ភ្នំពេញៈ ការប្រកាស​ផ្ដល់​មូលនិធិ​ ៤០ ​លាន​ដុល្លារ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ដល់​ប្រទេស​កម្ពុជា​ថ្មីៗ​នេះ​ជា​មូលនិធិ​ដំបូង​ពី​មូលនិធិ​បរិយាកាស​បៃតង (Green Climate Fund) សម្រាប់​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​មន្ដ្រី ADB​។

ប្រាក់​ដែល​ជា​ជំនួយ​ឥតសំណង ៣០ ​លាន​ដុល្លារ និង​កម្ចីសម្បទាន​ ១០ ​លាន​ដុល្លារ​នឹង​ផ្ដល់​ទៅលើ «​គម្រោង​កសិពាណិជ្ជកម្ម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​»​។ នេះ​បើ​តាម​លោក Srinivasan Ancha ប្រធាន​អ្នក​ឯកទេស​ខាង​ការប្រែប្រួល​អាកាសធាតុ​នៅ​អង្គការ​នេះ​។

លោក Srinivasan ថ្លែង​ថា​៖ «​ចំនួន​នេះ​នឹង​ត្រូវ​ប្រើប្រាស់​​ដើម្បី​លើក​កម្ពស់​ការ​ធន់​នឹង​​អាកាសធាតុ​នៃ​ចង្វាក់​តម្លៃ​កសិពាណិជ្ជកម្ម​តាម​ខេត្ត​ដែល​ជ្រើសរើស​»​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ជា​អ្នក​ទទួល​ប្រាក់​នេះ​។

គម្រោង​រយៈពេល​ ៦ ​ឆ្នាំ​នេះ​នឹង​ចូលរួម​ដោយ​ក្រសួង​កសិកម្ម ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​។ នេះ​បើ​តាម​លោក Srinivasan ​។ លោក​បាន​ថ្លែង​ថា គម្រោង​នេះ​មាន​បំណង​ក្នុង​ការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​នៃ​វិស័យ​កសិកម្ម​របស់​កម្ពុជា ដោយ​បង្កើន​ផលិតភាព និង​ការបង្កើន​ប្រសិទ្ធភាព​។

កម្ពុជា​ត្រូវ​បាន​ផ្ដល់​ចំណាត់ថ្នាក់​ជា​ប្រទេស​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​ទទួល​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ដោយ​សេដ្ឋកិច្ច និង​ប្រជាជន​របស់​កម្ពុជា​ងាយ​ទទួល​រង​ដោយសារ​គ្រោះ​មហន្តរាយ​ទាក់ទង​នឹង​អាកាសធាតុ​។

ADB និង​មូលនិធិ Green Climate Fund ជា​អង្គការ​ផ្ដល់​មូលនិធិ​អន្តរជាតិ​ ២ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​កាលពី​ខែ​សីហា ឆ្នាំ​ ២០១៧ ដែល​អនុញ្ញាត​ឲ្យ​ធនាគារ​នេះ​ប្រើប្រាស់​ធនធាន​របស់​មូលនិធិ​នេះ​ដើម្បី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​៕ LA