ភ្នំពេញៈ កម្ពុជា​ នាំ​ចេញ​ប្រេង​ដូង​មិន​ទាន់​កែច្នៃ​ជាង​ ៤០ ០០០​ តោន​កាលពី​ឆ្នាំ​ ២០១៧ កើនឡើង ​១៤៣ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​​ ២០១៦ ខណៈ​អ្នក​រកស៊ី​នៅ​ក្នុង​វិស័យ​នេះ​បារម្ភ​ថា ឧស្សាហកម្ម​នេះ​នឹងរង​ផល​ប៉ះពាល់​ដោយ​ការ​ហាម​ឃាត់​ប្រេងដូង​របស់​សហភាព​អឺរ៉ុប (EU)​។

យោង​តាម​របាយការណ៍​បាន​ពី​អគ្គនាយក​ដ្ឋាន​កសិកម្ម​បង្ហាញ​ថា កម្ពុជា​បាន​នាំចេញ​ប្រេងដូង​មិនទាន់​កែច្នៃ ៤៤ ៧៣០ តោន​ទៅ​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​មុន ដែល​កើនឡើង​ពី ១៨ ៣៩០ តោន​កាលពី​ឆ្នាំ​២០១៦​។

ការ​កើន​ឡើង​របស់​ឧស្សាហកម្ម​នេះ​នឹង​ទំនង​ជាង​រង​ផលប៉ះពាល់​ដោយ​ការ​សម្រេច​ចិត្ត​របស់​សភា EU កាលពី​ថ្ងៃ​ពុធ ក្នុង​ការ​កែទម្រង់​បទ​ប្បញ្ញត្តិ​របស់​ប្រទេស​នេះ​ជុំវិញ​ការ​នាំចូល​ប្រេង​ដូង ហើយ​ជាពិសេស​ច្បាប់​ថ្មី​នេះ​ចែងថា នឹង​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ប្រេង​ដូង​នៅក្នុង​ជីវៈ​ឥន្ធនៈ ត្រឹម​ឆ្នាំ​ ២០២០​។

ចម្ការ​ប្រេងដូង​ជាច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​លើ​ផ្ទៃដី​ដែល​បំផ្លាញ​ព្រៃឈើ ហើយ​ក្រុម​បរិស្ថាន​បាន​រិះគន់​ការ​ផលិត​របស់​ដំណាំ​កសិកម្ម​នេះ​។

ការ​សម្រេច​ចិត្ត​របស់ EU អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​តម្រូវ​ការ​ប្រេង​លើ​ពិភពលោក ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​ដោយ​រដ្ឋាភិបាល​អឺរ៉ុប ហើយ​វិធានការ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​នាំ​ចេញ​ប្រេង​ដូង​សំខាន់ៗ​ដូចជា​ប្រទេស​ម៉ាឡេស៊ី​ជាដើម​។

លោក កែ មុន្ធីវុធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​នៃ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ថា ប្រេង​ដូង​កម្ពុជា​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​។

លោក មុន្ធីវុធ ថ្លែងថា ជាមួយ​នឹង​ការ​ហាម​ឃាត់​ពី EU ជាទូទៅ​វា​នឹង​ប៉ះពាល់​ដោយ​ប្រយោល​ដល់​ប្រទេស​កម្ពុជា​។​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិតថា ការ​កាត់​បន្ថយ​ពី​EU នឹង​ប៉ះពាល់​ដោយ​ប្រយោល​ដល់​ទីផ្សារ​របស់​យើង​»​។

ក្រុមហ៊ុន​នាំ​ចេញ​ប្រេង​ដូង​ឈាន​មុខ​គេ​របស់​ប្រទេស​កម្ពុជា ជាការ​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី គ្រុប និង​ក្រុមហ៊ុន TCC Group របស់​ប្រទេស​ថៃ បាន​នាំចេញ​ប្រេង​ដូង​មិន​ទាន់​កែច្នៃ​ប្រហែល​ ៣៧ ០០០ ​តោន​កាលពី​ឆ្នាំមុន ដែល​ភាគ​ច្រើន​ទៅ​ប្រទេស​អាស៊ី ប៉ុន្តែ​ ១៥​ភាគរយ​នៃ​ការ​នាំ​ចេញ​នេះ​បាន​នាំ​ចេញ​ទៅ EU ផង​ដែរ​។ នេះ​បើ​យោង​តាម​លោក ប្រា​ចាក់ គង់​តា​នំ​ថាំ អនុ​ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៅ​ក្រុមហ៊ុន Mong Reththy Investment Cambodia Oil Palm Co Ltd ។

លោក ប្រា​ចាក់ គង់តានំថាំ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ចំនួន​ការ​នាំ​ចេញ​នោះ​បាន​នាំ​ឲ្យ​មាន​កំណើន​ប្រាក់​ចំណូល​៧៣​ភាគរយ​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ការ​ហាម​ឃាត់​របស់ EU នឹង​ទំនង​ជា​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​តម្លៃ​ប្រេងដូង និង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​សម្រាប់​ឧស្សាហ​កម្ម​នេះ​។

លោក​ថ្លែងថា ឧស្សាហកម្ម​ប្រេងដូង​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ពី EU ចាប់ពី​ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ​ ២០២០ ប៉ុន្តែ​ក្រុមហ៊ុន​នឹង​ពិនិត្យ​មើល​ការ​ប្រើ​ប្រាស់​របស់​ប្រទេស​ឥណ្ឌា និង​ចិន​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ពិនិត្យ​អ្វី​នឹង​កើត​ឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា និង​ចិន ថា​តើ​ពួក​គេ​បង្កើន​បរិមាណ​ការ​ប្រើប្រាស់​ដែរ​ឬ​អត់​?»​។

លោក​បាន​បន្តថា​៖ «​យើង​គួរ​តែ​ស្វែងរក​របៀប​ដែល​អាច​កាត់​បន្ថយ​តម្លៃ​ការផលិត​របស់​យើង ជាពិសេស​តម្លៃ​ដឹក​ជញ្ជូន និង​ថាមពល​»​។ លោក​កត់​សម្គាល់​ថា តម្លៃ​គឺ «​ខ្ពស់​ខ្លាំង​» នៅក្នុង​ប្រទេស​កម្ពុជា​៕ LA