ភ្នំពេញៈ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ផែនការនៃការដាក់ឲ្យដំណើរការប្រព័ន្ធ 5G របស់ប្រទេសកម្ពុជានឹងដើរតួនាទីដ៏សំខាន់ក្នុងគំនិតផ្តួចផ្ដើមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី ៤ ដែលកម្ពុជាមានបំណងបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីគាំទ្រដល់កំណើន។
លោករដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក ឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ដាក់សាកល្បងប្រព័ន្ធ5G របស់ក្រុមហ៊ុន Cellcard កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកម្ពុជាជាទីផ្សាររីកកំពុងស្ទុះងើប និងសម្រេចបានកំណើនដ៏រឹងមាំ និងប្រកបដោយស្ថិរភាពជាបន្តបន្ទាប់ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ។ លោកបន្ថែមថា ប្រព័ន្ធ 5G គឺជាក្បាលម៉ាស៊ីនដ៏សំខាន់មួយដែលតភ្ជាប់នវានុវត្តន៍ និងធុរកិច្ច។
លោកថ្លែងថា៖ «ជាមួយនឹងការរង់ចាំការដាក់ឲ្យដំណើរការប្រព័ន្ធ 5G វាមានដំណាក់កាលជាច្រើនសម្រាប់កម្ពុជា ដើម្បីសេដ្ឋកិច្ចរបស់យើង ឧស្សាហកម្មរបស់យើង និងប្រជាជនរបស់យើង»។ លោកបន្ថែមថា ប្រព័ន្ធ 5G ត្រូវបានរំពឹងថានឹងបង្កើនប្រាក់ចំណូលប្រតិបត្តិករប្រហែល ៣៦ ភាគរយត្រឹមឆ្នាំ ២០២៦។ ការតភ្ជាប់ទូរស័ព្ទចល័តប្រព័ន្ធ 5G នឹងកើនឡើងជាង ២,៧ លានទូទាំងពិភពលោក ដោយសារតែពួកគេផ្លាស់ប្តូរពីមនុស្សទៅគ្រឿងយន្តជាមួយនឹងម៉ាស៊ីនទៅម៉ាស៊ីន សង្គមអ៊ីនធឺណិត និងទិន្នន័យធំ។
លោកលើកឡើងថា៖ «ថ្ងៃនេះយើងមើលឃើញដោយផ្ទាល់នៃការសាកល្បងទាំងនោះម្ដងហើយម្ដងទៀត ហើយអតិថិជនរបស់ Cellcard នឹងរីករាយនឹងល្បឿនលឿនក្នុងពេលឆាប់ៗ។ ក្រុមហ៊ុន Cellcard ធ្វើដំណើររយៈពេលដ៏វែងនៅក្នុងដំណើររបស់ខ្លួនសម្រាប់ការត្រៀមខ្លួនរួចរាល់សម្រាប់ប្រព័ន្ធ 5G»។
លោកបញ្ជាក់ថា៖ «សម្រាប់ប្រទេសកម្ពុជា ដើម្បីទទួលបានចំណែកនៅក្នុងតម្លៃ និងកំណើននោះប្រទេសរបស់យើង ត្រូវតែធ្វើសកម្មភាពយ៉ាងរហ័ស។ យើងចង់ឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅលេចធ្លោជាងគេបំផុតនៅក្នុងតំបន់សម្រាប់នវានុវត្តន៍»។
លោក គិត ម៉េង ប្រធានក្រុមហ៊ុន Cellcard បានឲ្យដឹងថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការបង្ហាញសមត្ថភាពល្បឿនអ៊ីនធឺណិតរបស់បច្ចេកវិទ្យាប្រព័ន្ធ 5G។
លោកបានឲ្យដឹងថាទាំងនេះបង្ហាញពីការយល់ដឹង និងការប្ដេជ្ញាចិត្តរបស់ក្រសួងប្រៃសណីយ៍នឹងទូរគមនាគមន៍ ដើម្បីគាំទ្រការដាក់ឲ្យដំណើរការប្រព័ន្ធ 5G នៅក្នុងប្រទេសកម្ពុជា និងគោលបំណងរបស់ពួកគេដើម្បីធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករលើបដិវត្តន៍ឧស្សាហកម្មជំនាន់ក្រោយនេះ។
លោកបញ្ជាក់ថា៖ «វាជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីគួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ក្រុមហ៊ុន Cellcard និងចាំបាច់សម្រាប់ប្រទេសកម្ពុជា ខណៈយើងសម្រេចបានទស្សនវិស័យរបស់ក្រុមហ៊ុនរ៉ូយាល់គ្រុបសម្រាប់ការធ្វើឲ្យកម្ពុជាមានលក្ខណៈឌីជីថលពេញលេញ។ យើងបានសហការគ្នាយ៉ាងជិតស្និទ្ធបំផុតរវាងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៅក្នុងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនៃក្រុមហ៊ុន ជាពិសេសផ្នែក ICT ដោយពួកយើងកំពុងធ្វើការងារលើអ្វីជាអនាគតសម្រាប់ការផ្ដល់សេវាអ៊ីនធឺណិត មាតិកាឌីជីថល និងសេវាទូទាត់ប្រាក់តាមឌីជីថលនៅក្នុងពិភពលោកនៃប្រព័ន្ធ 5G។
លោកបានឲ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ MPTC ពីខែឧសភាឆ្នាំមុនសម្រាប់ការសហការ និងការរៀបចំផែនការសម្រាប់ប្រព័័ន្ធ 5G នេះដែលនឹងធ្វើឲ្យកម្ពុជាមានលក្ខណៈឌីជីថលកាន់តែខ្លាំង។
លោក ត្រាំ អ៊ីវតឹក បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៩ ប្រទេសកម្ពុជាត្រូវបានប៉ាន់ប្រមាណថាមានអ្នកប្រើប្រាស់ អ៊ីនធឺណិតទូរស័ព្ទចល័ត ១៦,៧ លាន ជាមួយនឹង ២១៥ ពាន់ជាអ្នកប្រើប្រាស់អ៊ីនធឺណិតលើតុ ខណៈការប្រើប្រាស់ប្រព័ន្ធ 4G នៅក្នុងប្រទេស កម្ពុជា មានជាង ៣០ ជីហ្គាបៃក្នុង ១ ខែ៕LA