ក្រុង​ញូវដែលីៈ ក្រុម​ការងារ​ចរចា​ពាណិជ្ជកម្ម​របស់​អាមេរិក និង​ប្រទេស ​ឥណ្ឌា បាន​ចាប់​ផ្ដើម​​ការ​ចរចា​កាល​ពី​ថ្ងៃ​សុក្រ​ ខណៈ​ដែល​​ភាព​តានតឹង​កើន​ឡើង​ ដោយសារ​តែ​វិធានការ​គាំពារ​និយម​ដែល​ធ្វើ​ឡើង​ដោយ​​ភាគី​ទាំង ​២​​។​

ខណៈ​ដែល​​​ឥណ្ឌា និង​អាមេរិក ​​មាន​ភាព​ជិតស្និទ្ធ​កាន់​តែ​ខ្លាំង​ឡើង​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​ លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ បាន​រិះគន់​ដោយ​ផ្ទាល់​ទៅ​លើ​​​ប្រទេស​អាស៊ី​អាគ្នេយ៍​ឈាន​មុខ​គេ​មួយ​​នេះ​នៅ​លើ​​ Twitter នៅ​សប្ដាហ៍​​នេះ​ ដោយ​លើក​ឡើង​ថា ពន្ធ​នាំចូល​​​ឥណ្ឌា «លែង​ទទួល​យក​បាន​ទៀត​ហើយ​»។​

ទីក្រុង​វ៉ាស៊ីនតោន​ បាន​ដក​ឥណ្ឌា​ចេញ​ពី​បញ្ជី​ប្រទេស​ដែល​​ទទួល​បាន​សិទិ្ធ​រួច​ពន្ធ​សម្រាប់​ការ​នាំចេញ​ទំនិញ​​តម្លៃ​ជាង​ ៦ ពាន់​លាន​ដុល្លារ ​ទៅ​អាមេរិក​​កាល​ពី​ដើម​ឆ្នាំ​នេះ។ វិធានការ​នេះ​បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​អាមេរិក​បាន​ចាត់​វិធានការ​ដំឡើង​​​ពន្ធ​នាំចូល​លើ​​​ដែក​ថែប និង​អាលុយមីញ៉ូម​របស់​ប្រទេស ​ឥណ្ឌា​។​

ជា​ការ​ឆ្លើយ​តប​ ទីក្រុង​ញូវដែលី ​ដែល​មាន​ការ​ខឹង​សម្បា​ បាន​ហូត​ពន្ធ​កាន់​តែ​ខ្ពស់​វិញ​​​លើ​​ផលិតផល​អាមេរិក​ ២៨ ​ប្រភេទ ដែល​រួមមាន​ផ្លែ​អាល់ម៉ុង ផែ្ល​ប៉ោម និង​ផ្លែ​វ៉ាល់ណាត់ ​ផង​ដែរ​កាល​ពី​ខែ​មុន​។​

លោក Wilbur Ross រដ្ឋ​​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក កន្លង​មក​នេះ​​បាន​រិះគន់​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​ប្រទេស ​ឥណ្ឌា និង​វិធានការ​​ពន្ធ​នាំចូល​ ដោយ​លើក​ឡើង​ថា ពួក​គេ​បាន​បង្ក​ការ​រារាំង​ដ៏​ធំ​មួយ​ក្នុង​ការ​ទាក់ទាញ​​ការ​វិនិយោគ​បរទេស​។​

ខណៈ​ដែល​ជម្លោះ​​​រវាង​ភាគី​ទាំង ​២ ​បាន​ឡើង​កម្ដៅ ​លោក ​ត្រាំ និង​​លោក​នាយក​រដ្ឋមន្ដ្រី​​ឥណ្ឌា ណារិនដ្រា ម៉ូឌី បាន​ចេញ​បញ្ជា​ឲ្យ​មាន​ការ​ចរចា​នៅ​ពេល​មេ​ដឹកនាំ​ទាំង ​២ ​បាន​ជួប​គ្នា​នៅ​ទីក្រុង​អូសាកា ប្រទេស ​ជប៉ុន​ នៅ​ក្រៅ​ជំនួប​​ប្រជុំ​កំពូល​​​នៃ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន ទាំង ​២០ (G20) ​ពី​ខែ​មិថុនា​។​

ប្រភព​ពី​​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​​​​ឲ្យ​ដឹង​ថា លោក​ Christopher Wilson ជំនួយ​ការ​តំណាង​ពាណិជ្ជកម្ម​អាមេរិក បាន​ជួប​ក្រុម​មន្ដ្រី​​ពាណិជ្ជកម្ម​ឧស្សាហកម្ម​របស់​​ឥណ្ឌា នៅ​ទីក្រុង​ដែលី ​កាល​ពី​ថ្ងៃ​សុក្រ មុន​កិច្ច​ប្រជុំ​មួយ​ជាមួយ​លោក Piyush Goyal ​រដ្ឋមន្ដ្រី​ក្រសួង​​ពាណិជ្ជកម្ម​ឥណ្ឌា។

ទោះ​ជា​យ៉ាង​ណា លទ្ធផល​ជំនួប​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហើប​​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

ពាណិជ្ជកម្ម​រវាង​​​ឥណ្ឌា​ និង​អាមេរិក មាន​តម្លៃ​ ១៤២,១​ ពាន់​លាន​ដុល្លារ ​នៅ​​ឆ្នាំ ​២០១៨ ដោយ​អាមេរិក​មាន​ឱនភាព ​២៤,​២ ពាន់​លាន​ដុល្លារ ហើយ​មាន​ការ​​​ព្យាករ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​​​នឹង​កើន​​ដល់ ​២៣៨ ​ពាន់​លាន​​ដុល្លារ ​នៅ​ត្រឹម​ឆ្នាំ​ ២០២៥៕​ AFP/LA​