
កសិករប្រមូលផលម្រិចពីចម្ការដែលដាំដុះនៅខេត្តរតនៈគិរី នាពេលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ប្រទេសឥណ្ឌា កំពុងសម្លឹងមើលការនាំចូលម្រេចមិនមែន GI (ផលិតផលសម្គាល់ភូមិសាស្ត្រ) ពីប្រទេសកម្ពុជាទៅកាន់ទីផ្សាររបស់ខ្លួនដែលជាទីផ្សារធំនៅអាស៊ីអាគ្នេយ៍។
ការស្វែងរកការនាំចូលនេះត្រូវធ្វើឡើងក្នុងជំនួបពិភាក្សាគ្នារវាងតំណាងសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ជាមួយនឹងលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌាប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២១។
លោក ម៉ាក នី ប្រធាន CPSF បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទនេះថា ការពិភាក្សានេះគឺផ្តោតទៅលើការបើកទីផ្សារម្រេចទៅកាន់ប្រទេសឥណ្ឌា។ ក្រៅពីម្រេច ប្រទេសឥណ្ឌាក៏ចាប់អារម្មណ៍ផលិតផលដំណាំរមៀតរបស់កម្ពុជាផងដែរ។
លោកនិយាយថា៖ «យើងបានពិភាក្សាគ្នាអំពីការនាំចេញម្រេចទៅប្រទេសឥណ្ឌា យើងពិតជាសប្បាយរីករាយណាស់ដែលគេគាំទ្រម្រេចយើង»។
លោក ម៉ាក នី ប្រាប់ទៀតថា ក្រោមការសម្របសម្រួលពីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ភាគីទាំង ២ នឹងពិភាក្សាដាច់ដោយឡែកមួយទៀតនៅពេលខាងមុខនេះ ដើម្បីពិភាក្សាលម្អិតលក្ខខណ្ឌតម្រូវ និងបរិមាណដែលឥណ្ឌាត្រូវការ។
លោកបន្ថែមទៀតថា៖ «យើងមិនទាន់ជជែកគ្នាលម្អិតនោះទេ ដោយគាត់នឹងរៀបចំជំនួបមួយរវាងអ្នកទិញជាមួយនឹងក្រុមផលិត ដើម្បីពិភាក្សាឱ្យស៊ីចង្វាក់គ្នារហូតសម្រេចបានកិច្ចព្រមព្រៀងទិញលក់»។
សេចក្តីថ្លែងការណ៍ពីស្ថានទូតឥណ្ឌាឱ្យដឹងថា ជាជំហានដំបូងក្នុងទិសដៅនេះ ស្ថានទូតនឹងរៀបចំការប្រជុំរវាងក្រុមប្រឹក្សាគ្រឿងទេសឥណ្ឌា និងសហព័ន្ធនេះដែលអាចពិភាក្សាពីឱកាសនៃវត្តមានគ្រឿងទេសកម្ពុជានៅឥណ្ឌា ក៏ដូចជាតម្រូវការភូតគាមអនាម័យ។
សេចក្តីថ្លែងការណ៍បន្តថា បន្ទាប់មកទៀតក្រុមហ៊ុនឥណ្ឌា និងកម្ពុជានឹងមានកិច្ចប្រជុំ B2B នៅខាងមុខនេះ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ស្ថានទូតបានដឹងច្បាស់អំពីគុណភាពម្រេច និងរមៀតដែលផលិតនៅប្រទេសកម្ពុជាដោយរំពឹងថា នឹងមានស្ថានភាពឈ្នះ-ឈ្នះសម្រាប់ក្រុមហ៊ុននៃប្រទេសទាំង ២ ដែលនឹងនាំឱ្យមានការកើនឡើងពាណិជ្ជកម្មទ្វេភាគីប្រទេសទាំង ២»។
គិតត្រឹមថ្ងៃនេះ (ថ្ងៃទី ១៥ ខែមីនា) តម្លៃម្រេចមិនមែន GI នៅដើមឆ្នាំនេះល្អជាងឆ្នាំមុនគឺ ១៥ ០០០ រៀល ក្នុង ១ គីឡូក្រាម (ដើមឆ្នាំមុន ៨ ០០០ រៀល)។ នេះបើតាមលោក ម៉ាក នី។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប៉ាន់ប្រមាណថា កម្ពុជាបាននាំចេញផលិតផលដំណាំកសិឧស្សាហកម្មចំនួន ៦ មុខទាំងផ្លូវការ និងក្រៅផ្លូវការជាង ៨,៥៥ លានតោនស្មើនឹងជាង ២,៣២ ពាន់លានដុល្លារនៅឆ្នាំ ២០២០។ ផលិតផលទាំងនោះ រួមមាន ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទី ផ្លែចេកស្រស់ មៀនប៉ៃលិន និងម្រេច។
ទិន្នន័យក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងឥណ្ឌាក្នុងឆ្នាំ ២០២០ មានតម្លៃសរុប ១៩០,១៣ លានដុល្លារធ្លាក់ ២៥,៨១ ភាគរយពីចំនួន ២៥៦,២៦ លានដុល្លារ ក្នុងឆ្នាំ ២០១៩។ របាយការណ៍នេះបន្តថា ក្នុងនោះការនាំចេញពីកម្ពុជាទៅឥណ្ឌាមានតម្លៃ ៦១,៣៦ លានដុល្លារ ធ្លាក់ ៥,១២ ភាគរយពីចំនួន ៦៤,៦៧ លានដុល្លារ និងការនាំពីឥណ្ឌាមកកម្ពុជាមានតម្លៃ ១២៨,៧៧ លានដុល្លារធ្លាក់ចុះ ៣២,៩៧ ភាគរយពីចំនួន ១៩១,៥៩ លានដុល្លារ៕ LA