ភ្នំពេញ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាថានឹងបន្តជួយគាំទ្រកម្ពុជាទាំងហិរញ្ញវត្ថុ និងបច្ចេកទេសលើគម្រោងអភិវឌ្ឍន៍កសិកម្មឆ្នាំ ២០២១-២០២៣ ដើម្បីរួមចំណែកបង្កើនវិស័យកសិកម្មឲ្យទៅលក្ខណៈពាណិជ្ជកម្ម និងបំពេញតម្រូវការទីផ្សារ។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីសប្តាហ៍មុនលោក Jiangfeng Zhang នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំអាស៊ីអាគ្នេយ៍ទទួលបន្ទុកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្មបានថ្លែងថា ADB នឹងគាំទ្រគម្រោងអភិវឌ្ឍន៍កសិកម្មឆ្នាំ ២០២១-២០២៣ ដែលផែនការយុទ្ធសាស្ត្រនេះផ្តោតលើការកែទម្រង់តាមរយៈការធ្វើទំនើបកម្មកសិកម្ម យន្តបនីយកម្មកសិកម្ម ពិពិធកម្មកសិកម្ម វារីវប្បកម្ម ការកែច្នៃ និងវេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព។ លោកថ្លែងថា៖ «ADB ក៏នឹងគាំទ្រដល់វិស័យផលិតកម្មសត្វ សុខភាពសត្វជាមួយនឹងកម្មវិធីថ្មីដែលគម្រោងនឹងអនុវត្តក្នុងឆ្នាំ ២០២១ ដើម្បីគ្រប់គ្រងការពារជំងឺឆ្លងពីមនុស្សមកសត្វពីសត្វមកមនុស្ស»។
លោកបានឲ្យដឹងទៀតថា៖ «គម្រោងនេះក៏នឹងផ្តល់ប្រាក់កម្ចីដល់សហគមន៍ និងសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីបំពេញខ្សែចង្វាក់ផលិតកម្ម និងបង្កើនតម្លៃបន្ថែមលើផលិតផលកសិកម្ម»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ADB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញវត្ថុ បច្ចេកទេស និងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ADB នឹងបន្តផ្តល់ការគាំទ្រពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដល់ក្រសួងកសិកម្ម ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព ឆ្លើយតបទៅនឹងបរិបទកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០៣០ និង ២០៥០»។
លោកស្រី តុង ចាន់ធាង នាយិកាអង្គការសេដាកបានឲ្យដឹងថាតាមរយៈគម្រោងធុរកិច្ចកសិកម្មក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលគម្រោងនេះបានគាំទ្រដល់ការធ្វើឲ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ឃ្លាំងស្តុកផលិតផលកសិកម្ម និងការរកទីផ្សារឲ្យកសិករ។
លោកស្រីថ្លែងថា៖ «ក្រោមជំនួយរបស់ ADB បានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជារួមមាន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងបណ្តាញអគ្គិសនីជាដើម»។
គិតត្រឹមឆ្នាំ ២០១៩ ADB បានផ្តល់កម្ចីជំនួយឥតសំណង និងជំនួយបច្ចេកទេសសរុប ១,៤៥ ពាន់លានដុល្លារដល់ប្រទេស កម្ពុជា។
បើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីឆ្នាំ ២០១៩ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៥,៤ លានតោនរួមមានអង្ករ ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ស្វាយ ម្រេច និងបន្លែ ជាដើម៕