ភ្នំពេញ: ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ​បាន​ប្រកាស​ថា​នឹង​ផ្តល់​កម្ចី​ជាង​ ១ ​ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​លើ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​ (CPS) ​ថ្មី​មួយ​រយៈពេល​ ៥ ​ឆ្នាំ​ សម្រាប់​ជួយ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សុក្រ ស្ថិត​ក្រោម​យុទ្ធសាស្ត្រ ឆ្នាំ​ ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី​នឹង​ផ្តល់​ថវិកា ១,៤៥ ​ពាន់​លាន​ដុល្លារ​ ក្នុង​ទម្រង់​ជា​ឥណទាន​សម្បទាន ហិរញ្ញប្បទាន​ឥតសំណង និង​ជំនួយ​បច្ចេកទេស​សម្រាប់​វិស័យ​កសិកម្ម និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ កែលម្អ​លក្ខខណ្ឌ​ជីវភាព​រស់នៅក្នុង​តំបន់​ទីក្រុង និង​តំបន់​ជនបទ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​កកើត​ឡើងវិញ និង​ការអភិវឌ្ឍ​វិស័យ​អប់រំ និង​ជំនាញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ការគាំទ្រ​ដល់​កំណែទម្រង់ វិស័យ​សាធារណៈ និង​ការកែលម្អ​សមត្ថភាព​ស្ថាប័ន​នឹង​នៅតែ​បន្ត​យកចិត្ត​ទុកដាក់​ជា​ចម្បង​របស់​កម្មវិធី ADB​។

លោកស្រី Sunniya Durrani-Jamal នាយិកា​ ADB ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា​៖ «​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​ថ្មី​របស់​យើង​នឹង​គាំទ្រ​ដល់​គោលដៅ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្កើន​ភាព​ប្រកួតប្រជែង និង​ពិពិធកម្ម​ប្រភព​ដែល​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ការជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន ការកសាង​ឲ្យ​មាន​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ និង​ការពន្លឿន​កំណែទម្រង់​អភិបាលកិច្ច​»​។

យោងតាម ADB ជា​មធ្យម​សេដ្ឋកិច្ច កម្ពុជា​កើនឡើង​ ៨ ​ភាគរយ ​ពី​ឆ្នាំ​ ១៩៩៩-២០១៨ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​ក្នុងចំណោម​បណ្តា​ប្រទេស​នានា​ដែល​មាន​ការរីកចម្រើន​រហ័ស​បំផុត​នៅក្នុង​ពិភពលោក​។ ប្រាក់ចំណូល​ដុល​ជាតិ​ក្នុង​មនុស្ស​ម្នាក់​បាន​កើនឡើង​ពី ២៩០ ​ដុល្លារ​ ក្នុង​ឆ្នាំ​ ១៩៩៨ ដល់ ១ ៣៨០ ដុល្លារ ក្នុង​ឆ្នាំ​ ២០១៨​។

ទោះបី​យ៉ាងនេះ​ក្តី​ក៏​នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​រួមមាន​ភាពក្រីក្រ​ក្នុងចំណោម​ស្ត្រី​ជា​មេ​គ្រួសារ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ងាយ​រងគ្រោះ​ពិសេស ការងារ​គ្មាន​សុវត្ថិភាព​។

ទន្ទឹមនេះ​កម្ពុជា​ក៏​ប្រឈម​នឹង​ភាពមិន​ច្បាស់លាស់​នៃ​បរិយាកាស​ពាណិជ្ជកម្ម​សកល ព្រមទាំង​កំណើន​នៃ​ការប្រកួតប្រជែង​ក្នុង​តំបន់​ផងដែរ​។ នេះ​បើ​តាម ADB​។ សេចក្តីប្រកាស​ព័ត៌មាន​៖ «​កិច្ចខិតខំ​ក្នុងការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ទៅក្នុង​វិស័យ​សេវាកម្ម និង​ផលិតកម្ម​បាន​និង​កំពុង​រង​ការរាំងស្ទះ ដោយសារ​កង្វះ​កម្មករ​ជំនាញ​ចន្លោះ​ប្រហោង​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និង​ឡូជីស្ទីក ព្រមទាំង​ដំណើរការ​ធុរកិច្ច​ខ្វះ​តម្លាភាព​»​។

លោកស្រី Sunniya Durrani-Jamal បាន​ឲ្យ​ដឹងថា យុទ្ធសាស្ត្រ​នេះ​នឹង​ជួយ​បង្កើត​ឱកាស​ការងារ​កាន់តែ​ល្អប្រសើរ សម្រាប់​ពលរដ្ឋ​កម្ពុជា​តាមរយៈ​ការវិនិយោគ​ទៅលើ​ការអប់រំ ជំនាញ និង​ការរៀនសូត្រ​ពេញ​មួយជីវិត​របស់​ពួកគេ​។

តាម​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​កាលពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ទំហំ​ការខ្ចី​ប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍ ១ ៩២៧ លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​ ២០២០​។ ការកំណត់​ពិតាន​ប្រាក់កម្ចី​ថ្មី​នេះ​នឹង​អាច​ឲ្យ​រដ្ឋាភិបាល​ចុះហត្ថលេខា​ខ្ចីប្រាក់​លើ​គម្រោង​ចំនួន​ ២៩ ក្នុងចំណោម​គម្រោង​សរុប ៣២ ដែល​គ្រោង​ខ្ចី​ពី​ធនាគារ​ពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ និង​ប្រទេស​ ចិន ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ​ជាដើម​។

គិត​ត្រឹម​ដំណាច់​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០១៩ បំណុល​សាធារណៈ​ក្រៅប្រទេស​របស់​កម្ពុជា​សរុប ៧ ២៦៤ លាន​ដុល្លារ ក្នុងនោះ​ការទទួល​បាន​កម្ចី​ដោយ​ពហុភាគី​ ២៨,២ ​ភាគរយ និង​ចិន ៤៨,៨ ​ភាគរយ​៕LA