ក្រុង​ញូវ​យ៉កៈ ឧស្សា​ហ​កម្ម​បញ្ញា​សិប្ប​និម្មិត​ (AI) របស់​ប្រ​ទេស​ ចិន អាច​មាន​តម្លៃ​​លើស​​ពី ១ ​ពាន់​ពាន់​លាន​យន់ (​១៤​៥,​៤៧ ពាន់​លាន​ដុល្លារ​​) ត្រឹម​ឆ្នាំ ២០៣០ ​ខណៈ​ដែល​ឧស្សា​ហ​កម្ម​ដែល​អាច​ប្រើ​​បច្ចេក​វិទ្យា​​ AI មាន​តម្លៃ​ជាង​ ១០ ពាន់​ពាន់​លាន​យន់។ នេះ​បើ​តាម​របាយ​ការណ៍​​​​ចុង​ក្រោយ​មួយ​របស់​ស្ថា​ប័ន​ស្រាវ​ជ្រាវ​​ Bloomberg Intelligence (BI)។

របាយ​ការណ៍​ «​មហា​លោត​ផ្លោះ​ផ្នែក​​បច្ចេក​វិទ្យា​របស់​​​ចិន​» បាន​ឲ្យ​ដឹ​ង​ថា ការ​ជំ​រុញ​របស់​ចិន​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​​​ពា​ណិជ្ជ​កម្ម​​​បច្ចេក​វិទ្យា​ AI ដែល​បាន​គាំទ្រ​ដោយ​ការ​ដាក់​បង្ហាញ​បច្ចេក​វិទ្យា​​ 5G ធំ​ជាង​គេ​របស់​ពិ​ភព​​លោក​ អាច​ជួយ​ឲ្យ​​ប្រ​ទេស​​នេះ​ក្លាយ​ជា​ប្រ​ទេស​នាំ​មុខ​គេ​​លើ​ពិ​ភព​​លោក​ខាង​ផ្នែក​បច្ចេក​វិទ្យា និង​នវា​នុវត្តន៍​។​

របាយ​ការណ៍​នេះ​បន្ត​ថា​៖ «​ដោយ​ផ្អែក​លើ​គន្លង​កំ​ណើន​​ក្នុង​រយៈ​​​មួយ​ទស​វត្សរ៍​កន្លង​មក​នេះ​ ប្រ​ទេស ចិន ​អាច​វ៉ា​ដាច់​អា​មេ​រិក​​ទាក់​ទង​នឹង​​ចំ​ណែក​ប៉ា​តង់​បច្ចេក​វិទ្យា​​ពិ​ភព​លោក​ត្រឹម​ឆ្នាំ ២០២៥»​។​

ឧស្សា​ហ​ក​ម្ម​ដែល​​ជាប់​ទាក់​ទង​នឹង AI អាច​មាន​​ចំ​ណែក​​​ច្រើន​ជាង​​ ៦ ​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ប្រ​ទេស ចិន ​ត្រឹម​ឆ្នាំ ២០​៣០​​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​នេះ​។​ ​

ក្នុង​របាយ​ការណ៍​ ក្រុម​អ្នក​វិ​ភាគ​​របស់ Bloomberg intelligence បាន​ឲ្យ​ដឹង​ថា ភាព​សម្បូរ​បែប​នៃ​ទិន្ន​ន័យ​របស់​ប្រ​ទេស ចិន ​អាច​ជំ​រុញ​ការ​បង្កើន​ល្បឿន​ឧស្សា​ហ​កម្ម​​នេះ។​​

ល្បឿន​ដ៏​លឿន​របស់​ប្រ​ទេស​ ចិន ​​នៃ​ឌី​ជី​ថល​នី​យ​កម្ម​​​របៀប​រស់​​នៅរបស់​​អ្នក​ប្រើ​ប្រាស់​ អាច​​ផ្ដល់​ដល់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​នូវ​លទ្ធ​ភាព​​ទទួល​បាន​ទិន្ន​ន័យ​ជា​ភា​សា​ចិន​តែ​មួយ​គត់​ ដែល​បង្កើត​ឡើង​ដោយ​​ប្រ​ជា​ជន​ ១,​៤​ ពាន់​លាន​នាក់​របស់​​ប្រ​ទេស​នេះ​ ខណៈ​ដែល​ពួក​គេ​ចាប់​ផ្ដើម​ស​កម្ម​ភាព​​ប្រ​ចាំ​ថ្ងៃ​របស់​ពួ​ក​គេ​ទាំង​អន​ឡាញ និង​​អហ្វ​ឡាញ។​

លោក Vey-Sern Ling អ្នក​វិ​ភាគ​ផ្នែក​ឧស្សាហ​កម្ម​ជាន់​ខ្ពស់​នៅ​​ Bloomberg intelligence ​ឲ្យ​ដឹង​ថា ប្រ​ទេស​ ចិន ​អាច​វ៉ា​ដាច់​ដៃ​គូ​លើ​ពិ​ភព​លោក​​នៅ​ក្នុង​ការ​ធ្វើ​​ពា​ណិជ្ជ​នី​យ​កម្ម​បច្ចេក​វិទ្យា​ AI ខណៈ​ដែល​មូល​ធន​ដ៏​ច្រើន​ទំ​នង​ជា​នឹង​បន្ត​ចាក់​បញ្ចូល​ទៅ​ក្នុង​ឧ​ស្សា​ហ​កម្ម​នេះ​។​

សាកល​វិទ្យា​ល័យ​ Tsinghua University បាន​ឲ្យ​ដឹ​ង​ថា ការ​ផ្ដល់​មូល​និ​ធិ​ឯក​ជន​សម្រាប់​​ក្រុម​ហ៊ុន​ដែល​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា​ AI​ របស់​ប្រ​ទេស​ ចិន ​​កាល​ពី​ឆ្នាំ​ ២០១៧ មាន​​​ចំ​នួន​សរុប​ ២៧,៧ ​ពាន់​លាន​​ដុល្លារ​ ស្មើ​នឹង​ ៧០ ភាគ​រយ​​នៃ​ការ​វិ​និ​យោគ​លើ​ពិ​ភព​លោក​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ​។​

ទិន្ន​ន័យ​បាន​បង្ហាញ​ថា ការ​វិ​និ​យោគ​មូល​ធន​វិ​និ​យោគ​រួម​របស់​​ប្រ​ទេស ចិន​ នៅ​ក្នុង​ក្រុម​ហ៊ុន​បង្កើត​ថ្មី​ AI បាន​តាម​ទាន់​អា​មេ​រិក​រួច​ហើយ​​កាល​ពី​ឆ្នាំ ២០១៦​។​

​លោក Ling បាន​ឲ្យ​ដឹង​ថា​ ការ​គាំ​ទ្រ​ពី​លើ​ចុះ​ក្រោម​​​​​គឺ​ជា​កត្តា​​សំ​ខាន់។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​គិត​ថា មាន​កន្លែង​ណា​មួយ​ផ្សេង​ទៀត​នៅ​​លើ​​ពិ​ភព​លោក​ ដែល​មាន​រដ្ឋា​ភិ​បាល​ដ៏​រឹង​មាំ​នៅ​ពី​ក្រោយ​ ​និង​​ទទួល​ស្គាល់​សសរ​ស្ដម្ភ​បច្ចេក​វិទ្យា និង​ទទួល​បន្ទុក​ពេញ​លេញ​នោះ​ទេ»​៕

People''s Daily/​LA