ភ្នំពេញៈ ២០១៩ មិនមែន​ជា​ឆ្នាំ​ដែល​កម្ពុជា​រង​ផលប៉ះពាល់​ពី​ការ​គំរាមកំហែង​សេដ្ឋកិច្ច​ធំដុំ​នោះទេ ដោយ​ការ​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៩ នៅតែ​រឹងមាំ​ក្នុង​អត្រា​ ៧ ​ភាគរយ​ ទោះបី​ទាប​ជាង​ឆ្នាំ​ ២០១៨ បន្តិច​ក៏ដោយ ខណៈ​វិស័យ​អចលនទ្រព្យ​នៅតែ​មាន​កំណើន ការនាំចេញ​នៅតែ​កើន​។

ទោះបី​យ៉ាងនេះ​ក្តី​វា​ជា​ឆ្នាំ​ដែល​កម្ពុជា​ប្រឈម​នឹង​ការលើកឡើង​ផ្សេងៗ​គ្នា​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​ខ្លួន​លើ​លទ្ធភាព​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ ឬ EBA» ពី​សហភាព​អឺរ៉ុប​។

ខាងក្រោម​នេះ​ជា​ការរំឭក​ឡើងវិញ​នៃ​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​ប្រចាំ​ឆ្នាំ​ ២០១៩ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​រាយការណ៍​។

-​សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹងមាន​កំណើន​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ាន ទោះបី​ជា​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ក៏ដោយ​។ នេះ​បើ​យោង​តាម​របាយការណ៍​ស្តីពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​ឆ្នាំ​ ២០១៩ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។

របាយការណ៍​ចេញផ្សាយ​កាលពី​ខែ​តុលា ២០១៩ បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​រក្សាបាន​ភាពខ្លាំង​ក្នុង​អត្រា ៧ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩ មុនពេល​ការធ្លាក់ចុះ​បន្តិច​វិញ​មក​នៅត្រឹម ៦,៨ ភាគរយ ​ក្នុង​ឆ្នាំ​ ២០២០​។

កំណើន​នេះ​ខ្លាំង​ជាង​ប្រទេស​ទាំងអស់​របស់​សមាជិក​អាស៊ាន​ដោយ​សេដ្ឋកិច្ច​របស់​វៀតណាម​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​ ៦,៥ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៩ និង​ឆ្នាំ​ ២០២០ ធ្លាក់ចុះ​ពី​ ៧,១ ​ភាគរយ ​ពី​ឆ្នាំ​ ២០១៨​។

សកម្មភាព​កម្មករ​កំពុង​ធ្វើការ​នៅក្នុង​រោងចក្រ​កាត់ដេរ​មួយ​នៅ​ខេត្តកណ្តាល​កន្លងមក​។ រូបថត ភ្នំពេញ ប៉ុស្តិ៍

លោក Hiroshi SUZUKI អគ្គនាយក និង​ជា​ប្រធាន​សេដ្ឋវិទូ​នៅ​វិទ្យាសា្ថន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា (BRIC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​អ៊ីមែល​កាលពី​ថ្ងៃ​ពុធ​ថា បញ្ហា​ប្រឈម​ខាងក្រៅ​ផ្ដល់​ឲ្យ​កម្ពុជា​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​។

លោក​ថ្លែង​​ថា​៖ «​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នឹង​ផ្ដល់​ផលប៉ះពាល់​អវិជ្ជមាន​តិចតួច​ដល់​សេដ្ឋកិច្ចកម្ពុជា​»​។ លោក​បន្តថា​៖ «​លើស​ពី​នេះ​ទៀត ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​កម្ពុជា​នៅពេលនេះ​គឺជា​បេក្ខជន​មួយ​ក្នុង​ចំណោម​បេក្ខជន​ដ៏សំខាន់​បំផុត​សម្រាប់​ក្រុមហ៊ុន​របស់​ប្រទេស ​ចិន​ ជាច្រើន​ក្នុង​ការផ្លាស់ប្តូរ​រោងចក្រ​របស់​ពួកគេ​ពី​ប្រទេស​ចិន​»​។

-NagaCorp ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​តែ​ ១ ​គត់​ក្នុង​ការវិនិយោគ​លើ​កាស៊ីណូ NagaWorld ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ខែមេសា​បាន​ប្រកាស​គម្រោង​អភិវឌ្ឍន៍ Naga3 ដែល​នឹង​ត្រូវ​ចំណាយ​លើ​ការវិនិយោគ​ប្រមាណ​ជិត​ ៤ ​ពាន់​លាន​ដុល្លារ​នៅ​លើ​ទីតាំង​ដី​អតីត​អគារ​ប៊ុលឌិង​។

គម្រោង​ត្រូវបាន​យល់ព្រម​ដោយ​រដ្ឋាភិបាល​ដើម្បី​សាងសង់ Naga3 ដែលមាន​អគារ​កម្សាន្ត​រួមគ្នា​ ៥ ​ប្លុក​មាន​កម្ពស់​ ៦៦ ​ជាន់​ នៅ​លើ​ទីតាំង​អគារ​ប៊ុលឌិង​ដែល​មាន​អាយុកាល​ជាង​ ៥ ​ទសវត្សរ៍ និង​ដី​នៅ​ជាប់​នោះ ដោយ​មាន​មុខងារ​ជា​កន្លែង​កម្សាន្ត សណ្ឋាគារ និង​អាផាតមិន​។

អតីត​អគារ​ប៊ុលឌិង​ដែលមាន​ប្រជាជន ៤៩២ ​គ្រួសារ​ រស់នៅ​ត្រូវ​បាន​វាយកម្ទេច​ចោល​កាលពី​ឆ្នាំ​ ២០១៧ បន្ទាប់ពី​ដំណោះស្រាយ​មួយ​ត្រូវបាន​ធ្វើឡើង​ក្នុង​សហប្រតិបត្តិការ​ជាមួយ Arakawa Co ជា​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ជប៉ុន​ក្រោម​ការ​សម្របសម្រួល​ពី​រដ្ឋាភិបាល ដែល​ពេលនោះ​ត្រូវបាន​គេ​អះអាង​ថា​នឹង​សាងសង់​អគារ​កម្ពស់​ ២១ ​ជាន់​ដោយ​ចំណាយ​ប្រហែល​ ៨០ ​លាន​ដុល្លារ​។ បច្ចុប្បន្ន​ការបុក​គ្រឹះ​កំពុងដំណើរការ​។

សណ្ឋាគារ The Great Duke ដែល​បាន​បិទទ្វារ ។ ហុង មិនា

- សកម្មភាព​នៃ​ការទិញ​លក់ និង​តម្លៃ​អចលនទ្រព្យ​នៅ​ក្រុងព្រះសីហនុ​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​ ២០១៩ បាន​ហក់​ឡើង​យ៉ាងខ្ពស់ ខណៈ​សកម្មភាព​នៃ​ការសាងសង់​សំណង់​ធំៗ​កំពុង​ដំណើរការ បើទោះបី​ជា​អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ធ្លាប់​បាន​ព្យាករ​ថា សកម្មភាព​ទិញ​លក់ និង​តម្លៃ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​ចាប់ផ្តើម​ឆ្អែត ឬ​ថមថយ​ពី​ឆ្នាំ​ ២០១៩ ​នេះ​ទៅ ដោយសារ​តែ​វា​បាន​ផ្ទុះឡើង​ខ្លាំង​រួចហើយ​ក្នុងអំឡុង​ឆ្នាំ​ ២០១៧-២០១៨ ​ក៏ដោយ​។

ទោះបី​យ៉ាងនេះ​ក្តី​សកម្មភាព​នៃ​ការជួល​នៅ​ឆ្នាំ​ ២០១៩ ក្នុង​ខេត្ត​នេះ​បាន​ថមថយ​មកវិញ ដែល​ការធ្លាក់ចុះ​នេះ​មិនមែន​មកពី​ភាពឆ្អែត​នៃ​ទីផ្សារ​នោះទេ ប៉ុន្តែ​កើតឡើង​ដោយសារ​ការបិទ​ល្បែង​អនឡាញ​ដែល​ជា​ទីផ្សារ​ដ៏សំខាន់​របស់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​។ ការប្រកាស​បិទ​ល្បែង​អនឡាញ​របស់​រដ្ឋាភិបាល​ធ្វើឲ្យ​ជនជាតិ​ចិន​បាន​ចាកចេញ​ពី​ខេត្ត​ព្រះសីហនុ​យ៉ាង​គំហុក​។

- អគ្គិសនី​កម្ពុជា​កាលពី​ខែ​មិថុនា ឆ្នាំ​ ២០១៩ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​ចំនួន​ ២ ​ដើម្បី​សាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដំណើរការ​ដោយ​ប្រេង​ខ្មៅ​ (HFO) និង​ឧស្ម័ន (LNG) តម្លៃ ៣៨០ ​លាន​ដុល្លារ ដែល​មាន​ថាមពល ៤០០ ​មេហ្គាវ៉ាត់​ ជាមួយ​ក្រុមហ៊ុន​ចិន CGGC-Un Power Co., Ltd និង​ក្រុមហ៊ុន China National Heavy Machinery Corporation​។

រោងចក្រ​ដែលមាន​ទីតាំង​ស្ថិត​នៅក្នុង​ឃុំ​កោះរះ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ត្រូវបាន​អាជ្ញាធរ​អះអាង​ថា​នឹង​អាច​ផលិត​ថាមពល​សម្រាប់​ផ្គត់ផ្គង់​ទីក្រុង​ភ្នំពេញ​នៅ​ដើមឆ្នាំ​ ២០២០ ​នេះ​ទៅ​។

- លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែកក្កដា ឆ្នាំ​ ២០១៩ ថ្លែងថា ប្រទេស​អភិវឌ្ឍន៍​គួរ​ពិចារណា​ឲ្យ​បាន​ដិតដល់​មុននឹង​ដាក់​វិធានការ​ព្យួរ ឬ​ដកចេញ​នូវ​ភាពអនុគ្រោះ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដោយ​អះអាងថា ការបន្ត និង​បង្កើន​ការផ្តល់​ភាព​អនុគ្រោះ​នានា​តាមរយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ ឬ​ឯកតោភាគី​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុង​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​របស់ខ្លួន​។

កម្មករ​កំពុង​ធ្វើការ​ក្នុង​ការដ្ឋាន​សំណង់​មួយ​នៅ​ទល់មុខ​រដ្ឋសភា​កាលពី​ចុងឆ្នាំ​ ២០១៩​។ ហេង ជីវ័ន

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ ២០១៩ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ ស្វ៊ីស លោក ហ៊ុន សែន បាន​លើកឡើង​ថា បន្ទាប់ពី​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ​ ២០០៤ កម្ពុជា​សម្រេច​បាន​នូវ​កិច្ចសមិទ្ធផល​ជាច្រើន​ព្រម​ទាំង​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧,៧ ​ភាគរយ​ប្រកប​ដោយ​បរិយាប័ន្ន និង​សមធម៌​ក្នុង​រយៈពេល ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​។

ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ​គឺ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការផ្អាក​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ «​អ្វី​គ្រប់យ៉ាង​លើកលែង​អាវុធ EBA » ពី​សហភាព​អឺរ៉ុប​។

- ឆ្នាំ​ ២០១៩ គឺជា​ឆ្នាំ​ដែល​ទីក្រុង​ភ្នំពេញ​ត្រូវបាន​គេ​មើលឃើញ​ពី​កំណើន​នៃ​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​បង្កើតឡើង​ដោយ​ជនជាតិ​ចិន​បន្ទាប់ពី​ក្រុងព្រះសីហនុ​ពិសេស​ក្នុង​សង្កាត់​ទន្លេបាសាក់ ជុំវិញ​តំបន់​កោះពេជ្រ​។

លំហូរ​ចូល​ជនជាតិ​ចិន​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុងក្រោយ​នេះ ​បាន​ក្លាយជា​របៀបវារៈ​នៃ​ការជជែក​យ៉ាងក្តៅគគុក​ក្នុង​ចំណោម​សាធារណជន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។

ក្រោយ​មាន​ការរិះគន់​ពី​សំណាក់​មហាជន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​កំណត់​អំពី​ការងារ​មួយចំនួន​ហាម​ជនបរទេស​ដែល​មក​រស់នៅ​កម្ពុជា​មិន​ឲ្យ​ធ្វើឡើយ ជាពិសេស​អាជីវកម្ម​ខ្នាតតូច ឬ​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ការពារ​ការដណ្តើម​ទីផ្សារ​ពី​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ ១ ​ខែ​ក្រោយ​មក​បាន​លើក​បម្រាម​នេះ​ចេញ​វិញ​។

- រដ្ឋាភិបាល​បានបង្ហាញ​ពី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ថ្មី​នៅលើ​រមណីយដ្ឋាន​បូកគោ​។ នេះ​បើ​យោង​តាម​កិច្ចប្រជុំ​អន្តរក្រសួង​កាលពី​ខែមិថុនា​។

រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង សំណង់​បាន​ដឹកនាំ​អន្តរក្រសួង​បើក​កិច្ចប្រជុំ​ស្តីពី​ប្លង់គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​លើ​រមណីយដ្ឋាន​បូកគោ​ស្ថិត​នៅ​ស្រុក​ទឹកឈូ ​ខេត្ត​កំពត​មាន​ចម្ងាយ​ប្រមាណ​ ៤២ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពត​។

អភិបាលខេត្ត​កំពត​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ថា នេះ​គ្រាន់តែ​ជា​គម្រោង​អភិវឌ្ឍន៍​ដី​ត្រៀម​ទុក​សម្រាប់​បង្កើត​ក្រុង​ថ្មី​នៅពេល​ដែល​រដ្ឋាភិបាល​មាន​គម្រោង​បង្កើត​ក្រុង​ដែល​គម្រោង​នេះ​ដាក់​ឲ្យ​សិក្សា​លើ​ទំហំ​ដី​ប្រមាណ​ ១៥ ​ម៉ឺន​ហិកតា​លើ​ភ្នំ​បូកគោ​ដោយ​បែង​ចែកជា​តំបន់​ទេសភាព​តាម​ជម្រាលភ្នំ​។

- កម្ពុជា និង​វៀតណាម​បាន​ដាក់​ឲ្យ​ដំណើរការ​ផ្សារ​គំរូ​ព្រំដែន​ដំបូង​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០១៩ ដើម្បី​បម្រើ​ជា​ទីតាំង​នាំចេញ​នាំចូល​ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ក្នុង​ការបង្កើន​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២​។ ផ្សារដា ដែល​ត្រូវបាន​ផ្តួចផ្ដើម​តាំងពី​ឆ្នាំ​ ២០០៩ ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​កម្ពុជា វៀតណាម ត្រូវ​បាន​ចូលរួម​បើក​ដោយ​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ​។ ប្រទេស​ទាំង​ ២ ​ក៏បាន​ប្រកាសថា​នឹង​សាងសង់​ផ្សារ​ ២ ​បន្ថែម​ទៀត​នៅតាម​បណ្ដោយ​ព្រំដែន ខេត្ត​ស្វាយរៀង និង​ខេត្តកំពត​។

យើង​សូម​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ឆ្នាំ​ ២០១៩ នូវ​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច នោះ​គឺ​សណ្ឋាគារ​ផ្កាយ​ ៥ ដ៏ល្បីល្បាញ​ដែលមាន​អាយុកាល​ ២៣ ​ឆ្នាំ​នៅ​ទីក្រុង​ភ្នំពេញ ប្រកាស​បិទទ្វារ​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​ ២០១៩ នៅ​ថ្ងៃទី​ ៣១ ខែធ្នូ ក្រោម​ហេតុផល​វិបត្តិ​សេដ្ឋកិច្ច​។

សេចក្តី​ជូន​ដំណឹង​បាន​ឲ្យ​ដឹងថា ​មូលហេតុ​ដែល​នាំ​ឲ្យ​សណ្ឋាគារ​ផ្កាយ​ ៥ មាន​អាយុកាល​ជាង​ ២ ​ទសវត្សរ៍​នេះ​បិទទ្វារ គឺ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​។ លិខិត​សរសេរថា​៖ «​ដោយ​មូលហេតុ​សេដ្ឋកិច្ច យើង​មាន​ការសោកស្តាយ សូម​ជម្រាប​ជូនដំណឹង​ថា សណ្ឋាគារ​នឹង​ត្រូវ​បិទ​ដំណើរការ​នៅ​ថ្ងៃទី​ ៣១ ខែ​ធ្នូ ឆ្នាំ​ ២០១៩»​។

ចាប់​បើក​ដំណើរការ​អាជីវកម្ម​ពី​ឆ្នាំ​ ១៩៩៦ ក្នុងនាម​ជា​សណ្ឋាគារ Inter-Continental មុនពេល​ប្តូរ​ឈ្មោះ​មកជា The Greate Duke Hotel កាល​ដើមឆ្នាំ​ ២០១៨ ដោយមាន​ក្រុមហ៊ុន Regency Company Limited ជា​ម្ចាស់​កម្មសិទ្ធិ​។ សណ្ឋាគារ​នេះ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការទទួល​មេដឹកនាំ​ប្រទេស​ជាច្រើន​ដែល​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​លើក​ដំបូង​កាលពី​ឆ្នាំ​ ២០០២​។

ការបិទ​ដំណើរការ​របស់ The Greate Duke Hotel ត្រូវបាន​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​មិនបាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​សម្រាប់​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​នៅ​កម្ពុជា​ឡើយ​៕