ភ្នំពេញៈ រថយន្ត​ក្រុង​ ៦០ ​គ្រឿង​នឹង​ត្រូវ​ដាក់​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​ ១២ ​ខែ​ មេសា ​ដល់​ថ្ងៃ​ទី​ ១៨​ ខែ​ មេសា សម្រាប់​សេវា​ដឹក​​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​តាម​ទិស​ដៅ​ផ្លូវ​ជាតិ​លេខ​ ១ ​និង​លេខ ៥ ខណៈ​អ្នក​បើកបរ​រថយន្ត​ឈ្នួល​ឯកជន​ ដែល​តែង​តែ​យក​ថ្លៃ​សេវា​ខ្ពស់ ​ក្នុង​អំឡុង​ពេល​បុណ្យ​ទាន​ កាល​ពី​ថ្ងៃ​ម្សិលមិញ ​បាន​ប្រតិកម្ម​ចម្រុះ​ចំពោះ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ពី​ការ​ផ្តល់​​សេវាដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ​នេះ។

សេចក្តី​ប្រកាស​របស់​សាលា​រាជធានី​ ភ្នំពេញ ​ពី​ការ​ផ្តល់​សេវា​រថយន្ត​ក្រុង​ឥត​គិត​ថ្លៃ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ការ​ប្រកាស​ផ្តល់​សេវា​រថយន្ត​ក្រុង​ដោយ​ឥត​គិត​ថ្លៃ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​លើ​ទំព័រ​បណ្តាញ​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​អាទិត្យ។

ទោះ​ជា​យ៉ាងណា មន្ត្រី​សាលា​រាជធានី​អះ​អាង​ថា​ នឹង​មិន​មាន​​ការ​រៀប​ចំ​ប្រព័ន្ធ​ដើម្បី​គ្រប់គ្រង​លើ​ការ​ដឹក​ជញ្ជូន​នេះ​ទេ។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​ថា សាលា​រាជធានី​នឹង​ប្រើប្រាស់​រយៈពេល​មួយ​សប្តាហ៍​ក្រោយ​នេះ ​ដើម្បី​សិក្សា​បញ្ចប់​ពីការ​ត្រៀម​រៀបចំ​សេវា​រថយន្ត​ក្រុង​ដោយ​ឥត​គិត​ថ្លៃ​នេះ។

នៅ​ពេល​សួរ​ថា​តើ​នឹង​មាន​ប្រព័ន្ធ​លក់​សំបុត្រ​មួយ​ដើម្បី​គ្រប់​គ្រង​អ្នក​ធ្វើ​ដំណើរ ឬ​កំណត់​ថា តើ​នរណា​នឹង​ទទួល​​បាន​កៅ​អី​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​នេះ​ ឬ ​យ៉ាង​ណា​នោះ​ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​នឹង​ត្រូវ​បាន​កំណត់​ដោយ​ផ្អែក​លើ​អ្នក​មក​បាន​មុន។

លោក​ថ្លែង​ថា៖ «យើង​នឹង​មិន​ចេញ​សំបុត្រ​ទេ ​ហើយ​យើង​ក៏គ្មាន​លក្ខខណ្ឌ​តម្រូវ​ដែរ។ បញ្ហា​ថា​ តើ​នរណា​មក​ដល់​មុន​ ទទួល​បាន​សេវា​មុន​ និង​ឥតគិត​ថ្លៃ»។ លោក​បាន​បន្ត​ថា៖ «រថយន្ត​ក្រុង​នេះ​នឹង​ចាក​ចេញ​ពេល​កៅអី​ដឹក​​អ្នក​ដំណើរ​ពេញ​ ហើយ​ព័ត៌មាន​លម្អិត​អំពី​កន្លែង​ឈប់ ​និង​ទិសដៅ​ធ្វើ​ដំណើរ​នឹង​ត្រូវ​ប្រកាស​ជា​ក្រោយ»។

រថយន្ត​ក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​ប្រមាណ​ ៦០ ​គ្រឿង ​ដែល​​រថយន្ត​ភាគ​ច្រើន​ជា​អំណោយ​របស់​ប្រទេស​ចិន​ផ្តល់​ជូន​កាល​ពី​ឆ្នាំ​មុន​ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​ចំណុច​ ៣ ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ។

រថយន្ត​ក្រុង​ដែល​បច្ចុប្បន្ន​កំពុង​ប្រតិបត្តិការ​ក្នុង​ទី​ក្រុង​ ភ្នំពេញ មាន​ទាំង​រថយន្ត ២៥ កៅអី ៣៥​ កៅអី​ ឬ​ ៥០ កៅអី ទំនង​ជា​មាន​ន័យ​ថា ​ចំនួន​អ្នកដំណើរ​អតិបរមា​ដែល​អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ក្នុង​មួយ​ថ្ងៃ​នឹង​មាន​ប្រមាណ ៣ ពាន់​នាក់។

ប៉ុន្តែ លោក មាសភក្តី បាន​បដិសេធ​ផ្តល់​ព័ត៌មាន​ជាក់លាក់​អំពី​ទំហំ​រថយន្ត​ ដែល​នឹង​ត្រូវ​​យក​មក​ប្រើ​ប្រាស់​ដើម្បី​ផ្តល់​​​សេវាកម្ម​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ។

ជា​មួយ​នឹង​ការ​ផ្តល់​ជូន​ពី​រដ្ឋាភិបាល​នេះ ​បាន​ធ្វើ​ឲ្យ​អ្នក​រត់​តាក់ស៊ី​ខ្លះ​មិន​សប្បាយ​ចិត្ត​ ដោយ​អះអាង​ថា​នឹង​ប៉ះ​ពាល់​ដល់​​អាជីវកម្ម​របស់​ពួកគេ។

លោក នួន​ ឈុនរី ​អ្នក​បើកបរ​រថយន្ត​ឈ្នួល ១២ កៅអី​ ដែល​ដឹក​អ្នក​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ពោធិ៍សាត់​ តាម​​ផ្លូវ​ជាតិ​​លេខ​ ៥ ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ប្រកាស​នេះ​ទេ ​ព្រោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រាក់​ចំណូល​របស់​គាត់​។

លោក​លើក​ឡើង​ថា៖ «ខ្ញុំ​នឹង​មាន​អ្នក​ជិះ​កាន់​តែ​តិច​ ហើយ​រក​ប្រាក់​ចំណូល​បាន​កាន់​តែ​តិច ហើយ​រដូវ​បុណ្យទាន​គឺជា​​ពេល​ដែល​ខ្ញុំ​រក​ប្រាក់​បាន​ច្រើន»។

ទោះ​បី​យ៉ាង​នេះក្តី​ លោក​ សេង ​បូណា ​អ្នក​បើកបរ​រថយន្ត​ឈ្នួល​ម្នាក់​ទៀត​ ដែល​ផ្តល់​សេវា​​រថយន្ត​ឈ្នួល​តាម​ផ្លូវ​ជាតិ​លេខ​ ៥ ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា លោក​មិន​បារម្ភ​អំពី​ផល​ប៉ះពាល់​ចេញ​ពី​ការ​សម្រេច​ចិត្ត​របស់​​លោក​នាយក​រដ្ឋមន្ត្រី​នេះ​ទេ។

លោក​និយាយ​ថា៖​ «ខ្ញុំ​រីក​រាយ​ដែល​បាន​ឮ​ដំណឹង​នេះ ​ពី​នាយក​រដ្ឋមន្ត្រី​ វានឹង​ជួយ​អ្នក​ដែល​មិន​សូវ​មាន​ប្រាក់»។ លោក​បន្ត​ថា៖ «​អ្នក​ដំណើរ​មួយ​លាន​នាក់​ នឹង​ចាក​ចេញ​ទៅ​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ហើយ​ច្រើន​ ឬ​តិច ​ខ្ញុំ​ជឿ​ជាក់​ថា​ ខ្ញុំ​នឹង​ទទួល​បាន​អ្នក​ដំណើរ​នៅ​ថ្ងៃនោះ»។

លោក​ មាសភក្តី ​បាន​ទទួល​ស្គាល់​ថា វិធានការ​នេះ​នឹង​ទំនង​ជា​ប៉ះ​ពាល់​ដល់​អ្នក​បើកបរ​រថយន្ត​ឈ្នួល​មួយ​ចំនួន ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​ផ្តល់​សេវា​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​ការ​ប្រកួត​ប្រជែង​ដោយ​ផ្ទាល់​ជា​មួយ​នឹង​អ្នក​រកស៊ី​ក្នុង​វិស័យ​នេះ​ ដែល​ជា​ផ្នែក​មួយ​នៃ​ទីផ្សារ​សេរី។

លោក​ថ្លែង​​ថា៖​ «យើង​គប្បី​ព្រួយ​បារម្ភ​ជា-​មួយ​នឹង​អត្ថប្រយោជន៍​របស់​មនុស្ស​គ្រប់​គ្នា។ ច្បាស់​ណាស់ វា​នឹង​ប៉ះ​ពាល់​​ដល់​អ្នក​បើកបរ​រថយន្ត​ក្នុង​ស្រុក​មួយ​ចំនួន ​តែ​វា​គឺជា​ទីផ្សារ​សេរី ​គ្មាន​បញ្ហា​ទេ​ថា​​សេវាកម្ម​នេះ​ជា​របស់​រដ្ឋាភិបាល ឬ​មិន​មែន​នោះ»។

យោង​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ​ទិស​​ដៅ​ទទួល​អ្ន​កដំណើរ​ចំនួន​ ៣ កន្លែង ​ត្រូវ​បាន​គ្រោង​ទុក​នៅ​ផ្លូវ​បំបែក​ផ្លូវ​ជាតិ​លេខ​ ៤ ​និង​ផ្លូវ​កប់​ស្រូវ ​ទីលាន​ប្រជាធិបតេយ្យ​នៅ​សង្កាត់​ឫស្សីកែវ ​និង​ក្បែរ​ហាង​​លក់​រថយន្ត Mercedes មហាវិថី សម្តេច​ ហ៊ុន សែន៕ BP