ភ្នំពេញៈ ធនាគារ​វឌ្ឍនៈ អាស៊ី ចំកាត់ (ABA​ Bank)​ ដែល​ជា​សមាជិក​របស់​​ធនាគារ​ជាតិ​​កាណាដា​នឹង​ក្លាយ​ជា​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​ទី៣​ ដែល​នឹង​បោះផ្សាយ​មូលបត្រ​បំណុល​ក្នុង​ផ្សារហ៊ុន​កម្ពុជា​ បន្ទាប់​ពី​ធនាគារ​នេះ​​បាន​ទទួល​ការ​យល់ព្រម​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC)។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ។

អ្នក​​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ឲ្យ​ដឹង​​ថា ដំណឹង​នេះ​កំពុង​បង្ហាញ​ថា ​ទីផ្សារ​មូលបត្រ​កម្ពុជា​​មាន​ភាព​ទាក់ទាញ​កាន់​​តែ​ច្រើន​​សម្រាប់​ក្រុម​វិនិយោគិន។

ធនាគារ ABA គ្រោង​នឹង​ប្រមូល​មូលនិធិ​ ១០០ ​ពាន់​លាន​រៀល (២៥ ​លាន​ដុល្លារ​) តាមរយៈ​ការ​ចេញ​មូលបត្រ​សាជីវកម្ម​លើក​ដំបូង​របស់​ខ្លួន​នៅ​​ទីផ្សារ​មូលបត្រ​កម្ពុជា។

មូលបត្រ​បំណុល​នេះ​នឹង​មាន​រយៈពេល​ ៣ ឆ្នាំ ​​ជាមួយ​នឹង​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​ចាប់​ពី​​​ ៧ ​ភាគរយ ​​ទៅ​ដល់ ​៧,​៧៥​​ភាគរយ។

ប្រាក់​ដែល​បាន​មក​ពី​ការ​ចេញ​មូលបត្រ​បំណុល​នេះ នឹង​ត្រូវ​​ប្រើប្រាស់​សម្រាប់​ការ​ចំណាយ​លើ​ប្រតិបត្តិការ​ ក៏​ដូចជា​បង្កើន​កម្ចី​សម្រាប់​អាជីវកម្ម​ផ្ដល់​។ នេះបើ​យោង​តាម​ធនាគារ​​។​

សេចក្តី​ប្រកាស​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ​«​ប្រាក់​នេះ​នឹង​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច​បំផុត សហគ្រាស​ធុន​តូច​ និង​មធ្យម (MSME)​ ដែល​រួម​ទាំង​សហគ្រិនភាព​ស្ដ្រី​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ផង​ដែរ​»។​

SBI​ Royal​ Securities គឺ​ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ និង​ភ្នាក់ងារ​ធានា​ទិញ​មូលបត្រ​សម្រាប់​ការ​ជួញដូរ​ដ៏​សំខាន់​របស់​ធនាគារ ABA។​

លោកស្រី​ គីម សុផានីតា​ ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​ CSX បាន​ឲ្យ​ដឹង​ថា ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​នឹង​ទទួល​បាន​ការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណេញ​ ៥០ ​ភាគរយ ​រយៈពេល ​៣ ឆ្នាំ​ ដែល​បាន​ផ្ដល់​ដោយ​រដ្ឋាភិបាល​ ការ​ចូល​របស់​ ABA នឹង​ជួយ​ទីផ្សារ​​កម្ពុជា​កាន់​តែ​មាន​ភាព​ទាក់ទាញ​។​

លោក​ស្រី​ថ្លែង​ថា​៖ «​ការ​ចូល​របស់​ធនាគារ​ ABA ​ក្នុង​ទីផ្សារ​នេះ​នឹង​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​មួយ​សម្រាប់​ផ្សារ​មូលបត្រ​​កម្ពុជា​»។ លោកស្រី​បន្ត​ថា៖ ​«​​ខណៈ​សន្ទស្សន៍​របស់ CSX បន្ត​​កើន​ឡើង​ ចាប់​តាំង​ពី​ដើម​ឆ្នាំ ​២០១៩ ការ​​យល់​ដឹង​របស់​សាធារណ​ជន​ស្ដីពី​ផ្សារហ៊ុន​នេះ​កំពុង​កើន​ឡើង​​ដែរ​»។​​

បន្ទាប់​ពី​​ទទួល​បាន​ការ​យល់ព្រម​ពី​ NBC ធនាគារ​ ABA នឹង​ដាក់​ពាក្យ​ត្រួត​ពិនិត្យ​ភាព​ស្រប​ច្បាប់​​នៃ​ការ​ចុះ​បញ្ជី​​ទៅ​ផ្សារ​មូលបត្រ​​កម្ពុជា​។​

យោងតាម​បទ​ពិសោធ លោក​ស្រី សុផានីតា បាន​ឲ្យ​ដឹង​ថា ធនាគារ ABA Bank នឹង​មាន​លទ្ធភាព​ក្នុង​ការ​ចេញ​មូលបត្រ​បំណុល​លើក​ដំបូង​របស់​​ខ្លួន​ជា​ផ្លូវការ​នៅ​រយៈពេល ​២ ខែ​​ក្រោយ​ បន្ទាប់​ពី​ការ​ទទួល​បាន​ការ​យល់​​ព្រម​ពី​ NBC។​

LOLC គឺ​ជា​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​​​ចេញ​លក់​​មូលបត្រ​បំណុល​ទី២​ ដែល​បាន​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​នៅ​​ផ្សារ​មូលបត្រ​​កម្ពុជា​ (CSX) កាល​ពី​ថ្ងៃ​ទី ​១០ ខែ ​ឧសភា​ ឆ្នាំ ​២០១៩​។​

លោក សុខ វឿន ប្រធាន​នាយក​ប្រតិបត្តិ ​LOLC បាន​ស្វាគមន៍​សេចក្ដី​ប្រកាស​របស់​ ABA ដោយ​លើក​ឡើង​ថា ការ​កើន​ឡើង​​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារហ៊ុន​ គឺ​ជា​សញ្ញា​វិជ្ជមាន​​​សម្រាប់​​វិស័យ​មូលបត្រ​​នៅ​កម្ពុជា។

លោក​ថ្លែង​ថា​៖ «​នៅ​ពេល​អនាគត​ នឹង​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កាន់​តែ​ច្រើន​ និង​ក្រុមហ៊ុន​ផ្សេង​ទៀត​​ចូល​ក្នុង​ទីផ្សារ​នេះ​ដោយសារ​តែ​វា​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន​អាច​ប្រមូល​​មូលនិធិ​កាន់​តែ​ច្រើន​សម្រាប់​ការ​ពង្រីក​ប្រតិបត្តិការ​របស់​ពួក​គេ​»។​

ធនាគារ ABA Bank នឹង​ក្លាយជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ CSX ទី​៨​ ហើយ​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ចេញ​លក់​​មូលបត្រ​បំណុល​ទី៣​ បន្ទាប់​ពី​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ Hattha Kaksekar Limited (HKL) និង​ LOLC។​

គិត​ត្រឹម​ថ្ងៃ​ទី​ ៣១​ ខែ​ឧសភា ឆ្នាំ​​២០១៩ ទ្រព្យ​សកម្ម​របស់​ធនាគារ​ ABA​ Bank មាន​ចំនួន​​ ៣,៣៦ ​ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ធនាគារ​នេះ​ក្លាយ​ជា​ធនាគារ​ឈាន​មុខ​គេ​ទី​៣ នៅ​ក្នុង​​ប្រទេស​​ កម្ពុជា​៕​LA​