ភ្នំពេញៈ ធនាគារ ABA Bank ដែលចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ពីប្រតិបត្តិការអាជីវកម្មល្អប្រសើរនៅត្រីមាសទី ១ ឆ្នាំនេះ បើទោះបីជំងឺកូវីដ ១៩ កំពុងគំរាមកំហែងដល់សេដ្ឋកិច្ចក៏ដោយ។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលផ្ញើទៅ CSX កាលពីថ្ងៃទី ១ ខែមិថុនា បានឲ្យដឹងថា គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២០ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើង ៥,៧ ភាគរយ ធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០១៩ ស្មើនឹង ៤,៦ ពាន់លានដុល្លារ។ ផលបត្រប្រាក់បញ្ញើបានកើនដល់ ៣,៥ ពាន់លានដុល្លារដែលតំណាងឲ្យកំណើន ១,៧ ភាគរយ និងផលបត្រកម្ចីសរុបកើនឡើងដល់ ៣ ពាន់លានដុល្លារ ដែលតំណាងឲ្យកំណើន ៨,៤ ភាគរយ ធៀបនឹងចុងឆ្នាំ ២០១៩។
ទាក់ទងនឹងប្រាក់ចំណេញ ធនាគារទទួលបានប្រាក់ចំណេញសុទ្ធ ៣៣,៥ លានដុល្លារ កាលពីត្រីមាសទី ១ ឆ្នាំ ២០២០ ខណៈដែលភាគហ៊ុនរបស់ភាគទុនិករបស់ធនាគារនេះក៏បានកើនឡើងដល់ ៦៥០ លានដុល្លារនៅក្នុងអំឡុងពេលនេះ។
លោក Yves Jacquot ប្រធាន ABA បានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ ២០២០ មកបរិយាកាសអាជីវកម្មមានការប្រែប្រួលខ្លាំង ដោយសារការរីករាលដាលជំងឺកូវីដ ១៩ ទូទាំងពិភពលោក។ ដោយសារការធ្វើសមាហរណកម្មក្នុងទីផ្សារពិភពលោកកម្ពុជាក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។
ជាមួយគ្នានេះលោកឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាក៏កំពុងអនុវត្តសកម្មភាព និងគំនិតផ្តួចផ្ដើមជាច្រើនដើម្បីគាំទ្រដល់ក្រុមហ៊ុន ជាពិសេសវិស័យហិរញ្ញវត្ថុ។ ពិតហើយធនាគារជាតិនៃកម្ពុជាបានចេញសារាចរមួយកាលពីខែមីនា ស្ដីពីការផ្ដល់ពេលវេលាអនុគ្រោះ និងការរៀបចំឥណទានឡើងវិញចំពោះក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «យើងមានការយល់ដឹងយ៉ាងច្បាស់អំពីតួនាទីរបស់យើងក្នុងការគាំទ្រសេដ្ឋកិច្ចក្នុងស្រុក ធនាគារ ABA បានអនុវត្តតាមការណែនាំទាក់ទងនឹងការជួយដល់អតិថិជនរបស់ខ្លួនដែលភាគច្រើននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងសហគ្រាសធុនតូច និងមធ្យម ដើម្បីឆ្លងផុតវិបត្តិនេះ។ ទោះបីពេលវេលាមិនច្បាស់លាស់ក៏ធនាគារ ABA បានបន្តរីកចម្រើននៅក្នុងវិស័យសំខាន់ៗទាំងអស់ដែលរួមមានទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងកម្ចី ព្រមទាំងប្រាក់ចំណេញ»។
ធនាគារ ABA បានចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួនលើផ្សារហ៊ុន CSX កាលពីខែធ្នូ ឆ្នាំ ២០១៩។ កាលពីខែកុម្ភៈធនាគារបានផ្ទេរដោយពេញលេញនូវការទូទាត់អត្រាការប្រាក់ដំបូងដល់អ្នកកាន់កាប់សញ្ញាបណ្ណសាជីវកម្មរបស់ខ្លួន។ ជារួមក្រុមវិនិយោគិន ៦៨ នាក់បានទទួលអត្រាការប្រាក់ជិត ៣,៣ ពាន់លានរៀល។
លោក Yves Jacquot បានឲ្យដឹងថា ទោះបីជាសេដ្ឋកិច្ចកំពុងធ្លាក់ចុះក៏ដោយ ក៏ធនាគារ ABA បន្តអនុវត្តយុទ្ធសាស្ដ្រអាជីវកម្មរបស់ខ្លួនដោយផ្តោតការយកចិត្តទុកដាក់លើផលិតផលហិរញ្ញវត្ថុឌីជីថល ព្រមទាំងលើឥណទានសម្រាប់ការវិនិយោគដល់ក្រុមហ៊ុននៅក្នុងវិស័យពិតប្រាកដនៃសេដ្ឋកិច្ចនេះ៕ LA