ភ្នំពេញៈ ដោយសារតែការរីករាលដាលកូវីដ ១៩ ជុំវិញពិភពលោក និងក្នុងតំបន់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា កម្ពុជាជាប្រទេសមួយដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតដល់សេដ្ឋកិច្ចរបស់ខ្លួនធៀបនឹងបណ្ដារដ្ឋជាសមាជិកអាស៊ាន ៩ ផ្សេងទៀត។
ADB កាលពីដើមខែនេះបានប៉ាន់ប្រមាណថា កម្ពុជានឹងខាតបង់ជាង ៣៩០ លានដុល្លារ លើផលប៉ះពាល់ដោយសារតែការរីករាលដាលកូវីដ ១៩ ឬធ្លាក់ចុះ ១,៥៩ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំនេះ ដែលបណ្ដាលឲ្យប្រទេសនេះជាប្រទេសមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចខ្លាំងបំផុតដែលបានបង្កឡើងដោយការរីករាលដាលកូវីដ ១៩ ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត។
រដ្ឋាភិបាលបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះមកនៅត្រឹម ៦,១ ភាគរយ ពីការព្យាករលើកមុនរបស់ខ្លួន ៦,៥ ភាគរយ ដោយសារការរីករាលដាលកូវីដ ១៩ ការប្រែប្រួលអាកាសធាតុ និងភូមិសាស្ដ្រនយោបាយ។
ADB សង្ខេបផលប៉ះពាល់លើសេដ្ឋកិច្ចដោយសារតែការរីករាលដាលកូវីដ ១៩ លើប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី ដោយសារតែការរីករាលដាលកូវីដ ១៩ ក្នុងនោះប្រទេសថៃនឹងខាតបង់ ៥ ៦០១ លានដុល្លារអាមេរិក ឬធ្លាក់ចុះ ១,១១ ភាគរយនៃ GDP ប្រទេស សិង្ហបុរី (១ ០៤៧ លានដុល្លារ ឬដក ០,៥៧ នៃ GDP) វៀតណាម (១០១២ លានដុល្លារ ឬដក ០,៤១ នៃ GDP) ប្រទេស ឡាវ (៣៩,២៧ លានដុល្លារ ឬដក ០,២២ ភាគរយនៃ GDP) ប្រទេសម៉ាឡេស៊ី (៨៣០ លានដុល្លារ ឬដក ០,២៣ ភាគរយនៃ GDP) ប្រទេស ហ្វីលីពីន (៩៨៩ លានដុល្លារ ឬដក ០,៣ ភាគរយនៃ GDP) ប្រទេស ឥណ្ឌូនេស៊ី (២ ២៦៣ លានដុល្លារ ឬដក ០,២២ ភាគរយនៃ GDP) និងប្រទេស ប្រ៊ុយណេ (២៨ លានដុល្លារ ឬដក ០,២១ ភាគរយនៃ GDP)។
ADB បានឲ្យដឹងថា ផលប៉ះពាល់លើពិភពលោកចាប់ពី ៧៧ ពាន់លានដុល្លារ ទៅ ៣៤៧ ពាន់លានដុល្លារក្នុងនោះសាធារណរដ្ឋប្រជាមានិតចិនមានចំនួន ២ ភាគ ៣ នៃចំនួនសរុប។
ADB បានបន្តថា ការរីករាលដាលកូវីដ ១៩ ជាបន្តប៉ះពាល់ដល់សាធារណរដ្ឋប្រជាមានិតចិន និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតតាមរយៈបណ្ដាញជាច្រើនដែលរួមមានការធ្លាក់ចុះយ៉ាងខ្លាំងផ្នែកតម្រូវការក្នុងស្រុក ទេសចរណ៍ និងការធ្វើដំណើរអាជីវកម្មកាន់តែទាប ទំនាក់ទំនងពាណិជ្ជកម្ម និងការផលិតការរំខានការផ្គង់ផ្គង់ និងផលប៉ះពាល់ផ្នែកសុខភាព។
កាលពីឆ្នាំ ២០១៨ ប្រាក់ចំណូលបានពីទេសចរណ៍អន្តរជាតិបានកើនឡើង ២០,៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៧។ ប្រាក់ចំណូលទេសចរណ៍រួមចំណែកប្រហែល ១២,១ ភាគរយ ដល់ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ នេះបើយោងតាមក្រសួងទេសចរណ៍។
របាយការណ៍បានឲ្យដឹងថា វិស័យទេសចរណ៍កម្ពុជារកបានប្រាក់ចំណូល ៤,៩១ ពាន់លានដុល្លារ កាលពីឆ្នាំមុនកើនឡើង ១២,៤ ភាគរយ ធៀបនឹង ៤,៣៧ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យដឹងកាលពីសប្ដាហ៍មុនថា ភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាបានធ្លាក់ចុះ ដោយការរីករាលដាលកូវីដ ១៩។ លោកបន្តថា រហូតមកដល់ពេលនេះសណ្ឋាគារ ៤១ បានបិទទ្វារ (ជាបណ្ដោះអាសន្ន ឬអចិន្រៃ្តយ៍) នៅខេត្តសៀមរាបដែលបណ្ដាលឲ្យបាត់បង់ការងារចំនួន ២០១៤ នាក់ ចាប់តាំងពីការរីករាលដាលបានចាប់ផ្ដើម។
លោក តុប សុភ័ក បានថ្លែងថា៖ «យើងប៉ាន់ប្រមាណថា ចំនួននៃការបាត់បង់ការងារនឹងកើនឡើងនៅក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយនៅខែនេះ ដោយសារតែក្រុមហ៊ុនទេសចរណ៍ជាច្រើននឹងបិទទ្វារទាំងស្រុង»។
បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនកំពុងឆ្លើយតបនឹងការរីករាលដាលកូវីដ ១៩ រួចហើយតាមមធ្យោបាយផ្សេងៗ។ រដ្ឋាភិបាលជាច្រើនបានប្រមូលកម្លាំងពិសេសអន្តរភ្នាក់ងារ និងយន្តការសម្របសម្រួលផ្សេងទៀត ដើម្បីធានាការឆ្លើយតបប្រកបដោយការចុះសម្រុងគ្នា។ នេះបើយោងតាម ADB។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីដើមខែនេះបានឲ្យដឹងថា រដ្ឋាភិបាលបានលៃទុកប្រាក់ចន្លោះពី ៨០០ លានដុល្លារ ទៅ ២ ពាន់លានដុល្លារ ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច ដោយសារតែការរីករាលដាលកូវីដ ១៩ ដែលរួមទាំង ៣០ លានដុល្លារ ដើម្បីផ្ដល់ហិរញ្ញប្បទានក្នុងការគាំទ្រដល់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកូវីដ ១៩៕LA