ ធៀប​នឹង​ឆ្នាំ​ ២០១៩ ខណៈ​ចរាចរណ៍​ទំនិញ​បាន​ធ្លាក់ចុះ ៣០ ​ភាគរយ​ ដែល​បណ្តាល​ពី​ការរឹតបន្តឹង​ការធ្វើដំណើរ​លើ​ពិភពលោក​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក ខែក នរិន្ទដា នាយក​ផ្នែក​ទូរគមនាគមន៍ និង​ទំនាក់ទំនង​សាធារណៈ​ក្រុមហ៊ុន Cambodia Airports បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ ថា ការរឹតបន្តឹង​ការធ្វើដំណើរ​លើ​ពិភពលោក និង​ការរឹតបន្តឹង​លក្ខខណ្ឌ​តម្រូវ​ចូល​ប្រទេស​កម្ពុជា​ដែល​កំពុងតែ​អនុវត្ត​ជា​ធរមាន (​ពិសេស​មកពី​ប្រទេស​ចិន​) ការចរាចរ​របស់​អ្នកដំណើរ គឺ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដែល​ធ្វើឱ្យ​ចំនួន​អ្នកដំណើរ​ឆ្លងកាត់​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង ៣ នៅ​ប្រទេស​កម្ពុជា​ធ្លាក់ចុះ​ប្រមាណ ៨១,៣ ​ភាគរយ​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ ២០២០​។

លោក នរិន្ទដា បាន​កត់សម្គាល់ថា បើ​ពិចារណា​លើ​ផលប៉ះពាល់​ជាច្រើន​ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ ​១៩ លើ​សេដ្ឋកិច្ច​ពិភពលោក និង​វិស័យ​អាកាសចរណ៍ ការ​ចរាចរ​ទំនិញ​ទទួលរង​ការធ្លាក់ចុះ​ ២៩,៩ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។

លោក​ឱ្យដឹងថា ការកាត់បន្ថយ​ជើងហោះហើរ​ពាណិជ្ជកម្ម​ចំនួន​ច្រើន និង​សមត្ថភាព​ដឹកជញ្ជូន​ទំនិញ​បាន​រារាំង​តម្រូវការ​ដឹកទំនិញ​តាមផ្លូវ​អាកាស​។

លោក​ថ្លែងថា​៖ «​ការមាន​ចក្ខុវិស័យ​ច្បាស់លាស់​គឺជា​បញ្ហា​ប្រឈម ខណៈ​ដែល​ស្ថាន​ការ​ជំងឺ​កូវីដ​ ១៩ កំពុង​បន្ត និង​វិវត្ត​យ៉ាង​រហ័ស​។ បច្ចុប្បន្ន​យើង​ពឹង​ផ្អែកលើ​ជើងហោះហើរ​ទៅ​មកពី​ទីក្រុង​មួយចំនួន​របស់​ប្រទេស​ចិន សិង្ហបុរី និង​កូរ៉េខាងត្បូង ហើយ​យើង​មិន​រំពឹងថា នឹង​មាន​ការផ្លាស់ប្តូរ​ច្រើន​ក្នុង​រយៈពេល​ ៣ ​ខែក្រោយ​នោះទេ​»​។

លោក​លើកឡើង​ថា​៖ «​និន្នាការ​ធ្លាក់ចុះ​ដោយសារ​តែ​វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ និង​ការធ្វើ​ចត្តាឡីស័ក​»​។

ប្រធាន​សមាគម​ភ័ស្ដុភារកម្ម​កម្ពុជា​លោក ស៊ិន ចន្ធី បាន​ប្រាប់ថា ស្ថានការណ៍​ដឹកជញ្ជូន​ទំនិញ​ផ្លូវអាកាស​មិនទាន់មាន​ភាព​វិជ្ជមាន​ទេ ប៉ុន្តែ​សកម្មភាព​ដឹកជញ្ជូន​តាមផ្លូវ​គោក និង​ផ្លូវទឹក​កំពុង​ត្រឡប់​ទៅមក​រក​ភាព​ធម្មតា​វិញ​ហើយ​។ លោក​បន្តថា​៖ «​យើង​បាន​មើលឃើញ​ការធ្លាក់ចុះ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​កាលពី​ឆ្នាំមុន​។ យើង​មិនអាច​ប៉ាន់ប្រមាណ​នៅពេលណា​វា​នឹងមាន​ភាពប្រសើរ​ឡើងវិញ​ទេ​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា ធ្លាប់បាន​និយាយថា ការធ្លាក់ចុះ​ចំនួន​អ្នកដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​ក្នុង​អំឡុង​ពេលនេះ​គឺ​ដោយសារ​រដ្ឋាភិបាល​ហាមឃាត់​ការចេញ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​។

លោកស្រី​ប្រាប់ថា​៖ «​ជា​លទ្ធផល ការដឹកជញ្ជូន​ទំនិញ​អនុវត្តតាម​គំរូ​ដូចគ្នា​។ នៅពេល​មិនមាន​ភ្ញៀវទេសចរ​ចូល និង​ចេញ​ទៅវិញ តម្រូវការ​ទំនិញ​មាន​ការធ្លាក់ចុះ​តាម​នោះដែរ​»​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​នៅតែ​មើលឃើញ​ប្រជាជន​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា ស្វែងរក​ឱកាស​វិនិយោគ​ដោយ​សង្ឃឹម​យ៉ាងខ្លាំង​ពី​ការចាប់ផ្ដើម​ការវិនិយោគ​ថ្មី​ក្នុងប្រទេស​របស់​យើង​»​។

លោកស្រី​បន្ថែមថា​៖ «​យើង​ទទួលស្គាល់​ថា មានការ​ធ្លាក់ចុះ​។ ខណៈ​ដែល​ជំងឺ​កូវីដ​១៩​បាន​រឹតបន្តឹង​ការធ្វើដំណើរ រដ្ឋាភិបាល​បាន​បញ្ឈប់​ការចេញ​ទិដ្ឋាការ​សម្រាប់​អ្នកដំណើរ​។ នៅពេលនេះ​យើង​ផ្ដល់​ទិដ្ឋាការ​ឱ្យតែ​ពាណិជ្ជករ និង​អ្នកការទូត​ប៉ុណ្ណោះ​មិនមែន​ភ្ញៀវទេសចរ​ទេ ដូច្នេះ​ទំហំ​នៃ​ការធ្លាក់ចុះ​អ្នកដំណើរ​មាន​ទំហំ​ធំ​»​។

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ចំនួន​ ៦ ​កំពុង​ប្រតិបត្តិការ​បម្រើ​ការហោះហើរ​ទៅ​មក​រវាង​ទីក្រុង​ហុងកុង អ៊ីស្លាម៉ាបាត ហៃ ដ្រាបាត ឌូបៃ ដូហា ដូបៃ អេមីរ៉ាតអារ៉ាប់រួម និង​ទីក្រុង​បាងកក​។ នេះ​បើ​យោងតាម​លោក ខែក នរិន្ទដា​។

កាលពី​ឆ្នាំ​ ២០១៩ ចំនួន​អ្នកដំណើរ​ឆ្លងកាត់​ព្រលានយន្តហោះ​អន្តរជាតិ​កម្ពុជា​មាន​ចំនួន​ជិត ១១,៦ ​លាន​នាក់​ ក្នុង​នោះ​ជាង ៦ ​លាន​នាក់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង ៣,៩ ​លាន​នាក់​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​។

ចាប់ពី​មូលដ្ឋានទាប ប៉ុន្តែ​ទទួលបាន​កំណើន ៣ ​ខ្ទង់ ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ទទួល​អ្នកដំណើរ​បាន​ជាង ១,៦ ​លាន​នាក់​។ ចំណត​ទទួល​អ្នកដំណើរ​ទាំង ៣ ​បម្រើ​ទិសដៅ​ ៥៥ និង​ស្វាគមន៍​ជើង​ហោះហើរ​ទៀងទាត់ ៧០០ ​ក្នុង​ ១ ​សប្ដាហ៍​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន Cambodia Airports៕ LA

វីដេអូ៖