ខណៈ​ពេល​ដែល​ស្ថានភាព​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ហាក់​មិន​មាន​ការកើនឡើង​ខ្ពស់​ដែល​បណ្តាល​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ប្រទេស​នីមួយៗ​នោះ ការចាប់ផ្តើម​បើក​ប្រទេស និង​សេដ្ឋកិច្ច​ឡើងវិញ​ក៏​កំពុង​ដំណើរការ​ជា​បន្តបន្ទាប់​ ដើម្បី​ស្តារឡើងវិញ​នូវ​ផលប៉ះពាល់​ពី​វិបត្តិ​នេះ​។

ជាមួយ​គ្នា​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ក្នុង​ការអនុញ្ញាត​ឲ្យ​មាន​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ហាង ភោជនីយដ្ឋាន ខារ៉ាអូខេ សាលារៀន និង​កាស៊ីណូ​ដោយ​តម្រូវ​ឲ្យ​រក្សា​នូវ​អនាម័យ និង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដល់​សុវត្ថិភាព​អតិថិជន​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យសភា​បានផ្តល់​បទសម្ភាសន៍​ដាច់ដោយ​ឡែក​ជាមួយ​លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត ភ្នំពេញ​ប៉ុស្តិ៍​អំពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ និង​វិធានការ​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​ក្នុង​ការស្តារ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​។

ក្នុង​អំឡុងពេល​នៃ​ការផ្ទុះ​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​រឹតបន្តឹង​ការចំណាយ តើ​យន្តការ​នេះ​អាច​ជួយ​បាន​កម្រិតណា​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ និង​គាំពារ​សង្គម​?

នេះ​គ្រាន់តែ​ជា​កញ្ចប់​ទឹកប្រាក់​សង្គ្រោះ​រយៈពេល​ខ្លី​ក្នុង​ការដោះស្រាយ​អំឡុង​ពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ដែល​មាន​ប្រមាណ​ ២៥ ​លាន​ដុល្លារ ក្នុង​ ១ ​ខែៗ​ដែល​រដ្ឋាភិបាល​បាន​ចំណាយ ហើយ​អាច​មាន​ការបង្កើន​បន្ថែមទៀត​ក្នុង​ការផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​អំឡុង​ពេល​កូវីដ​នេះ​។

តែ​អ្វីដែល​យើង​សង្កេត​ឃើញ​អំពី​ផែនការ​ក្នុង​ការធ្វើ​ពិពិធកម្ម​រយៈពេល​វែង​នោះ​គឺ​រដ្ឋាភិបាល​សម្រេចបាន​នូវ​ការចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ដ៏ធំ​ក្នុង​តំបន់ ហើយ​ក៏​កំពុង​ធ្វើការ​ចរចា​ជាមួយ​កូរ៉េខាងត្បូង និង​កំពុង​សិក្សា​ដើម្បី ចរចា​ជាមួយ​ឥណ្ឌា​ថែមទៀត​ដែល​នេះ​គឺជា​យន្តការ​រយៈពេល​វែង​ដែល​រដ្ឋាភិបាល​បាននិង​កំពុង​ធ្វើ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​បន្ថែមទៀត​។

ប្រទេស​នីមួយៗ​ចាប់ផ្តើម​បើក​សេដ្ឋកិច្ច​ឡើងវិញ​រួមទាំង​កម្ពុជា​ផង តើ​ការឆាប់​បើក​សេដ្ឋកិច្ច​នេះ​នឹង​ជួយ​ស្រោចស្រង់​ផលប៉ះពាល់​សេដ្ឋកិច្ច​កម្រិតណា​?

ទោះបី​ជា​ស្ថានភាព​កូវីដ​ ១៩ ​ហាក់​ដូចជា​មិនទាន់​ថមថយ​ខ្លាំង​នោះទេ ប៉ុន្តែ​ចំណុច​សំខាន់​នោះ​គឺ​ប្រទេស​នីមួយៗ​ឈប់​រាំងស្ទះ​សេដ្ឋកិច្ច​។ បើ​យើង​ក្រឡេកមើល​សហរដ្ឋអាមេរិក និង​អឺរ៉ុប​គឺ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​កើនឡើង​ខ្លាំងណាស់ បើទោះបី​ជា​អាមេរិក​បាន​បង្កើត​ការងារ​ថ្មីៗ​ច្រើន​មែន​ ប៉ុន្តែ​វា​មិនទាន់​ឆ្លើយតប​នឹង​ការបាត់បង់​នៅឡើយ​ទេ ជាពិសេស​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​។

ជា​យោបល់​ខ្ញុំ សម្រាប់​ស្ថានភាព​កូវីដ​នេះ បើទោះ​ជា​វា​ថយ​ ឬ​មិន​ថយ​ក្តី គឺ​ពិតណាស់​ប្រទេស​នីមួយៗ​នឹង​ខិតខំ​បើក​ប្រទេស និង​សេដ្ឋកិច្ច​របស់គេ​ឡើងវិញ តែ​តម្រូវ​ឲ្យ​មនុស្ស​គ្រប់គ្នា​ត្រូវ​រៀន​រស់ក្នុង​របត់​ថ្មី​។ ដូច្នេះ​ការបើក​ប្រទេស​ឡើងវិញ​នេះ​គឺជា​ច្រកចេញ​ក្នុង​ការជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​។

កម្ពុជា​យើង​ក៏​ដូចគ្នា​ដែរ យើង​ឃើញថា​មាន​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន​ចាប់ផ្តើម​បើក​បណ្តើរៗ​ហើយ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហាង ផ្សារ​នានា និង​សាលារៀន ជាដើម​។ ការណ៍​ដែល​យើង​បើក​សេដ្ឋកិច្ច​ឡើងវិញ​នេះ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការបើក​សេដ្ឋកិច្ច​ក្នុងស្រុក ដែលជា​ចំណុច​សំខាន់​ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​យើង​រស់ ហើយ​បើ​យើង​មិន​បើក​ក្នុង​រយៈពេល​ ៣ ​ខែ​ទៅ​ ៦ ​ខែ​ខាងមុខ នោះ​នឹង​កើតមាន​វិបត្តិ​បំណុល​កាន់តែ​ធំ​ទៅៗ ដូច្នេះ​ការដែល​យើង​កំពុង​បើក​សេដ្ឋកិច្ច​នេះ​គឺ អាច​ជួយ​ឲ្យ​ធូរស្បើយ​ខ្លះ​ក្នុង​ការដោះស្រាយ​បញ្ហា​បំណុល​របស់​ប្រជាពលរដ្ឋ​ដែល​ជំពាក់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដោយសារ​តែ​ពួកគាត់​រក​ចំណូល​មិនបាន​។

តើ​លោក​យល់ឃើញ​យ៉ាងណា​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ចំពោះ​ SME?

ជា​ការពិត​ណាស់​រដ្ឋាភិបាល​បាន​បង្កើត​នូវ​ធនាគារ​ SME ដែល​នេះ​ជា​រឿង​ថ្មី​របស់​កម្ពុជា ព្រោះ​នៅតាម​បណ្តា​ប្រទេស​ជឿនលឿន និង​ក្នុង​តំបន់​គឺ​គេ​មាន​យូរហើយ​ក្នុង​ការជួយ​ជំរុញ​ SME​។ យើង​មើលឃើញ​នៅតាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ឬ​ក្នុង​តំបន់​ក្តី វិស័យ​ SME នេះ​ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ការជំរុញ​សេដ្ឋកិច្ចជាតិ​ឲ្យ​រីកចម្រើន ដោយ​បាន​បង្កើត​ការងារ បង្កើត​ចំណូល​ពន្ធ​យ៉ាងច្រើន ក៏​ដូចជា​ចូលរួម​កាត់បន្ថយ​នៃ​ការលេច​ជ្រាប​សេដ្ឋកិច្ច​ទៅ​ក្រៅប្រទេស ដូចជា​ជប៉ុន និង​កូរ៉េ​ខាងត្បូង គឺ​គេ​មាន​របស់របរ​ប្រើប្រាស់​សុទ្ធតែ​ផលិតផល​ក្នុង​ស្រុក​របស់គេ ហើយ​សម្រាប់​ការនាំ​ចូល​នោះ​គឺជា​ជម្រើស​របស់​អ្នកប្រើប្រាស់​។ ដូច្នេះ​ការគិតគូរ​ឲ្យ​វិស័យ​ SME ​ក្នុង​ស្រុក​ឲ្យ​កាន់តែ​មាន​ភាពប្រសើរ​ឡើង​នេះ​គឺជា​រឿង​មួយ​ដ៏ល្អ​សម្រាប់​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​។

តើ​វិធានការ​កន្លង​មក​នេះ​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​នៃ​សេដ្ឋកិច្ច​ដែរ​ឬ​ទេ​?

ខ្ញុំ​យល់ឃើញ​ថា ផែនការ​នានា​ដែល​រដ្ឋាភិបាល​បាន​កំពុង​ដាក់ចេញ​នាពេល​កន្លងមក​នេះ​ពិតជា​ល្អ និង​មាន​ការឆ្លើយតប​បាន​មួយចំនួន​។ ខ្ញុំ​នៅតែ​យល់​ថា វា​ជា​ជំហាន​ធំ​មួយ​ដែល​រដ្ឋាភិបាល​យើង​បាន​ធ្វើ​នូវ​យន្តការ​ទាំងនោះ​។ ខ្ញុំ​ក៏​មិនដែល​ឃើញ​មាន​រដ្ឋាភិបាល​ប៉ុន្មាន​ជំនាន់​កន្លង​មក​នេះ គឺ​មាន​កញ្ចប់​ថវិកា​ជួយសង្គ្រោះ ជនក្រីក្រ ហើយ​ក៏​មិន​ដែល​មាន​ធនាគារ​ SMEs និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​នោះទេ​។

តើ​លោក​អាច​ប្រៀបធៀប​ផលប៉ះពាល់​ពី​វិបត្តិ​សុខភាព​សកល​នេះ​មាន​កម្រិត​យ៉ាងណា​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០០៨-២០០៩?

វិបតិ្ត​សុខាភិបាល​ឆ្នាំ​ ២០២០ ​នេះ​គឺ​ពិតជា​មាន​ទំហំ​ធំ​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០០៨ និង​វិបត្តិ​នានា​ដែល​បាន​កើតឡើង​នាពេល​កន្លង​មក ប៉ុន្តែ​អ្វី​ដែលជា​ចំណុច​សំខាន់​នោះ​គឺ​ត្រង់​ថា ប្រសិន​បើ​ជំងឺ​កូវីដ​ ១៩​ នេះ​ធូរស្រាល​ឆាប់​នោះ ស្ថានភាព​សេដ្ឋកិច្ច​សកល​នឹង​មាន​ការងើប​ឡើង​លឿន​៕ LA