ភ្នំពេញៈ​ អ្នក​បើក​តាក់​ស៊ី ​និង​អ្នក​រ​ត់រឺម៉ក​ម៉ូតូ ​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ពីផល​ប៉ះ​ពាល់​ដល់​មុខ​របរ​របស់​ពួកគេ​​នៅ​ពេល​សេវា​រថ​ភ្លើង​ពី​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ​ទៅ​កណ្តាល​ទីក្រុង ​ដំណើរ​ការ​ពេញ​លេញ។​

ការ​ព្រួយ​បារម្ភ​នេះ​កើត​មាន​ឡើង​ ខណៈ​សេវា​រថ​ភ្លើង​ពី​ស្ថានីយរថ​ភ្លើង​ទៅ​ព្រលាន​យន្ត​ហោះ​អន្ត​រជាតិ​ភ្នំពេញ​បាន​បើក​ដំណើរ​ការ​ នៅថ្ងៃ​នេះ​។

មាន​រថ​ភ្លើង ​២ គ្រឿង​ដែល​បាន​ដាក់​ដំណើរ​ការ​ក្នុង​ដំណាក់​កាល​ដំបូង​ ដែល​រថ​ភ្លើង​នីមួយ​ៗអា​ច​ផ្ទុក​អ្នក​ដំណើរ​បាន​​ ១០០ ​នាក់​។ ប៉ុន្តែ​នេះ​ហាក់​ជា​ដំណឹង​មិន​ល្អ​សម្រាប់​អ្នក​រត់​តាក់​ស៊ី ​និង​រឺម៉ក​ម៉ូតូ ​នៅ​ព្រលាន​យន្ត​ហោះ ​ដោយ​ពួក​គេ​និយាយ​​ថានឹង​ប៉ះ​ពាល់​ដល់​មុខ​រប​រពួក​គេ​នៅ​ថ្ងៃ​ខាង​មុ​ខ។​

លោក ​អូន ​វិចិត្ត ​អ្នក​បើក​រឺម៉ក​ម៉ូតូដែល​ប្រចាំ​ការ​នៅ​ខាង​ក្រៅព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ​និយាយ​ថា ប្រសិន​បើ​សេវា​រថ​ភ្លើង​នេះ​កាន់​តែពេញ​និយម ​លោក​នឹង​បាត់​បង់​អតិ​ថិជន​ជាមិន​ខាន​។​ លោក​បន្ត​ថា៖​ «ពេល​នេះ​វា​គ្មាន​អ្វី​ប៉ះ​ពាល់​ទេ ​ប៉ុន្តែ​ខ្ញុំគិត​ថាវា​នឹង​ប៉ះ​ពាល់​នៅ​ថ្ងៃ​ខាង​មុខ»​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក​អះ​អាងថា​ លោក​ចូលរួម​សប្បាយ​ចិត្ត​នឹង​អ្ន​ក​គ្រប់​គ្នាចំ​ពោះសេ​វានេះ​។ ​

លោក​ថ្លែង​ថា៖​«បើអ្នក​រាល់​គ្នា​សប្បាយ​ចិត្ត​ ខ្ញុំ​គិត​ថា ​ខ្លួន​ខ្ញុំ​ក៏​គួ​រតែ​សប្បាយ​ចិត្ត​ដែរ មាន​កន្លែង​ផ្សេង​ទៀត​ដែលខ្ញុំអាច​រក​លុយ​បាន»។

អ្នក​បើក​បរ​តាក់​ស៊ីម្នាក់​នៅក្នុង​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ភ្នំពេញ ​ប៉ុស្តិ៍​ថា អតិថិ​ជន​របស់​លោក​នឹង​ធ្លាក់​ចុះ​នៅ​ពេល​សេវា​រថ​ភ្លើង​នេះ​ដំណើរ​ការ​ពេញ​លេញ​។

លោក​បាន​ជំរុញ​ឲ្យ​អ្នក​បើក​តាក់​ស៊ី​ទាំង​អស់​ត្រូវ​ពង្រឹង​គុណភា​ព​សេវា​របស់​ខ្លួន​។

លោក​ថ្លែង​ថា៖​ «ខ្ញុំ​នឹង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ​ ប៉ុន្តែ​ខ្ញុំស​ង្ឃឹមថា ​នឹង​មិន​មែន​ជា​បញ្ហាធ្ង​ន់ធ្ង​រទេ ខ្ញុំ​នឹង​ផ្តោត​កាន់​តែ​ខ្លាំង​លើ​សេវា​ល្អ​ទៅ​កាន់​អតិ​ថិ​ជន​របស់​ខ្ញុំ»​៕​