ភ្នំពេញ៖ ACLEDA MFI Myanmar ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​គ្រប់គ្រង​ដោយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី របស់​កម្ពុជា នៅ​តែ​បន្ត​ប្រតិបត្តិការ​ជា​ធម្មតា ទោះបី​ជា​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​គ្រាអាសន្ន​រយៈពេល ១ ឆ្នាំ​ក៏​ដោយ។ នេះ​បើ​យោង​តាម​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បានបញ្ជាក់​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍។

រដ្ឋាភិបាល​ថ្មី​កាន់កាប់​ដោយ​យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា បាន​សន្យា​ថា ខ្លួន​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ផ្សេង​ទៀត និង​ផ្ដល់​សិទ្ធិ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ចំពោះ​គណបក្ស​នយោបាយ​ដែល​ឈ្នះ​ឆ្នោត។ ការ​សន្យា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​សេចក្ដី​ប្រកាស​មួយ​ដោយ​អគ្គមេបញ្ជាការ​ក្រសួងការពារជាតិ​កាល​ពី​ថ្ងៃទី ១ ខែកុម្ភៈ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន ​AFP។

សេចក្ដី​ប្រកាស​របស់​ខ្លួន​បាន​ដាក់​បញ្ចូល​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​សហភាព​បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​កំហុស​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​លទ្ធផល​ការ​បោះឆ្នោត​ទូទៅ​កាល​ពី​ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២០។

លោក អ៊ិន ចាន់នី បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន​បុត្រសម្ព័ន្ធ Acleda MFI Myanmar របស់​លោក​មិន​បាន​ផ្អាក​ដោយសារ​តែ​ការ​បារម្ភ​អំពី​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​នោះ​ទេ ខណៈ​ដែល​សកម្មភាព​អាជីវកម្ម​តូចៗ កំពុង​ប្រតិបត្តិការ​ជា​ធម្មតា។

លោក​បញ្ជាក់៖ «ពិត​ហើយ កាល​ពី​ថ្ងៃ​ចន្ទ[ទី១ ខែ​កុម្ភៈ] ធនាគារ​មួយ​ចំនួន​ត្រូវ​បិទ​អាជីវកម្ម​របស់​ខ្លួន ហើយ​ប្រជាជន​បាន​នាំ​គ្នា​ទៅ​ដក​ប្រាក់​ពី​ធនាគារ»។

លោក​បន្ត​ថា៖ «ប៉ុន្តែ​ប្រតិបត្តិការ​អាជីវកម្ម​របស់​យើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា គឺ​មីក្រូហិរញ្ញវត្ថុ​មិនមែន​ជា​ធនាគារ​ទេ។ យើង​មិន​ផ្ដល់​សេវាកម្ម​ច្រើន​ដូចជា​ធនាគារ​នោះទេ ដោយសារ​តែ​យើង​ផ្ដល់​កម្ចី​ខ្នាត​តូចៗ​ដល់​អាជីវកម្ម​ខ្នាត​តូច​ដែល​មិនមែន​ជា​សហគ្រាស​ធុន​តូច និង​មធ្យម​ទេ។ រហូត​មក​ដល់​ពេល​នេះ យើង​នៅ​បន្ត​ការ​ផ្ដល់​កម្ចី និង​ទទួល​ការ​បង់​ប្រាក់​កម្ចី​ជា​ធម្មតា»។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា សកម្មភាព​អាជីវកម្ម​កំពុង​ប្រតិបត្តិការ​ជា​ធម្មតា ខណៈ​ដែល​យើង​នៅ​តែ​ផ្ដល់​កម្ចី ហើយ​ប្រជាជន​នៅ​តែ​ចូល​មក​ធ្វើ​ការ​ទូទាត់ ដោយសារ​តែ​យើង​បាន​ផ្ដល់​កម្ចី​ខ្នាត​តូច ​ដើម្បី​គាំទ្រ​ដល់​អាជីវ​កម្ម​ខ្នាតតូច​សម្រាប់​ប្រជាជន ដូច្នេះ​យើង​មិន​ទទួល​រង​ផល​ប៉ះពាល់​នោះ​ទេ»។

ACLEDA MFI Myanmar ត្រូវ​បាន​ផ្ដល់​វិញ្ញាបនបត្រ​សាជីវកម្ម​លេខ ៩៦ FC ឆ្នាំ ២០១២-២០១៣ ដោយ​នាយកដ្ឋាន​រដ្ឋបាល​វិនិយោគ និង​ក្រុមហ៊ុន​របស់​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១២ និង​បាន​ទទួល​អាជ្ញាប័ណ្ណ ​ដើម្បី​អនុវត្ត​អាជីវកម្ម​មីក្រូហិរញ្ញវត្ថុ​ជា​ឥណទាន និង​ការ​ទទួលប្រាក់​បញ្ញើ​ចាប់​តាំង​ពី​ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ និង​បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​ចាប់​តាំង​ពី​ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៣។

លោក អ៊ិន ចាន់នី បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ចុងខែ​មករា ឆ្នាំ ​២០២១ Acleda MFI Mymana បាន​បញ្ចេញ​ទឹក​ប្រាក់ ៤៣ លាន​ដុល្លារ ​ដល់​អតិថិជន​ជាង ១០២ ០០០ នាក់។

លោក​លើក​ឡើង​ថា Acleda MFI Mymana ចុះ​បញ្ជី​ដើម​ទុន ២០ លាន​ដុល្លារ ដែល​ជា​ចំនួន​តិចតួច​បំផុត ឬ​តិច​ជាង ១ ភាគរយ​នៃ​ដើម​ទុន​របស់​ក្រុមហ៊ុន​មេ ខណៈ​ដែល​ប្រាក់​សន្សំ​ពី​អតិថិជន​មាន​ចំនួន ៨ លាន​ដុល្លារ។

គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ ២០២១ ACLEDA MFI Myanmar មាន​សាខា​ប្រតិបត្តិការ​ចំនួន ១៦ ក្នុង​នោះ​សាខា​ចំនួន ៦ នៅ​តំបន់​ទីក្រុង​យ៉ាំងហ្គោន ​ដែល​ជា​ទីក្រុង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដ៏​សំខាន់ ខណៈ​សាខា ៧ នៅ​តំបន់​បាហ្គោ សាខា​មួយ​នៅ​រដ្ឋ​មន និង​សាខា ២ ទៀត​នៅ​ក្នុង​តំបន់ ​Magway៕LA