ភ្នំពេញ៖ សមាគមសិប្បករកម្ពុជា (AAC) ដែលមានក្រុមហ៊ុនសិប្បកម្មជាសមាជិកប្រមាណ ៣៦ មានឯកទេសខាងការផលិតវត្ថុអនុស្សាវរីយ៍កំពុងស្វែងរកការគាំទ្រពីរដ្ឋាភិបាល ដើម្បីធ្វើពិពិធកម្មទីផ្សារ បន្ទាប់ពីទីផ្សារទេសចរណ៍រងផលប៉ះពាល់ដោយវីរុសកូរ៉ូណា។
កាលពីថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២០ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានទទួលជួបប្រជុំជាមួយលោក Pierre-Andre Romano នៃសមាគមសិប្បករកម្ពុជា និងសហការី ដែលមកស្វែងរកការគាំទ្រពីភាគីរដ្ឋាភិបាល ដើម្បីធ្វើឲ្យសិប្បកម្មរស់ឡើងវិញ។
លោក Pierre-Andre Romano បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនសិប្បកម្មជាច្រើនធ្លាប់បានផ្ដោតការយកចិត្តទុកដាក់លើផលិតផលវត្ថុអនុស្សាវរីយ៍ និងទីផ្សារទេសចរណ៍។ ប៉ុន្តែពួកគេក៏មានទេពកោសល្យ ធនធាន និងសមត្ថភាពក្នុងការផលិតគ្រឿងតុបតែងសហសម័យ គ្រឿងអលង្ការ វាយនភណ្ឌ លំនៅឋាន សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញផងដែរ។
លោកថ្លែងថា៖ «ពេលនេះ វាដល់ពេលដែលត្រូវផ្លាស់ប្តូរទីផ្សារហើយ។ ការណ៍នេះនឹងក្លាយជាយុទ្ធសាស្ដ្រថ្មីរបស់ AAC រួមជាមួយសមាគមផ្សេងទៀត និងដោយមានការគាំទ្រពីរដ្ឋាភិបាល ដើម្បីលើកកម្ពស់ទេពកោសល្យ និងផលិតផលខ្មែរ»។
លោកបានបញ្ជាក់ឲ្យដឹងថា លោករដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មក៏គាំទ្រគំនិតផ្តួចផ្ដើមនោះដែរ ដោយសារតែគំនិតនេះនឹងលើកកម្ពស់ផលិតផលនៅក្នុងស្រុកទៅទីផ្សារអន្តរជាតិ។
លោកបន្តថា៖ «យុទ្ធសាស្រ្តថ្មីនេះវានឹងធ្វើឲ្យឧស្សាហកម្មនេះកាន់តែរីកចម្រើន។ យើងក៏កំពុងធ្វើការងាររួមគ្នាលើការការពារផលិតផលក្នុងស្រុក។ វាមានសារៈសំខាន់ខ្លាំងបំផុតក្នុងការពង្រឹងវិស័យនេះ ខណៈបុគ្គលិកជាច្រើនកំពុងប្រឈមនឹងបញ្ហានាពេលនេះ ដោយសារតែទីផ្សារទេសចរណ៍មានការធ្លាក់ចុះខ្លាំង»។
លោកបានបន្ថែមថា៖ «ពួកគេគួរតែមានការជំរុញទៅកាន់ទីផ្សារផ្សេងទៀត ប៉ុន្តែក្រុមវិនិយោគិនជាច្រើនមិនចាប់អារម្មណ៍នោះទេ ដោយសារតែពួកគេជឿថា ភ្ញៀវទេសចរនឹងមានគ្រប់គ្រាន់។ បទពិសោធលើកនេះបង្ហាញថា ការគិតរបស់ពួកគេខុស»។
លោក ប៉ាន សូរស័ក្ដិ បាននិយាយថា ក្រសួងពាណិជ្ជកម្មមានតួនាទីក្នុងការអនុវត្តចលនាភូមិមួយផលិតផលមួយ ដូច្នេះហើយការងារដែលលើកឡើងដោយសមាគម គឺមានភាពស្របទៅនឹងគោលការណ៍របស់ក្រសួង។
លោកថ្លែងថា៖ «ក្រសួងពាណិជ្ជកម្មគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយលោកបានស្នើឲ្យសមាគម ធ្វើការបន្តជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីគាំទ្រដល់ផលិតករ និងសិប្បករខ្មែរ តាមរយៈការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនានា»។
ក្រៅពីនេះលោកក៏បានលើកទឹកចិត្តឲ្យសមាគម ពិនិត្យលទ្ធភាពលើការប្រើប្រាស់ថ្នាលបច្ចេកវិទ្យាដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងការធ្វើទីផ្សារ និងផ្សារភ្ជាប់ទៅអតិថិជន និងទីផ្សារទូលំទូលាយ។ ក្រសួងពាណិជ្ជកម្មនឹងជួយជំរុញបន្ថែមលើការងារនេះតាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសផងដែរ៕LA