ភ្នំពេញៈ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាសង្ឃឹមថា កម្ពុជានឹងចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំថ្មីរបស់កម្មវិធី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបច្ចេកវិទ្យាឥណ្ឌា (ITEC) ដែលទើបនឹងផ្តួចផ្តើមឡើង។ នេះបើយោងតាមឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា។
នៅក្នុងសុន្ទរកថានៃទិវា ITEC កាលពីថ្ងៃអង្គារ នៅភ្នំពេញ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅប្រទេស កម្ពុជា បានឲ្យដឹងថា ITEC បានចាប់ផ្ដើមកម្មវិធីភាពជាអ្នកដឹកនាំមួយចំនួន សម្រាប់ការគ្រប់គ្រងដូចជា ភាពដឹកនាំស្ដ្រី និងការវិនិយោគពាណិជ្ជកម្ម បន្ថែមលើកម្មវិធីដែលមានស្រាប់របស់ខ្លួន។ លោកស្រីថ្លែងថា៖ «ខ្ញុំសង្ឃឹមថា កម្ពុជានឹងមិនចូលរួមនៅក្នុងគំនិតផ្ដួចផ្ដើមថ្មីទាំងនេះទេ»។
លោកស្រីបន្ថែមថា ប្រទេស ឥណ្ឌា ក៏បានផ្ដល់អាហារូបករណ៍ស្ថិតក្រោមផែនការផ្សេងៗ សម្រាប់សញ្ញាបត្រ និងកម្មវិធីស្រាវជ្រាវនៅក្នុងគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យសំខាន់ៗ របស់ប្រទេស ឥណ្ឌា ផងដែរ។
លោកស្រី Manika Jain ឲ្យដឹងថា បច្ចុប្បន្នប្រទេស ឥណ្ឌា បានផ្ដល់អាហារូបករណ៍ ២៥ កន្លែងរៀងរាល់ឆ្នាំដល់និស្សិតកម្ពុជា។
លោកស្រីថ្លែងថា៖ «យើងអាចបង្កើនចំនួនអាហារូបករណ៍ទាំងនេះបានប្រសិនបើត្រូវការ»។ លោកស្រីបន្តថា៖ «ប៉ុន្តែយើងបានមើលឃើញថា មានតម្រូវការមិនគ្រប់គ្រាន់សម្រាប់ការសិក្សាឧត្តមសិក្សានៅឥណ្ឌា ក្នុងចំណោមនិសិ្សតឆ្នើមរបស់ប្រទេស កម្ពុជា ទេ»។
កម្មវិធី ITEC របស់រដ្ឋាភិបាលឥណ្ឌា ត្រូវបានដំណើរការកាលពីឆ្នាំ ១៩៦៤ ជាកម្មវិធីទ្វេភាគីមួយនៃជំនួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១៥៨។ នេះជាផ្នែកមួយនៃគំនិតផ្តួចផ្ដើមរបស់ប្រទេស ឥណ្ឌា នៅក្នុងកិច្ចសហប្រតិបត្តិការភាគខាងត្បូង និងជានិមិត្តរូបដែលអាចមើលឃើញ តួនាទីរបស់ប្រទេស ឥណ្ឌា នៅក្នុងកម្មវិធីអភិវឌ្ឍន៍សកល ដែលចំណាយ ៣០ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំសម្រាប់កម្មវិធីនេះ។
មកដល់ពេលនេះ ប្រជាជនកម្ពុជាជាង ១ ៦០០ នាក់ ដែលកំពុងធ្វើការងារនៅក្នុងក្រសួង នាយកដ្ឋាន និងស្ថាប័នស្វយ័តផ្សេងៗ ដូចជាធនាគារជាតិនៃកម្ពុជា អគ្គិសនីកម្ពុជា។ល។ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីបណ្ដុះបណ្ដាលនេះក្នុងវិស័យរៀងៗខ្លួននៃការងាររបស់ពួកគេ៕LA