ភ្នំពេញៈ ខណៈ​រដ្ឋាភិបាល​ប្រកាស​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន និង​ប្រជាកសិករ​ត្រូវខិតខំ​បង្កើន​ការផលិត​ក្នុងស្រុក អ្នក​ក្នុង​វិស័យ​ចិញ្ចឹម​ជ្រូក​បាន​លើកឡើង​ថា ការចិញ្ចឹម​ជ្រូក​នឹង​មាន​សម្ទុះ​កាន់តែ​លឿន ប្រសិន​បើ​វិស័យ​ហិរញ្ញវត្ថុ​បង្កើន​ការផ្តល់​កម្ចី​ដល់​វិស័យនេះ​។

ការពង្រឹង​សមត្ថភាព​ផលិត​ក្នុង​ស្រុក​គឺជា​វិស័យ​អាទិភាព​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្ត​ទុកដាក់​ខ្លាំង ជាពិសេស​ផលិតផល​ទាក់ទង​នឹង​ចំណីអាហារ ខណៈ​ជំងឺ​កូវីដ​ ១៩ កំពុង​បន្ត​ការរីករាលដាល​ស្ទើរ​គ្រប់​ប្រទេស​ក្នុង​ពិភពលោក​ដែល​ធ្វើឲ្យ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​មាន​ការរឹតបន្តឹង​ជាង​មុន​។

លោក លី ឡាវីល ប្រធាន​គ្រប់គ្រង​ទូទៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក M''s Pig ACMC Cambodia ដែលជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ភាពល្អប្រសើរ​នៃ​តម្លៃ និង​តម្រូវការ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដាក់​ផែនការ​បង្កើន​ការចិញ្ចឹម​ជ្រូក​បន្ថែមទៀត​។ លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​កំពុង​សម្លឹងមើល​ពី​សក្តានុពល​ក្នុង​ការពង្រីក​បន្ថែមទៀត ប៉ុន្តែ​វា​នឹង​មិន​មាន​សម្ទុះ​ល្បឿន​ទេ​»​។

លោក​បាន​លើកឡើង​ថា ក្នុង​ស្ថានភាព​ដូច​បច្ចុប្បន្ន​នេះ ការចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​នឹង​មិន​អាចមាន​ដំណើរ​ទៅ​មុខ​លឿន​ទេ ព្រោះ​មិនសូវ​មាន​ការជួយ​គាំទ្រ​ពី​ស្ថាប័នហិរញ្ញវត្ថុ​ដោយ​ពួកគេ​គិតថា វិស័យនេះ​មាន​ហានិភ័យ​ខ្ពស់​។ លោក​បន្តថា​៖ «​ដោយសារ​បច្ចុប្បន្ន​ការវិនិយោគ​លើ​ការចិញ្ចឹម​ជ្រូក​ស្ទើរ​ទាំងអស់​ធ្វើ​ឡើង​ដោយ​ប្រាក់​ផ្ទាល់ខ្លួន​នោះ ដូច្នេះ​យើង​មិនអាច​ធ្វើ​អ្វី​ឲ្យ​បាន​លឿន​ទេ​»​។

លោក​បន្តថា ទន្ទឹម​នឹង​ត្រូវការ​ទុន​ច្រើន​ការចិញ្ចឹម​ជ្រូក​ក៏មាន​ហានិភ័យ​ខ្ពស់​ដែរ ជាក់ស្តែង​គ្រាន់តែ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​រីករាលដាល​កាលពី​ឆ្នាំ​មុន​មួយរយៈ​ខ្លី​គឺ​បាន​ធ្វើឲ្យ​ជ្រូក​ងាប់​អស់​គ្មាន​សល់​។

បើ​តាម​លោក ឡាវីល សព្វថ្ងៃ​កសិដ្ឋាន​លោក​មាន​ចិញ្ចឹម​ជ្រូក​ប្រមាណ ៤០ ០០០ ​ក្បាល និង​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​ពី​ ២០០-៣០០ ​ក្បាល​ក្នុង​ ១ ​ថ្ងៃ​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ប្រាប់ថា លោក​ទទួលស្គាល់​ថា ការចិញ្ចឹម​ជ្រូក​ពិតជា​មាន​ហានិភ័យ​ខ្ពស់​ដែល​ធ្វើឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ពិបាក​ផ្តល់​កម្ចី ប៉ុន្តែ​ប្រាក់កម្ចី​របស់​ពួកគេ​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជំរុញ​ការចិញ្ចឹម​ជ្រូក ដើម្បី​ឈាន​ឆ្ពោះទៅ​កាត់បន្ថយ​ការនាំ​ចូល​។

លោក​បន្តថា ​ក្នុង​នាម​សមាគម​អ្នក​ចិញ្ចឹមសត្វ លោក​ពិតជា​រីករាយ​ដែល​រដ្ឋាភិបាល​មាន​ផែនការ​ពង្រីក​ការចិញ្ចឹម​សត្វ​ក្នុងស្រុក​ឲ្យ​បាន​កាន់តែ​ច្រើន ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុង​ស្រុក និង​បង្កើត​ការងារ​ក្នុងស្រុក​។ លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​តែង​លើក​ក្នុង​កិច្ចប្រជុំ​ជារឿយៗ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជួយផ្តល់​កម្ចី​ឲ្យ​បាន​ច្រើន​ដល់​អ្នក​ចិញ្ចឹម​»​។

តាម​លោក ពៅ បច្ចុប្បន្ន​ជ្រូក​រស់​មាន​តម្លៃ​ពី​ ១១ ០០០-១២ ០០០ រៀល​ក្នុង​ ១ ​គីឡូក្រាម ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ​មុន​មាន​តម្លៃ ៨ ០០០ ​រៀល​។

លោក​ប្រាប់ទៀត​ថា បច្ចុប្បន្ន​កម្ពុជា​មាន​តម្រូវការ​ជ្រូក​រស់​ពី ៦ ០០០ ទៅ​ ៧ ០០០ ​ក្បាល​​ ក្នុង​ ១ ​ថ្ងៃ​។

មិនមាន​តួលេខ​ពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ទេ ប៉ុន្តែ​លោក ពៅ បាន​ប្រាប់ថា មាន​ក្រុមហ៊ុន​ ៣ ដែល​ចិញ្ចឹម​ទ្រង់ទ្រាយ​ធំ​រួមមាន​ក្រុមហ៊ុន CP ក្រុមហ៊ុន M''s Pig ACMC Cambodia និង​ក្រុមហ៊ុន Betagro​។

លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​និយាយថា ក្រុម​ការងារ​ក្រសួងកសិកម្ម​តែង​ចុះ​ទៅ​ធ្វើការ​ផ្សាព្វផ្សាយ និង​បង្រៀន​វិធីសាស្ត្រ​ក្នុងការ​ចិញ្ចឹម និង​ថែរក្សា​សុខភាព អនាម័យ​សត្វ​ជាប្រចាំ ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ការចិញ្ចឹម​ក្នុងស្រុក​ឲ្យ​បាន​កាន់តែច្រើន ពិសេស​ក្នុង​ដំណាក់កាល​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​អាច​មាន​ការបិទ​ព្រំដែន​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ណែនាំ​ឲ្យ​អ្នក​ចិញ្ចឹម​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ធំៗ​ឲ្យ​បង្កើន​ការចិញ្ចឹម ហើយ​បើ​ការចិញ្ចឹម​ក្នុងស្រុក​មាន​ដំណើរការ​ល្អ​យើង​អាច​នឹង​បញ្ឈប់​ការ​នាំចូល​តែម្តង​»​។

បច្ចុប្បន្ន​កម្ពុជា​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ចន្លោះ​ពី ២-៣ ​ពាន់​ក្បាល​ក្នុង​ ១ ​ថ្ងៃ ​មក​បំពេញ​តម្រូវការ​ក្នុងស្រុក​ដែល​ស្មើនឹង​ប្រមាណ​ជាង ២០ ​ភាគរយ​នៃ​តម្រូវ​ការសរុប​។ នេះ​បើ​តាម​លោក ផាន់ណារ៉ា​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ប្រាប់​ទៀត​ថា កម្ពុជា​បច្ចុប្បន្ន​ការផលិត​ចំណី​សត្វ​អាច​សម្រេច​បាន​ប្រមាណ ១,៥ ​លាន​តោន​ ក្នុង​ ១ ​ឆ្នាំ​ ដែល​ស្មើនឹង​ប្រមាណ ៦០ ​ភាគរយ ​នៃ​តម្រូវការ​ប្រើប្រាស់​សរុប​ទូទាំងប្រទេស​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុងពេល​ចុះទៅពិនិត្យ​នៅ​តំបន់​អភិវឌ្ឍន៍​កសិឧស្សាហកម្ម​កែវផុស​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កាលពី​សប្តាហ៍​មុន​ក៏បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ត្រូវខិតខំ​បង្កើន​ការដាំដុះ ការចិញ្ចឹម​ជ្រូក មាន់ ទា ត្រី និង​ដាំ​បន្លែ​ឲ្យ​កាន់តែច្រើន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ចិញ្ចឹមសត្វ និង​ផលិត​ចំណី​សត្វ ត្រូវ​សហការគ្នា​បង្កើន​ផលិតភាព​ផលិតកម្ម​រួមគ្នា​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​ទាំង​ពេលបច្ចុប្បន្ន​ក៏​ដូចជា​ពេលអនាគត និង​ជាពិសេស​ដើម្បី​ស្រូប​យក​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ឲ្យ​អស់​លទ្ធភាព​»៕ LA